ខេត្តស្ទឹងត្រែង ៖ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ សម្ភារជាអំណោយរបស់កាកបាទក្រហមកម្ពុជាផ្តល់ជូនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តដល់ក្រុមគ្រូពេទ្យប្រចាំការផ្ទះស្នាក់ដោយឡែកនូវអាល់កុលចំនួន៤០លីត្រ សាប៊ូ១០០ដុំ, ជូនក្រុមអប់រំ និងផ្សព្វផ្សាយរបស់មន្ទីរសុខាភិបាលខេត្តនូវអាល់កុលចំនួន ២០លីត្រ សាប៊ូ១០០ដុំ, ជូនមណ្ឌលសុខភាពទាំង១៤នូវឧបករណ៍បំពងសំឡេងចំនួន១៤គ្រឿង ម៉ាស៊ីនបាញ់កំដៅចំនួន ១៥គ្រឿង ជូនដល់ក្រុមមន្ត្រីឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត ព្រមទាំងម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន៦គ្រឿង ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ។
លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានគណៈកម្មការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩(COVID-19)ខេត្តស្ទឹងត្រែង បានអញ្ជើញជាអធបតីក្នុងពិធីចែកសម្ភារសម្រាប់យុទ្ធនាការផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់ប្រយុទ្ធជំងឺកូវីដ-១៩ ដែលបានប្រព្រឹត្តទៅនៅមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធានកិត្តិយស លោក លោកស្រី សមាជិក សមាជិកាសាខា លោក នាយកប្រតិបត្តសាខា និងមន្ត្រីមន្ទីរសុខាភិបាលខេត្តជាច្រើនរូបផងដែរ ។
នាឱកាសនោះលោកប្រធានបានមានប្រសាសន៍ កោតសរសើរបំផុតចំពោះក្រុមគ្រូពេទ្យទាំងអស់ ដែលជាអ្នកប្រយុទ្ធជួរមុខ ដែលខិតខំទាំងកម្លាំងកាយចិត្តទប់ស្កាត់ និងត្រៀមបង្ការចំពោះជំងឺឆ្លងដ៏កាចសាហាវ នេះ។ លោកក៏បានសំណូមពរដល់ក្រុមគ្រូពេទ្យទាំងអស់សហការ ជាមួយអាជ្ញាធរភូមិ ឃុំ ចុះអប់រំ ណែនាំនូវវិធានការអំពីការប្រយុទ្ធប្រឆាំង នៃហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ទៅដល់ប្រជាពលរដ្ឋក្នុងសហគមន៍ និងពលករដែលវិលត្រឡប់ពីក្រៅប្រទេស សូមមានការប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានអះអាងថា រហូតមកដល់ពេលនេះខេត្តស្ទឹងត្រែងមិនទាន់មានករណីឆ្លងជំងឺCOVID-19នៅឡើយទេ។ ប៉ុន្តែដើម្បីចូលរួមស្កាត់កុំឲ្យមានការឆ្លងជំងឺដ៏កាចសាហាវនេះ មន្ទីរសុខាភិបាលខេត្តដោយមានការណែនាំពីអភិបាលខេត្តបានរៀបចំក្រុមឆ្លើយតបបន្ទាន់ ព្រមទាំងរៀបចំកន្លែងពិនិត្យសុខភាពនៅព្រំដែន តាមផ្លូវជាតិធំៗរួមមានផ្លូវជាតិលេខ៧ លេខ៧៨ និងផ្លូវជាតិលេខ៩ មិនតែប៉ុណ្ណោះមន្ទីរសុខាភិបាលបានបង្កើតក្រុមផ្សព្វផ្សាយ ចែកខិត្តប័ណ្ណអប់រំ និងក្រុុមស្រាវជ្រាវតាមដានមុខសញ្ញាជំងឺCOVID-19នៅតាមសហគមន៍ ពិសេសអ្នកទើបមកពីបណ្តាប្រទេសផ្សេងៗ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ទោះបីខេត្តស្ទឹងត្រែងមិនទាន់ករណីឆ្លងជំងឺCOVID-19 ក៏ប៉ុន្តែមន្ទីរសុខាភិបាលបានយកកំហាកមុខសញ្ញាសង្ស័យឆ្លងជំងឺCOVID-19ចំនួន៨៦នាក់ (ស្រី៣១នាក់) ទៅពិនិត្យដើម្បីរកមើលជំងឺCOVID-19 ដែលជាលទ្ធផលអវិជ្ជមានទាំងអស់។ លោកបន្ថែមថា ការពិនិត្យកំហាកមុខសញ្ញាជំងឺកូវីដនេះក៏មានប្រជាពលរដ្ឋមកពីក្រៅប្រទេសផងដែរ ដូចជាមកពីប្រទេសថៃចំនួន៤១នាក់ មកពីចិន២នាក់ មកពីម៉ាឡេស៊ី១២នាក់ មកពីវៀតណាម២នាក់ ឡាវ៤នាក់ និងជនជាតិអុីតាលី១នាក់៕ (កែសម្រួួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ