កម្ពុជា​បង្ហាញ​សញ្ញា​ដំបូង​នៃ​ជោគជ័យ​ក្នុង​សមរភូមិ​កូ​វី​ដ​១៩


រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក្រសួងសុខាភិបាល​បាន​ប្រកាស​អោយ​ដឹង​ពី​ចំនួន​អ្នកជា​សះស្បើយ​ពី​កូ​វី​ដ​១៩ មាន​ចំនួន​ច្រើន ខណៈ​ដែល​ចំនួន​អ្នក​ឆ្លង​ថ្មី​មាន​ថ្ងៃ​ខ្លះ​មិន​មាន និង​ថ្ងៃ​ខ្លះ​ទៀត មាន​តិចតួច​។

នៅ​ថ្ងៃ​ទី​២ ខែមេសា ក្រ​សូ​ង​បាន​ប្រកាស​អោយ​ដឹង​ថា អ្នកជំងឺ​៩​នាក់​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ ខណៈ​ដែល​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​ម្នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​រក​ឃើញ​។ ចំណែក​កាលពី​ថ្ងៃ​ទី​១ ខែមេសា​វិញ ក្រសួង​បាន​ប្រកាស​ថា គឺ​មិន​មាន​ករណី​ថ្មី​ត្រូវ​បាន​រក​ឃើញ​ទេ ប៉ុន្តែ​មាន​ពីរ​នាក់​បានជា​សះស្បើយ​។

ចំណែក​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​ចាប់ពី​ថ្ងៃ​ទី​២៧ ខែមីនា មក កម្ពុជា​រក​ឃើញ​អ្នកជំងឺ កូ​វី​ដ​១៩​ថ្មី តែ​៧​នាក់​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ក្រា​ហ្វិ​ច​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួងសុខាភិបាល​។

រហូត​មក​ទល់​ពេល​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ចំនួន​១១០​នាក់​។ ចំណែក​អ្នក​ដែល​បានជា​សះស្បើយ​មាន​ចំនួន​៣៤​នាក់​។ អ្នកជំងឺ​ចំនួន​៧៤​នាក់ កំពុង តែ​ទទួល​ការ​ព្យាបាល​។

បើ​ពិនិត្យ​ទៅ​លើ​តួលេខ​នេះ ចំនួន​អ្នកជា​សះស្បើយ គឺ​មាន​ប្រមាណ​មួយ​ភាគ​បី​នៃ​អ្នកជំងឺ​សរុប​។ ចំណែក​ករណី​រក​ឃើញ​ថ្មី​ប្រចាំ​ថ្ងៃ​មាន​ចំនួន​តិច ដោយ​លើកលែងតែ​ការ​រក​ឃើញ ច្រើន​រហូត ដល់​៣៣​ករណី​នៅ​ខេត្ត​ព្រះ​សីហ​នុ​។

នេះ​បង្ហាញ​ថា រហូត​មក​ទល់​ពេល​នេះ កម្ពុជា​អាច​គ្រប់់គ្រង​ស្ថានភាព​កូ​វី​ដ​១៩​បាន​យ៉ាង​ល្អ ហើយ​អាច​ជា​តម្រុយ​នៃ​ភាព​ជោគជ័យ​។

ដោយ​ពិនិត្យ​ទៅ​លើ​និន្នាការ​នេះ បើសិនជា​អ្នកជា​សះស្បើយ​បន្ត​មាន​ចំនួន​ច្រើន អ្នកជំងឺ​រក​ឃើញ​ថ្មី​មាន​តិចតួច ឬ​ក៏​គ្មាន​សោះ​នោះ កម្ពុជា​កំពុង​តែ​ធ្វើ​ដំណើរ​លើ​ផ្លូវ​មួយ​ឆ្ពោះទៅ​រក​ការ​ទទួល​ជោគជ័យ ក្នុង​សមរភូមិ​ប្រឆាំង​នឹង​កូ​វី​ដ​១៩​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ កម្ពុជា​ក៏​មិន​ត្រូវ​ភ្លេចខ្លួន ឬ​ក៏​បន្ធូរ​ដៃ​ឡើយ​នៅ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩​នេះ ដោយ​ពិចារណា​ទៅ​លើ​ភាព​សាហាវ​របស់​វា ក្នុង​ការ​ចម្លង​ពី​មនុស្ស​​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត និង​ភាព​ធ្ងន់ធ្ងរ​ដែល​វា​កំពុង​វាយប្រហារ​ពិភពលោក ទាំងមូល​ដោយ​បង្ក​អោយ​មនុស្ស រហូត​ដល់​ជិត​មួយ​លាន​នាក់​បាន​ឆ្លង​មេរោគ​នេះ និង​ជាង​៤៧០០០​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​។

កម្ពុជា​ត្រូវ​រាំង​ខ្ទប់​អោយ​បាន​ទាំង​ការ​ផ្ទុះ​ពី​ក្រៅប្រទេស និង​ការ​ផ្ទុះ​នៅ​ក្នុង​ប្រទេស​។

វា​ទំនងជា​ការ​ផ្ទុះ​ករណី​ថ្មី​ពី​ក្រៅប្រទេស ឬ​ក៏​ពី​ជនបរទេស​នឹង​មិនមែន​ជា​រឿង​ព្រួយបារម្ភ​ខ្លាំង​ទេ ដោយសារ​កម្ពុជា​បាន​ហាមឃាត់ និង​ដាក់​កម្រិត​តឹងតែង​ចំពោះ​ជនបរទេស​ក្នុង​ការ​ចូល​មក​ប្រទេស​កម្ពុជា​ហើយ​។ ប៉ុន្តែ​ហានិភ័យ​នៅ​តែ​មាន​។

ជាមួយ​គ្នា​នោះ បណ្តា​ប្រទេស​ទាំងអស់​ក៏​ចាត់វិធានការ​ទប់ស្កាត់​ការ​ធ្វើ​ដំណើរ​របស់​ជនបរទេស និង​ធ្វើការ​ហាមឃាត់​ពលរដ្ឋ​របស់​ខ្លួន​មិន​អោយធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ផ្សេង​ទៀត​ដែរ​។ មួយ​រយៈពេល​កន្លង​មក កម្ពុជា​ក៏​លែង​រក​ឃើញ​មាន​ករណី​កូ​វី​ដ​១៩​ថ្មី​នាំ​ចូល​ពី​បរទេស​ដែរ​។

ដូច្នេះ ខណៈ​ដែល​កម្ពុជា​មិន​ត្រូវ​បន្ធូរ​ដៃ​នៅ​ក្នុង​ការ​ទប់ស្កាត់​ការ​នាំ​ចូល​ករណី​ថ្មី​នៃ​កូ​វី​ដ​១៩ ពី​ក្រៅប្រទេស​តាម​រយៈ​ការ​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​តាម​ព្រំដែន​ទាំង​ផ្លូវអាកាស ផ្លូវគោក និង​ផ្លូវទឹក​នោះ ការ​ចាត់វិធានការ​គ្រប់យ៉ាង ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​នៅ​ខាងក្នុង​គឺជា​រឿង​សំខាន់​ខ្លាំង​ណាស់​។

នៅ​ពេល​ដែល​និយាយ​ដល់​ការ​ទប់ស្កាត់​ដល់​ការ​ផ្ទុះ​ពី​ខាងក្នុង​នោះ វា​នឹង​តម្រូវ​អោយ​មានច្បាប់ គោលនយោបាយ និង​វិធានការ​កាន់តែ​រឹង​មាំ ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​ពី​ខាងក្នុង​នេះ​។ ចំណែក​ប្រជាជន​កម្ពុជា​ទាំងអស់​ត្រូវ​បង្កើន​ការ​ចូលរួម និង​ទទួលខុសត្រូវ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​និង​ចម្លង​មេរោគ​កូ​វី​ដ​១៩​។

សមរភូមិ​មូ​យ​នេះ វា​មិន​ត្រូវការ​តែ​កងទ័ព​ស្រួច​ជា​គ្រូពេទ្យ​រាប់​ពាន់​នាក់ ឬ​រាប់​ម៉ឺន​នាក់​ទេ​។ វា​ជា​សមរភូមិ ដែល​តម្រូវ​អោយ​ប្រជាជន​ទាំង​១៦​លាន​នាក់ ចូលរួម​ប្រយុទ្ធ​ជាមួយនឹង​សត្រូវ​គ្មាន​រូប​កូ​វី​ដ​១៩​។

កន្លង​ម ក​មានការ​ព្រួយបារម្ភ​ថា ការ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​នៃ​ពលករ​ចំនួន​ជាង​៥​ម៉ឺន​នាក់​អាច​នឹង​នាំ​អោយ​មានការ​ចម្លង​មេរោគ​កូ​វី​ដ​១៩​នេះ​។ រដ្ឋាភិបាល​ក៏​បាន​អំពាវនាវ​ឱ្យ​បងប្អូន​រស់នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​ពី​ក្រុម​គ្រួសារ​ដោយ​មិន​នៅ​ជិត​សមាជិកគ្រួសារ ឬ​ក៏​បរិភោគ​អាហារ​រួម​គ្នា​ហើយ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ដោយ​ក្នុង​ករណី​មាន​គ្រុនក្តៅ ឬ​ក្អក ឆាប់​រាយការណ៍ ដល់​១១៥ ដើម្បី​រក​ជំនួយ​ពី​ពេទ្យ​។ នេះ​ជា​វិធានការ​ដែល​បងប្អូន​ត្រូវ​បន្ត​អនុវត្ត ដើម្បី​សុខភាព​ខ្លួនឯង​ផង និង​ដើម្បី​សុខភាព​របស់​សមាជិកគ្រួសារ​ទាំងអស់​ផង​។

ជាមួយ​គ្នា​នេះ ខណៈ​ដែល​កម្ពុជា​បោះ​ជំហាន​ទៅ​រក​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​នោះ ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​របស់​បងប្អូន​កម្មករ​រោងចក្រ និង​ប្រជាជន​ផ្សេង​ទៀត គឺជា​រឿង​តែងតែ​កើត​មាន​។ ដូច្នេះ​លំហូរ ចេញ​-​ចូល​មនុស្ស​នឹង​មាន​ច្រើន​ជាង​ធម្មតា ហើយ​អាច​ជា​ហានិភ័យ​មួយ​សម្រាប់​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វី​ដ​១៩ ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​។

មនុស្ស​នៅ​ក្នុង​ពិភពលោក​ត្រូវ​បាន​ណែនាំ​អោយ​កាត់​បន្ថយ ឬ​ក៏​មិន​អោយធ្វើ​ដំណើរ​ឡើយ បើសិនជា​មិន​មាន​ភាព​ចាំបាច់ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។ មនុស្ស​ធ្វើ​ដំណើរ​កាន់តែ​ច្រើន វា​នឹង​កាន់តែ​នាំ​អោយ​មាន​ហានិភ័យ​ច្រើន​នៃ​ការ​ឆ្លង និង​ចម្លង​មេរោគ​កូ​វី​ដ​១៩​។ នេះ​ជា​អ្វី​ដែល​ប្រជាជន​ន​កម្ពុជា​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​។

ដូច្នេះ ការ​សម្រេចចិត្ត​ណាមួយ​របស់​មនុស្ស​ម្នាក់​ៗ​នៅ​ក្នុង​ការ​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ ឬ​ក៏​មិន​ធ្វើ​ដំណើរ នឹង​អាច​ជួយ​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​នេះ​។ អ្វី​ដែល​គួរ​អោយ​បារម្ភ​នោះ មេរោគ​កូ​វី​ដ​១៩ អាច​ស្ថិត​នៅ​ក្នុង​ខ្លួន​មនុស្ស​ម្នាក់​ទាំង​បុគ្គល​នោះ​មិនដឹង​ខ្លួន​ដោយសារ​វា​មិន​មាន​រោគ​សញ្ញា​។ អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​១៩​គ្មាន​រោគ​សញ្ញា​ក៏​អាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នក​ផ្សេង​ផង​ដែរ​។

ដូច្នេះ​ការ​ទប់ស្កាត់​ការ​ផ្ទុះ​នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​នៅ​ខាងក្នុង​ទាមទារ​អោយ​មានការ​ប្រយ័ត្ន​ផង​ដែរ សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​មនុស្ស​គ្រប់​គ្នា​នៅ​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ពាក់កណ្តាល​ខែមេសា​ខាង​មុខ​នេះ​។

សូម​យើង​ទាំងអស់​គ្នា​ប្រយ័ត្នប្រយែង​ក្នុង​ការ​ធ្វើ​ដំណើរ លាងដៃ​សម្អាត​ជាមួយ​ទឹក​និង​សាប៊ូ ឬ អាល់កុល ឬ​ទឹក​ជែ​ល​សម្លាប់​មេរោគ ពាក់​ម៉ាស​មុខ និង​ព្យាយាម​នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា​យ៉ាងតិច​ពីរ​ម៉ែត្រ បូក​ផ្សំ​នឹង​ការ​ធ្វើ​អនាម័យ​អោយ​បាន​ល្អ​ទាំង​ការ​រស់នៅ កន្លែងធ្វើការ​និង​ផ្ទះសម្បែង​។

សូម​អោយ​កម្ពុជា​អាច​ចៀស​ផុត​ទាំង​ការ​ផ្ទុះ​ខាងក្រៅ​និង​ការ​ផ្ទុះ​ខាងក្នុង​នៃ​មេរោគ​ដ៏​សាហាវ​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ