រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានផ្អាកការប្រកួតអស់មួយសប្ដាហ៍ ដោយសារតែការភ័យខ្លាចការរីករាលដាលជំងឺឆ្លងកូវីដ-19នៅថ្ងៃសៅរ៍ ទី៤ មេសា ខាងមុខនេះ ការប្រកួតប្រដាល់ដណ្ដើមប្រាក់លាននៅសង្វៀនទូរទស្សន៍ស៊ីអិនស៊ីក្នុងកម្មវិធី«កម្ពុជា សង្វៀនគុនខ្មែរ»នឹងចាប់ផ្ដើមដំណើរការជាធម្មតាវិញហើយ តែក្នុងលក្ខខណ្ឌបិទទ្វារដោយមិនអនុញ្ញាតឱ្យមានអ្នកទស្សនាផ្ទាល់នោះទេ។
សម្រាប់គូប្រកួតដណ្ដើមប្រាក់លានរៀលនៅក្នុងសប្ដាហ៍នេះសុទ្ធតែជាជើងខ្លាំងនៅក្នុងពិភពប្រដាល់ធ្វើឱ្យមានការរំពឹងថានឹងល្អមើលជាក់ជាមិនខាន ។ កីឡាករ វង្ស វិឆ័យដែលជាជើងខ្លាំងមកពីក្លិបកងពលតូចលេខ៧០ត្រូវប៉ះជាមួយអ្នកប្រដាល់ជើងចាស់ នី សុភី មកពីក្លិបសាលវ័ន្តកីឡា ។ រវាង វង្ស វិឆ័យនិងនី សុភី សុទ្ធតែជាអ្នកប្រដាល់ចាស់វស្សាធ្លាប់មានបទពិសោធន៍ប្រកួតនៅលើសង្វៀនជាយូរឆ្នាំមកហើយ ។ ទោះជាយ៉ាងណា សម្រាប់កីឡាករ វង្ស វិឆ័យ មួយរយៈមកនេះហាក់ដូចជាឃ្លាតឆ្ងាយពីសង្វៀនប្រកួតបន្តិចហើយ មិនដូចនី សុភីនោះទេដែលត្រូវបានគេរៀបចំឱ្យឡើងសង្វៀនប្រកួតមិនសូវដែលដាច់នោះទេ ។ ការជួបគ្នាលើកនេះ បើទោះជានី សុភី ធ្លាប់យកឈ្នះជាបន្តបន្ទាប់ប៉ុន្មានប្រកួតចុងក្រោយនេះក្ដីក៏គេមិនសង្ឃឹមថា អាចក្លាយជាម្ចាស់ប្រាក់លាននៅក្នុងសប្ដាហ៍នេះដែរដោយសារវង្ស វិឆ័យ បានត្រៀមខ្លួនរួចរាល់ក្នុងការទប់ទល់ជាមួយ នី សុភី។
មួយគូទៀតកីឡាករ ឈុត សេរីវណ្ណថងមកពីក្លិបរាហូកីឡាខេត្តបាត់ដំបង ត្រូវជួបប្រកួតជាមួយកីឡាករ តាញ់ មករា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ។ ការជួបគ្នារវាងកីឡាករជើងខ្លាំងទាំងពីរនៅក្នុងព្រឹត្តិការណ៍ដណ្ដើមប្រាក់លានលើកនេះនឹងធ្វើឱ្យអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍មានចិត្តអន្ទះសារចង់ដឹងខ្លាំងណាស់ថា អ្នកណានឹងក្លាយជាម្ចាស់ប្រាក់លាន ។ អ្នកប្រដាល់វ័យក្មេងទាំងពីររូបនេះសុទ្ធតែមានចរិតឆេវឆាវ កម្លាំងខ្លាំងនិងមានល្បិចប្រយុទ្ធនៅលើសង្វៀនយ៉ាងសំបូរបែបទៀតផង ។ ដូច្នេះគូនេះមិនអាចមើលស្រាលខាងណាម្នាក់បានឡើយ មានតែរង់ចាំមើលការប្រកួតជាក់ស្ដែងប៉ុណ្ណោះ។
ចំណែកគូប្រកួតមិត្តភាពធម្មតាវិញមានកីឡាករ ពុទ្ធ សំបូរ មកពីក្លិបពុទ្ធសេរីវង្សពោធិសែនជ័យ ត្រូវប្រកួតជាមួយកីឡាករ ឃីម បូរ៉ាមកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ និងគូប្រកួតបើកឆាកកីឡាករ ធួន បួន មកពីក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១ ប្រកួតជាមួយកីឡាករ ពុទ្ធ ហាណួយ មកពីក្លិបពុទ្ធសេរីវង្សពោធិសែនជ័យ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ