JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា


រាជធានី​ភ្នំពេញ ៖ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់​ប្រាក់​កម្ចី ៥០ លាន​ដុល្លារ​អា​មេ​រិ​ក ជាមួយ ហត្ថា​កសិករ លីមីត​ធី​ត ដែល​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ឈានមុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​មូល​និធិ​គាំទ្រ​ដល់​សហគ្រាស​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​នៅ​តាម​ជនបទ​ក្នុង​ប្រទេស ។

កិច្ចព្រមព្រៀង​ផ្តល់​ប្រាក់​កម្ចី​នេះ គឺជា​ទឡ្ហីករណ៍​មួយ​បង្ហាញ​ពី​ទំនុកចិត្ត​ខ្ពស់ និង​ភាព​ជឿជាក់​មក​លើ​ភាពរឹងមាំ​របស់ ហត្ថា​កសិករ លីមីត​ធី​ត ក្នុង​ការ​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​សហគ្រាស​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​នៅ​តាម​ទី​ជនបទ​ឲ្យ​កាន់តែ​មាន​ភាព​ទូលំទូលាយ ជាង​មុន ។

យោង​តាម​ការ​ចុះ​ផ្សាយ​ព័ត៌មាន​របស់ JICA ប្រាក់​កម្ចី​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ជួយ​គាំទ្រ​ដល់​សហគ្រាស​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​ឲ្យ​កាន់តែ​រីក​ចម្រើន បង្កើត​ឱកាស​ការងារ ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បរិ​យា​ប័ន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​នៅ​តាម​បណ្តា​តំបន់​ជនបទ ព្រមទាំង​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ភាព​ខុស​គ្នា​នៃ​កម្រិត​ជីវភាព​ក្នុង​តំបន់​នានា​នៃ​ប្រទេស​កម្ពុជា ។

អ្វី​ដែល​សំខាន់​បំផុត​នោះ ការ​រីក​ចម្រើន​របស់​សហគ្រាស​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​លើកកម្ពស់​ស្ត្រី ។ ដូច្នេះ​ប្រាក់​កម្ចី​នេះ មិន​ត្រឹមតែ​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ដល់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ចំណុច​ទី ៨ ៩ និង ១៧ ផង​ដែរ ។

ហត្ថា​កសិករ លីមីត​ធី​ត គឺជា​បុត្រ​សម្ព័ន្ធ​ធនាគារ​អយុធ្យា (​ក្រុង​ស្រ៊ី​) ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​លំដាប់​ទី​៥ នៃ​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៍ និង​ជា​សមាជិក​របស់ MUFG ដែល​ជា​សម្ព័ន្ធ​ធនាគារ​ធំ​ជាងគេ​នៅ​ប្រទេស​ជប៉ុន និង​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក ។

បច្ចុប្បន្ន​នេះ ៨២% នៃ​អតិថិជន​របស់ ហត្ថា​កសិករ លីមីត​ធី​ត គឺ​មក​ពី​តំបន់​ជនបទ និង ៦១% នៃ​ឥណទាន​ត្រូវ​បាន​ផ្តល់​ជូន​ទៅ​ឲ្យ​អតិថិជន​ជា​ស្ត្រី ។ ដូចនេះ​ហើយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​អតិថិជន លើ​សេវា​ហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត មាន​ការិយាល័យ​សាខា​ចំនួន ១៧៧ នៅ​ទូ​ទាំង​ប្រទេស ដើម្បី​ផ្តល់​ជូន​នូវ​ភាពល្អ​ប្រសើរ​នៃ​បរិ​យា​ប័ន​ហិរញ្ញវត្ថុ និង​សេវា​ហិរញ្ញ​វត្ថុ​ដ៏​សម្បូរ​បែប​រួម​មាន​សេវា​ឥណទាន សេវា​ប្រាក់​បញ្ញើ​សន្សំ សេវា​ផ្ទេរ​ប្រាក់​ក្នុងស្រុក សេវា​បើកប្រាក់​បៀរ​វត្ស សេវា​អេ​ធី​អ៊ឹម (ATM) និង សេវា​ធនាគារ​ចល័ត ដល់​សហគ្រាស​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម និង​អតិថិជន​ផ្សេង​ៗ​ទៀត នៅ​ទូ​ទាំង ២៥ ខេត្ត​/​ក្រុង ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ