ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វៀន​ប្រដាល់​​​ចំនួន​3​នឹង​បើក​ការ​ប្រកួត​ឡើង​វិញ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សង្វៀន​ប្រដាល់​ចំនួន ៣ មាន ស៊ី​អិន​ស៊ី បាយ័ន និង​ថោ​ន នឹង​ចាប់​ដំណើរការ​ប្រកួត​ឡើង​វិញ​នៅ​ចុង​ស​ប្តា​ហ៍​នេះ ប៉ុន្តែ​វា​ជា​ការ​ប្រកួត​បិទទ្វារ…

រាជធានី​ភ្នំពេញ ៖ សង្វៀន​ប្រដាល់​ចំនួន ៣ មាន ស៊ី​អិន​ស៊ី បាយ័ន និង​ថោ​ន នឹង​ចាប់​ដំណើរការ​ប្រកួត​ឡើង​វិញ​នៅ​ចុង​ស​ប្តា​ហ៍​នេះ ប៉ុន្តែ​វា​ជា​ការ​ប្រកួត​បិទទ្វារ គ្មាន​អ្នក​ទស្សនា តែ​មានការ​ផ្សាយ​ផ្ទាល់ ចំណែក​សង្វៀន​ភី​អិន​អិន និង​សង្វៀន​ប៉ុស្តិ៍​លេខ​៥ នៅ​មិន​ទាន់​បើក​ការ​ប្រកួត​វិញ​ទេ ក្នុង​ពេល​សង្វៀន​អាស៊ី​អាគ្នេយ៍ កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​ជាមួយ​ម្ចាស់​ឧបត្ថម្ភ ថា​តើ​គួរ​បើក​នៅ​ពេល​នេះ​វិញ ឬ​យ៉ាងណា​។

ទោះបី​យ៉ាងណា ទាំង​សង្វៀន​ស៊ីអិន​សុី បាយ័ន និង​ថោ​ន មានការ​ផ្គូផ្គង​តែ​កីឡាករ​ខ្មែរ និង​ខ្មែរ​ប៉ុណ្ណោះ គឺ​គ្មាន​ការ​ប្រកួត​គូ​អន្តរជាតិ​នោះ​ទេ ព្រោះ​បច្ចុប្បន្ន​នេះ កម្ពុជា​បាន​សម្រេច​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​រយៈពេល ១ ខែ សម្រាប់​ភ្ញៀវ​បរទេស ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ប៉ុន្តែ​បើ​ជនបរទេស​ណា មាន​បំណង​ចូល​មក​កម្ពុជា ពួក​គេ​ត្រូវ​មាន​លិខិតបញ្ជាក់​សុខភាព និង​មាន​បណ្ណ​ធានា​រ៉ាប់រង ដែល​មាន​ទឹកប្រាក់​មិន​ក្រោម​៥​ម៉ឺន​ដុល្លារ​ឡើយ ហើយ​លក្ខខណ្ឌ​នេះ គឺ​ខាង​អ្នក​នាំ​កីឡាករ​បរទេស​មក​ប្រកួត​នៅ​កម្ពុជា មិន​អាច​ធ្វើ​បាន​នោះ​ទេ ។

ទោះបី​ការ​ប្រកួត​នេះ នឹង​ត្រូវធ្វើ​ឡើង​ដោយ​គ្មាន​វត្តមាន​កីឡាករ​បរទេស ប៉ុន្តែ​លោក នាង ស៊ី​វុ​ត្ថា
អ្នកគ្រប់គ្រង​កីឡាប្រដាល់​នៅ​សង្វៀន​បាយ័ន បាន​ប្រាប់​កាលពី​ពេល​ថ្មី​ៗ​ថា យើង​មានការ​ប្រកួត
ចំនួន​៦​កម្មវិធី ក្នុង​១​ស​ប្តា​ហ៍​ដដែល ប៉ុន្តែ​នៅ​ស​ប្តា​ហ៍​នេះ យើង​មានការ​ប្រកួត​តែ​ខ្មែរ និង​ខ្មែរ​ទេ​។
នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ សង្វៀន​បាយ័ន ដែល​មា​នទី​តាំងនៅ​ស្ទឹង​មាន​ជ័យ​នោះ មាន​កម្ម​វិធី​ប្រកួត​ច្រើន​ជាងគេ​ក្នុង​១​ស​ប្តា​ហ៍​ៗ ដោយ​មានការ​ប្រកួត​ពី​ថ្ងៃ​សុក្រ ដល់​ថ្ងៃអាទិត្យ ក្នុង​នោះ​នៅ​ថ្ងៃ​សុក្រ មាន​១​កម្មវិធី​(​ប្រដាល់​គុន​ខ្មែរ​គូ​បូ​តា​) ដោយ​ធ្វើ​ពី​ម៉ោង​៧​យប់​ដល់​ម៉ោង
៩​។ ចំណែក​នៅ​ថ្ងៃ​សៅរ៍ មានកម្ម​វិធី​ប្រកួត​គុន​ខ្មែរ​មិត្តភាព និង​គូ​ម៉ា​រ៉ា​តុង​ដណ្តើម​ប្រាក់​លាន ពី​ម៉ោង​៣​រសៀល​ដល់​ម៉ោង​៥ ហើយពី​ម៉ោង​៦​ល្ងាច ដល់​ម៉ោង​៨​យប់ ថ្ងៃ​សៅរ៍​ដដែលនេះ ជា​ការ​ប្រកួត​ប្រដាល់​របស់​ភេសជ្ជៈ Wurks​។

រីឯ​នៅ​ថ្ងៃអាទិត្យ មាន​ចំនួន​៣​កម្មវិធី គឺ​ប្រដាល់​គុន​ខ្មែរ​ស្រា​បៀរ​កម្ពុជា​ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង
១០ កម្មវិធី​ប្រកួត​ភេសជ្ជៈ Boostrong ពី​ម៉ោង ១២​ដល់​ម៉ោង​២​និង​៣០​នាទី​រសៀល និង​ការ​ប្រកួត​របស់​កម្មវិធី​ខា​រ៉ា​បាវ ពី​ម៉ោង​៦​ល្ងាច​ដល់​ម៉ោង​៨​យប់​។

ដោយឡែក លោក ម៉ា ស៊ី​ថេ​ត អ្នក​គ្រប់គ្រង​កម្មវិធី​កីឡាប្រដាល់​ប្រចាំ​នៅ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ីបាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា នៅ​ស​ប្តា​ហ៍​នេះ យើង​មានការ​ប្រកួត​៤​កម្មវិធី រវាង​កីឡាករ​ខ្មែរ និង​ខ្មែរ ក្នុង​នោះ​មានកម្ម​វិធី​កម្ពុជា​សង្វៀន​គុន​ខ្មែរ ការ​ប្រកួត​ខា​រ៉ា​បាវ​ដណ្តើម​ប្រាក់​លាន កម្មវិធី​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់ និង​កម្មវិធី​ប្រដាល់​កំពូល​អ្នក​ប្រដាល់​គុន​ខ្មែរ​ភេសជ្ជៈ​រ៉េ​ត​អាន ។

បើ​តាម​ការ​លម្អិត​ពី​លោក ម៉ា ស៊ី​ថេ​ត បាន​ឲ្យ​ដឹង​ថា សម្រាប់​កម្មវិធី​«​កម្ពុជា​សង្វៀន​គុន​ខ្មែរ​» ដែល​ធ្វើ​នៅ​ថ្ងៃ​សៅរ៍ ពី​ម៉ោង​៨ ដល់​ម៉ោង ១០​ព្រឹក មានការ​ប្រកួត​៤​គូ ឯការ​ប្រកួត​គុន​ខ្មែរ​ខា​រ៉ា​បាវ​ដណ្តើម​ប្រាក់​លាន ដែល​ធ្វើ​នៅ​ថ្ងៃ​សៅរ៍​ដែរ ពី​ម៉ោង​២​រសៀល ដល់​ម៉ោង​៤ មាន​៥​គូ ហើយ​ការ​ប្រកួត​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់ ដែល​ធ្វើ​នៅ​ថ្ងៃ​សៅរ៍ ពី​ល្ងាច​ម៉ោង​៥​និង​៥០​នាទី ដល់​ម៉ោង​៨​យប់ មាន​៤​គូ ចំណែក​ការ​ប្រកួត​កំពូល​អ្នក​ប្រដាល់​គុន​ខ្មែរ​ភេសជ្ជៈ​រ៉េ​ត​អាន ដែល​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១០ មាន​៥​គូ​។

ទន្ទឹម​ជាមួយ​គ្នា​នេះ កម្មវិធី​ប្រកួត Mas Fight Cambodia របស់​សង្វៀន​ថោ​ន ក៏​នឹង​រៀបចំ​ការ​ប្រកួត​ឡើង​វិញ​នៅ​ស​ប្តា​ហ៍​នេះ​ដែរ​។ លោក គឹ​ម ស្រ៊ុ​ន​កុសល អ្នកគ្រប់គ្រង​កម្មវិធី Mas Fight Cambodia បាន​ប្រាប់​ថា នៅ​ថ្ងៃអាទិត្យ​នេះ យើង​មានការ​ប្រកួត​ចំនួន​៦​គូ រវាង​កីឡាករ​ខ្មែរ និង​ខ្មែរ ដោយ​ធ្វើ​ចាប់ពី​ម៉ោង ៣​រសៀល​ដល់​ម៉ោង​៥​ល្ងាច​។

ទោះបី​យ៉ាងណា គិត​ត្រឹម​រសៀល​ម៉ោង​១ ថ្ងៃ​ចន្ទ​កន្លង​មកនេះ តំណាង​អ្នកគ្រប់គ្រង​សង្វៀន​ទាំង​៣ មាន​សុី​អិន​ស៊ី បាយ័ន និង​ថោ​ន ដែល​នឹង​បើក​ការ​ប្រកួត​ប្រដាល់​វិញ នៅ​ចុង​ស​ប្តា​ហ៍​នេះ នៅ​មិន​ទាន់​បាន​ផ្ញើ​លិខិតផ្លូវការ​ទៅ​កាន់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​នៅឡើយ​ទេ ហើយ​ក្រសួង​​អប់រំ យុវជន និង​កីឡា ក៏​មិន​ទាន់​បាន​ចេញ​លិខិតអនុញ្ញាត​ឲ្យ​បើក​ការ​ប្រកួត​វិញ​នោះ​ដែរ បន្ទាប់​ពី​សហព័ន្ធ​បាន​សម្រេច​ឲ្យ​គ្រប់​សង្វៀន​ប្រដាល់​ទាំងអស់ ត្រូវ​ផ្អាក​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី ២៣ ខែមីនា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ