ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់ លំនៅឋានប្រជាពលរដ្ឋប្រមាណជាង២៤០ខ្នង នៅក្នុងខេត្តបាត់ដំបង ត្រូវបានបំភ្លេចបំផ្លាញដោយខ្យល់កន្ត្រាក់យ៉ាងគំហុកជាថ្មីទៀត តែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ដែលកើតឡើងស្ទើរព្រមៗគ្នា នៅក្នុងក្រុង និង ស្រុក ចំនួន០៦ កាលពីល្ងាចថ្ងៃទី០១ មេសា និងបណ្ដាលឲ្យពលរដ្ឋចំនួន០២នាក់ រងរបួសធ្ងន់និងស្រាល។ នេះជាលើកទី០៥ ដែលខេត្តបាត់ដំបង បានទទូលរងនូវគ្រោះមហន្តរាយដោយសារបាតុភូតធម្មជាតិ «ខ្យល់កន្ត្រាក់» ក្នុងរយៈពេលត្រិមមួយសប្ដាហ៍។
យោងតាមរបាយការណ៏ដែលកោះសន្តិភាព ទទូលបានជាបន្តបន្ទាប់ពីអាជ្ញាធរមូលដ្ឋាន និង សមត្ថកិច្ច នៅព្រឹកថ្ងៃទី០២ មេសា បានឲ្យដឹងថា ភ្លៀងដែលលាយឡំទៅដោយខ្យល់កន្ត្រាក់ដ៏គួឲ្យខ្លាចផង បានវាយប្រហារស្ទើរព្រមៗគ្នាក្នុងពេលតែមួយ កាលពីល្ងាចថ្ងៃទី០១ មេសា ទៅលើក្រុងបាត់ដំបង និង ស្រុកចំនួន០៥ទៀត ក្នុងខេត្តបាត់ដំបង ដែលនាំឲ្យមានការខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋសរុបប្រមាណជាង២៤០ខ្នង និង ធ្វើឲ្យរបួសពលរដ្ឋចំនួន០២នាក់។
របាយការណ៏ទាំងនោះបានឲ្យដឹងទៀតថា ក្រុងនិងស្រុកទាំង០៦ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ រួមមាន៖ ១- ក្រុងបាត់ដំបង ខ្យល់កន្ត្រាក់បានបំផ្លាញដើមគគីរនៅតាមដងផ្លូវនានា អស់ជាង២០ដើម ផ្ទាំងប៉ាណូ និង លំនៅឋានមួយចំនួនប៉ះពាល់ដំបូលតិចទូច តែមិនមានគ្រោះថ្នាក់មនុស្ស ឬ ខូចខាតយានយន្កឡើយ ២- ស្រុករុក្ខគិរី ខូចខាតលំនៅឋានប្រជាពលរដ្ឋអស់ចំនួន១៦ខ្នង (របើកដំបូល) ៣- ស្រុកសំពៅលូន បានប៉ះទង្កិចយ៉ាងធ្ងន់ធ្ងរទៅលើ ឃុំសន្តិភាព និង ឃុំតាស្ដា បណ្ដាឲ្យខូចខាតលំនៅឋានប្រជាពលរដ្ឋអស់ចំនួន៣៧ខ្នង (របើកដំបូល) ៤- ស្រុកគាស់ក្រឡ បានប៉ះទង្កិចទៅលើឃុំចំនួន០៥ គឺ ឃុំគាស់ក្រឡ ឃុំហប់ ឃុំធិបតី ឃុំឆ្នាល់មាន់ និង ឃុំព្រះផុស ធ្វើឲ្យលំនៅឋានប្រជាពលរដ្ឋខូចខាតអស់ចំនួន៣៩ខ្នង ក្នុងនោះមានរោងម៉ាស៊ីនកិនស្រូវ០១ខ្នងដែរ (របើកដំបូលទាំងស្រុង)។
ដោយឡែក ទី៥- ស្រុកភ្នំព្រឹក ខ្យល់កន្ត្រាក់នេះ បានវាយប្រហារទៅលើឃុំបារាំងធ្លាក់ ដែលធ្វើឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋអស់ចំនួន០៧ខ្នង (របើកដំបូល) និងពលរដ្ឋចំនួន០២នាក់ បានរងរបួសធ្ងន់ និង ស្រាល និង ៦- ស្រុកមោងឬស្សី បានប៉ះទង្កិចទៅលើឃុំចំនួន០៥ គឺឃុំមោង ឃុំគារ ឃុំរបស់មង្គល ឃុំកកោះ និង ឃុំព្រៃស្វាយ។ ស្រុកមោងឬស្សី នេះហាក់ទទូលរងនូវគ្រោះមហន្តរាយនេះ ធ្ងន់ធ្ងរជាងគេ គឺ ខូចខាតលំនៅឋានពលរដ្ឋអស់ចំនួន១១០ខ្នង ក្នុងនោះខូចខាតទាំងស្រុងអស់ចំនួន០៣ខ្នង ក្រៅពីនេះរបើកដំបូលនិងជញ្ជាំង តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។
នៅក្នុងរបាយការណ៏របស់អាជ្ញាធរក្រុង និង ស្រុក ក៏ដូចជារបាយការណ៏របស់សមត្ថកិច្ចដែលបានផ្ទៀងផ្ទាត់គ្នា ហាក់បានធ្វើការសន្និដ្ឋានអំពីស្ថានភាព នៃបាតុភូតគ្រោះធម្មជាតិដ៏សាហាវនេះប្រហាក់ប្រហែលគ្នា។ ស្ទើរគ្រប់ទីកន្លែង ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នាចុងរដូវប្រាំង ឬ ដើមរដូវវស្សាក្នុងឆ្នាំនេះ គឺហាក់បានកើតឡើងស្ទើរព្រមៗគ្នា ក្នុងពេលតែមួយ។
សេចក្ដីរាយការណ៍បានបញ្ជាក់ថា ភ្លៀង និង ខ្យល់កន្ត្រាក់ បានកើតឡើងយ៉ាងគំហុក លាយឡំនឹងផ្គរ រន្ទះ ដ៏គួឲ្យខ្លាចផង ក្នុងរយះពេលត្រិមតែប៉ុន្មាននាទីប៉ុណ្ណោះ ក៏ស្ងាប់ស្ងាត់ទៅវិញភ្លាមៗដែរ។មានការកត់សម្គាល់ដែរថា មួយសប្ដាហ៏កន្លងទៅនេះ ក្រុង និង ស្រុកមួយចំនួន នៅក្នុងខេត្តបាត់ដំបង បានរងការវាយប្រហារយ៉ាងចាស់ដៃ ជាបន្តបន្ទាប់ ដោយខ្យល់កន្ត្រាក់ ចាប់តាំងពីថ្ងៃទី២៤ មិនា រហូតដល់ថ្ងៃទី០១ មេសា គឺចំនួន០៥ លើកហើយ។
គ្រោះធម្មជាតិដ៏អាក្រក់នេះ បានធ្វើឲ្យមានការខូចខាតលំនៅឋានរបស់ប្រជាពលរដ្ឋប្រមាណជាង៣៣០ខ្នង និង ខូចខាតទាំងស្រុងចំនួន៩ខ្នង ថែមទាំងរបួសមនុស្សចំនួន០២នាក់ តែមិនមានសេចក្ដីរាយការណ៏ពីការខូចខាតផលដំណាំនឡើយទេ។ ប៉ុន្តែយ៉ាងណា នេះគ្រាន់តែជាទូរលេខបឋមតែប៉ុណ្ណោះ ដែលសមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋាន បានរាយការណ៏ ជាបន្តបន្ទាប់ក្រោយពេលជួបមហន្តរាយ។
ពាក់ព័ន្ធនឹងគ្រោះមហន្តរាយដោយបាតុភូតធម្មជាតិនាដើមរដូវរស្សានេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹង កាលពីប៉ុន្មានថ្ងៃមុននេះ ស្ដីពី «ស្ថានភាពធាតុអាកាស»។ សេចក្ដីជូនដំណឹងនេះ បានព្រមានថា ចាប់ពីថ្ងៃទី០១ -០៧ មេសា ២០២០ «ព្រះរាជាណាចក្រកម្ពុជា» នឹងទទូលរងឥទ្ធិពលពីជ្រលងសម្ពាធទាបលើផ្ទៃដី ជាមួយនឹងខ្យល់បក់មកពីសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះធ្វើឲ្យធាតុអាកាសមានលក្ខណៈ ប្រែប្រូលមិនទៀតទាត់នៅតាមបណ្ដាខេត្តនានា ដែលស្ថិតនៅតាមតំបន់នីមួយៗ។
ដោយឡែកខេត្តបាត់ដំបង រួមជាមួយនឹងបណ្ដាខេត្តមួយចំនួនទៀត ដែលស្ថិតក្នុងភាគពាយ័ព្យ នៃប្រទេស ក៏ត្រូវប្រឈមនឹងការព្រមានពីផលប៉ះពាល់ដោយគ្រោះធម្មជាតិនេះដែរ។ សេចក្ដីប្រកាសនេះ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី០២-០៦ មេសា បណ្ដាខេត្តនៅតំបន់វាលទំនាបភាគកណ្ដាល និង ភាគពាយ័ព្យ អាចនឹងមានភ្លៀងនៅក្នុងកំរិតពីមធ្យមទៅបង្គួរ ចំណែកបណ្ដាខេត្ត ដទៃទៀត នឹង អាចមានភ្លៀងតិចទូច។ ជាមួយនឹងសេចក្ដីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនេះ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូត «ផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់» ដ៏អាក្រក់នេះផងដែរ ដែលវានឹងអាចកើតឡើង ចាប់ពីថ្ងៃទី០២-០៦ ខែមេសានេះ។
ទោះយ៉ាងណា ជាមួយនឹងគ្រោះមហន្តរាយខាងនេះ បើតាមមន្ត្រីសាខាកាកបាទក្រហមខេត្ត បានឲ្យដឹងថា ពេលនេះទាំងអាជ្ញាធរខេត្ត ក្រុង និង ស្រុក ទាំងមន្ត្រីសាខាកាកបាទក្រហមខេត្ត រួមទាំងមន្ត្រីក្នុងស្ថាប័នរដ្ឋនានា នៅក្នុងខេត្ត បាននិងកំពុងមមាញឹក ចុះពិនិត្យនិងស្រង់របាយការណ៏អំពីផលប៉ះពាល់ដោយគ្រោះធម្មជាតិជាបន្តបន្ទាប់នេះ ដើម្បីរៀបចំជាស្បៀងអាហារ និង សម្ភារៈប្រើប្រាសមួយចំនួន ជួយសង្គ្រោះបឋមដល់គ្រូសារដែលរងគ្រោះទាំងនោះហើយ៕
ចែករំលែកព័តមាននេះ