ស្ត្រី​២​នាក់​អស់​លុយ​ជាង​១​ម៉ឺន​ដុល្លារ បន្ទាប់​ពី​ចេញពីផ្ទះ​បងប្អូន​ទៅ​ផ្ទះ​ខ្លួន​វិញ


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ពីរ​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង ចេញពីផ្ទះ​បងប្អូន ក៏​ត្រូវ​ក្រុម​ចោរ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ដែល​មាន​លុយ និង​គ្រឿងអលង្ការ​សរុប​ជាង​១​ម៉ឺន​ដុល្លារ​បាន​សម្រេច រួច​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​យប់ ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២០ ត្រង់​ចំណុច​ក្បែរ​ខាងក្រោយ​វិទ្យាល័យ​ជា​ស៊ី​ម សាមគ្គី តាម​បណ្ដោយ​៦៦៤ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​មានឈ្មោះ ឡឹ​ក ឆូ​វី ភេទ​ស្រី អាយុ​៥០​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត ភូមិ​ទួល​ត្របែក ឃុំ​ប្រ​សូត្រ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។

តាម​សម្តី​ពី​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ និង​ប្អូនស្រី​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CN-8078 មក​ពី​លេង​ផ្ទះ​បងប្អូន​នៅ​ស្តុ​ប​កោសដូង ក្នុង​បំណង់​ត្រឡប់​ទៅ​ផ្ទះ​នៅ​ឯ​ភូមិ​ព្រៃ​ព្រីង​វិញ ដោយ​ប្អូនស្រី​របស់​ជន​រង​គ្រោះជា​អ្នកបើកបរ​ម៉ូតូឌុប​ស្ត្រី​រង​គ្រោះ​ពីក្រោយ ហើយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៦៦៤ ទិស​ដៅ​ពី​កើត​ទៅ​លិច​។

ជន​រង​គ្រោះ​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​០១៤ មិន​ចាំ​ស្លាក​លេខ បាន​ជិះ​តាម​មក​ពីក្រោយ​ជន​រង​គ្រោះ​។ រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​របស់​ជន​រង​គ្រោះ​ដែល​ជន​រង​គ្រោះ​បាន​ឲ្យ​ប្អូនស្រី​ដែល​ជា​អ្នកបើកបរ​ស្ពាយ​ដាក់​នៅ​ខាង​មុខ បាន​សម្រេច ហើយ​ក៏​ជិះ​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​ភ្លាម​ៗ​តែ​ម្ដង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​។

ស្ត្រី​រង​គ្រោះ​បាន​បន្ត​ថា ទ្រព្យសម្បត្តិ​នៅ​ក្នុង​កាបូបស្ពាយ​ដែល​ត្រូវ​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​យក​ទៅ​នោះ មាន​លុយ​ដុល្លារ​ចំនួន​១០០​ដុល្លារ លុយ​ខ្មែរ​ជាង​១០​ម៉ឺន​រៀល កាត​វី​ង​ដែល​មាន​លុយ​ជាង​១០០០០​ដុល្លារ​មួយ​សន្លឹង គ្រឿងអលង្ការ​មាស និង​ផ្លា​ក​ទី​ន​ដែល​សរុប​ជា​ទឹក​ប្រាក់​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​ឯណោះ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​នាំ​ជន​រង​គ្រោះ រួម​ជាមួយ​ប្អូនស្រី​ជន​រង​គ្រោះ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​សាឡា​ង ដើម្បី​ដាក់​ពាក្យបណ្ដឹង​ងាយស្រួល​សមត្ថកិច្ច​ស្វែងរក​ជនសង្ស័យ ដើម្បី​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ