កូវីដ១៩ឆក់យកជីវិត​វីរបុរសក្លិប Real Madrid ម្នាក់​


វីរបុរស​ក្លិប Real Madrid លោក Goyo Benito បាន​ទទួលមរណភាព​កាលពី​ម្សិលមិញ​ក្នុង​វ័យ​៧៣​ឆ្នាំ បន្ទាប់​ពី​បាន​ឆ្លង​វីរុស Covid-19 ។

លោក Goyo Benito គឺជា​ខ្សែការពារ​ដ៏​រឹង​មាំ​ម្នាក់​របស់ Real Madrid នៅ​ចន្លោះ​ឆ្នាំ ១៩៦៩ និង ១៩៨២ ដែល​បាន​បង្ហាញខ្លួន ៤២០​ប្រកួត​សម្រាប់​ក្រុម​ឈុត​ធំ​ក្នុងអំឡុងពេល​នោះ ។

ខ្សែការពារ​កណ្តាល​រូប​នេះ​បាន​ឈ្នះ​ពានរង្វាន់ La Liga ៦​លើក​និង Copas del Rey ៥​លើក​ជាមួយ​ក្លិប Real Madrid ។ លោក​ក៏​ធ្លាប់​លេង​សម្រាប់​ក្រុមបាល់ទាត់​ជម្រើស​អេ​ស្ប៉ា​ញ​ចំនួន ២២​ប្រកួត​ផង​ដែរ ។

ក្លិប Real Madrid បាន​ចូលរួម​រំលែក​ទុក្ខ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា «Real Madrid, ប្រធាន​ក្លិប និង​ក្រុមប្រឹក្សាភិបាល​សូម​សំដែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​មរណភាព​របស់​លោក Goyo Benito ដែល​ជា​វីរបុរស​ដ៏​អស្ចារ្យ​មួយ​នៃ​ប្រវត្តិសាស្ត្រ​របស់​ក្លិប​របស់​យើង​» ។

នៅ​ក្នុង​នោះ Real Madrid ក៏​បានឱ្យ​ដឹងផង​ដែរ​ថា ពួក​គេ​បាន​ជួយ​ដល់​ការ​ព្យាបាល​លោក Goyo Benito អំឡុង​ពេល​ដែល​លោក​បាន​ទទួល​រង​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​អស់​រយៈពេល​ជាង​មួយ​ទស​វត្ស​កន្លង​មក មុន​ពេល​ការ​ធ្វើតេស្ត​ឃើញ​ថា​លោក​មាន​សញ្ញា​វិជ្ជមាន​នៃ​វីរុស Covid-19 ៕ (ដកស្រង់​ចេញពី Standard)

កីឡាអន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ