ជប៉ុន​ទទួល​ការ​ខាតបង់​ច្រើន​ពី​ការ​លើក​​ពេល​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្ដៅ


រាជធានី​ភ្នំពេញ ៖ ប្រទេស​ជប៉ុន​ដែល​គ្រោង​ចំណាយ​ថវិកា​ចំនួន​១២​កោដិ​ដុល្លារ​សម្រាប់​រៀបចំ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្ដៅ​ឆ្នាំ​២០២០​នេះ ត្រូវ​ទទួល​ការ​ខាតបង់​យ៉ាងច្រើន​នៅ​ពេល​ព្រឹត្តិការណ៍​នេះ​ត្រូវ​ពន្យារពេល​ទៅ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​វិញ ។

ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​គឺជា​សិទ្ធិ​របស់​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​(IOC)តែ​ប្រទេស​​ជា​ម្ចាស់ផ្ទះ​ត្រូវ​ធានា​លើ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ សុវត្ថិភាព​នានា​ក្នុងអំឡុងពេល​នៃ​ការ​ប្រកួត ។ សំបុត្រ​សម្រាប់​ចូល​ទស្សនា​ត្រូវ​បាន​គេ​កក់ និង​ទិញ​រួច​ហើយ​ក្នុង​រង្វង់​ទឹកប្រាក់​ប្រមាណ​៧​លាន​ដុល្លារ ដែល​បញ្ហា​នេះ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​ជប៉ុន​ត្រូវ​ដោះស្រាយ​ជាមួយ​អតិថិជន​របស់​ខ្លួន​ដោយ​ការ​បង្វិលប្រាក់​សង​វិញ ឬ​ក៏​ត្រូវ​មានការ​លើកទឹកចិត្ត​ដោយឡែក​មួយ​នៅ​ពេល​ការ​ប្រកួត​ឆ្នាំ​ក្រោយ​ឈាន​មក​ដល់​នោះ ។

ផល​ប៉ះពាល់​ជាមួយ​ផ្នែក​ឯកជន​(Sponsor)​ក៏​ជា​រឿង​ឈឺក្បាល​មួយ​ដែល​ត្រូវ​ប្រឈម​ក្នុង​ការ​ដោះស្រាយ​ពិសេស​សិទ្ធិ​នៃ​ការ​លក់​ព្រឹត្តិការណ៍​នេះ​ទៅ​ឲ្យ​ទូរទស្សន៍​ក៏​មិនមែន​ជា​រឿង​សាមញ្ញ​ដែរ​នៅ​ពេល​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ពន្យារពេល​ដោយសារ​មេរោគ​ឆ្លងផ្លូវ​ដង្ហើម​ថ្មី​Covid-19​ដែល​កំពុង​តែ​រាតត្បាត​ទូ​ទាំង​ពិភពលោក​យើង​នេះ ។ ភូមិ​កីឡា​(Sport Village)​ដែល​កំពុង​សាងសង់ ដែល​ភូមិ​មួយ​នេះ​បន្ទាប់​ពី​បញ្ចប់​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​នឹង​ត្រូវ​កែសម្រួល​ឲ្យ​ទៅ​ជា ខុន​ដូ​ដើម្បី​លក់​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដែល​ពេល​នេះ​ភូមិ​កីឡា​ត្រូវ​បាន​ផ្អាក​ការ​សាងសង់​ក្នុង​ខណៈ​ដែល​បន្ទប់​ជា​ច្រើន​ត្រូវ​បាន​ប្រជាពលរដ្ឋ​កក់​លុយ​រួច​ទៅ​ហើយ​នោះ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​មាន​ប្រសាសន៍​ថា ប្រទេស​ជប៉ុន​ពិតជា​កំពុង​តែ​រង​នូវ​ផល ប៉ះពាល់​បែប​នេះ​មែន តែ​ទោះជា​យ៉ាងណា​ក៏​ដំណោះ​ស្រាយ​ត្រូវ​តែ​មាន​ដោយ​សម​ស្រប ។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០២០​នេះ​គ្រោង​សម្ពោធន៍​បើក​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​២៤ កក្កដា ឆ្នាំ​២០២០ នៅ​ពហុ​កីឡដ្ឋាន New National Stadium នាទី​ក្រុង​តូ​ក្យូ ។ ព្រឹត្តិការណ៍​នេះ​មាន​អត្ត​ព​លិ​ក​ចូលរួម​ប្រមាណ​១១.០៩១​នាក់ ប្រកួត​លើ​កីឡា​ចំនួន​៣៣​ប្រភេទ និង​មាន​ចំនួន​២២៩​វិញ្ញាសា ៕

កីឡាជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ