ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិ​ការណ៍​វប្ប​ធម៌​អប​អរ​​ខួប​អនុ​ស្សាវ​រីយ៍​នៃ​ការ​ចុះ​បញ្ជី​របាំ​ព្រះ​រាជ​ទ្រព្យ ​និង​ល្ខោន​​ស្រមោល​ស្បែក​ធំ​ជា​សម្បត្តិ​បេតិក​ភណ្ឌ​វបុ្ប​ធម៌​អរូបី​នៃ​មនុស្ស​ជាតិ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ តុលា ឆ្នាំ​២០១០ នៅ​សាល​សន្និ​សីទ​​ចតុ​មុខ​មាន​រៀប​ចំព្រឹត្តិ​ការណ៍​វប្ប​ធម៌​អប​អរ​សាទរ​ ខួប​អនុ​ស្សាវរីយ៍​​នៃ​ការ​ចុះ​បញ្ជី​របាំ​ព្រះ​រាជ​​ទ្រព្យ​ និង​ល្ខោន​ស្រមោល​ស្បែក​ធំ​ជា​សម្បត្តិ​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​នៃ​ មនុស្ស​ជាតិ​ក្រោម​អធិបតី​ភាព​លោក​ឃឹម សារិទ្ធ រដ្ឋ​លេខា​ធិការ​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​ និង​មាន​ភ្ញៀវ​ជាតិ​ អន្តរ​ជាតិ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ។ លោក​អ៊ុក សុជាតិ រដ្ឋ​លេខា​ធិការ​ក្រសួង​វប្ប​ធម៌​ និង​វិចិត្រ

រាជធានីភ្នំពេញ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ តុលា ឆ្នាំ​២០១០ នៅ​សាល​សន្និ​សីទ​​ចតុ​មុខ​មាន​រៀប​ចំព្រឹត្តិ​ការណ៍​វប្ប​ធម៌​អប​អរ​សាទរ​ខួប​អនុ​ស្សាវរីយ៍​​នៃ​ការ​ចុះ​បញ្ជី​របាំ​ព្រះ​រាជ​​ទ្រព្យ​ និង​ល្ខោន​ស្រមោល​ស្បែក​ធំ​ជា​សម្បត្តិ​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ក្រោម​អធិបតី​ភាព​លោក​ឃឹម សារិទ្ធ រដ្ឋ​លេខា​ធិការ​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​ និង​មាន​ភ្ញៀវ​ជាតិ​ អន្តរ​ជាតិ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ។ លោក​អ៊ុក សុជាតិ រដ្ឋ​លេខា​ធិការ​ក្រសួង​វប្ប​ធម៌​ និង​វិចិត្រ​​សិល្បៈ​​​មាន​ប្រសាសន៍​ថា ដោយ​យល់​ឃើញ​សារ​សំខាន់​នៃ​បេតិក​ភណ្ឌ​វប្ប​​ធម៌​​អរូបី​​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​វប្ប​ធម៌​ចំរុះ​ដែល​កំពុង​ប្រឈម​នូវ​ការ​បាត់​បង់​​ជា​បន្ត​បន្ទាប់​ទើប​អង្គ​ការ​យូណេ​ស្កូ​បាន​ប្រកាស​ស្នា​ដៃ​ឯក​នៃ​បេតិក​ភណ្ឌ​សំដី​ និង​អរូបី​របស់​មនុស្ស​ជាតិ​កាល​ពី​ឆ្នាំ​១៩៩៧ ក្នុង​គោល​បំណង​លើក​កំពស់​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី និង​តំរូវ​ការ​ក្នុង​ការ​ការ​ពារ​បេតិក​ភណ្ឌ​ទាំង​នោះ​​សំរាប់​គុណ​ប្រយោជន៍​របស់​មនុស្ស​ជាតិ។

លោក​អ៊ុក សុជាតិ មាន​ប្រសាសន៍​បន្ត​ថា កម្ម​វិធី​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ចំនួន​៣​លើក​រួច​មក​ហើយ គឺ​នៅ​ឆ្នាំ​២០០១, ២០០៣ និង​​ឆ្នាំ​២០០៥ ដោយ​បាន​ទទួល​ស្គាល់​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​ចំនួន​៩០​ទំរង់ ជា​ស្នា​ដៃ​ឯក​​នៃ​បេតិក​ភណ្ឌ​សំដី​ និង​អរូបី​របស់​មនុស្ស​ជាតិ ​ក្នុង​នោះ​មាន​របាំ​​​​ព្រះ​រាជ​ទ្រព្យ​ ឬ​របាំ​ក្បាច់​បុរាណ​ខ្មែរ និង​ល្ខោន​ស្រមោល​ស្បែក​ធំ​ជា​ដើម។ លោក​បន្ត​ថា ការ​រៀប​ចំ​ព្រឹត្តិ​ការណ៍​អប​អរ​សាទរ​ខួប​អនុស្សា​វរីយ៍​លើក​ទី​៤​នេះ​ឡើង​ក្នុង​គោល​បំណង​បំផុស​ស្មារតី​ជាតិ​ទាំង​មូល​ឱ្យ​ចូល​រួម​ថែរក្សា​ការ​ពារ​មរតក​វប្ប​ធម៌​ជាតិ​ និង​ចង់​បង្ហាញ​បន្ថែម​ឱ្យ​ពិភព​លោក​យល់​ដឹង​ និង​ស្គាល់​កាន់​តែ​ច្បាស់​ថែម​ទៀត​អំពី​តំលៃ និង​ភាព​សប្បូណ៍​បែប​នៃបេតិ​ក​ភណ្ឌ​វប្ប​ធម៌​​អរូបី​របស់​កម្ពុជា ពិសេស​របាំ​​ព្រះ​រាជ​ទ្រព្យ​ និង​ល្ខោន​​ស្រមោល​ស្បែក​ធំ ​ដែល​ជា​សិល្បៈ​សក្តារ​ជា​ស្នាដៃ​​ឯក​របស់​បុព្វ​បុរស​ខ្មែរ​ និង​ជា​សម្បត្តិ​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​នៃ មនុស្ស​ជាតិ។

ក្នុង​ឱកាស​​នោះ​លោក​ឃឹម សារិទ្ធ រដ្ឋ​លេខា​ធិការ​ក្រសួង​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​​មាន​ប្រសាសន៍​​ថា ការ​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ​​នូវ​របាំ​ព្រះ​រាជ​​ទ្រព្យ និង​ល្ខោន​​ស្រមោល​ស្បែក​ធំ​ជា​ស្នាដៃ​ឯក​នៃ​បេតិក​ភណ្ឌ​សំដី និង​អរូបី​របស់​មនុស្ស​ជាតិ​ដោយ​អង្គ​ការ​យូណេ​ស្កូ​ គឺ​ជា​ព្រឹត្តិ​ការណ៍​​ប្រវត្តិ​សាស្ត្រ​​ និង​ជា​មោទន​ភាព​ដ៏​ធំ​ធេង​សំរាប់​ប្រជា​ជន​កម្ពុជា។ លោក​ឃឹម សារិទ្ធ ​ថ្លែង​​ថា ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ក្នុង​នាម​ជា​សមា​ជិក​មួយ​នៃ​អង្គ​ការ​យូណេ​ស្កូ តាំង​ពី​ឆ្នាំ​​១៩៥១​មក​ បាន​និង​កំពុង​ព្យា​យាម​យ៉ាង​សកម្ម​ ដើម្បី​បង្កើន​ការ​ចូល​រួម​ចំណែក​ជា​មួយ​នឹង​សហ​គមន៍​​អន្តរ​ជាតិ ក្នុង​ការ​ថែ​រក្សា​ការ​ពារ​លើក​​ស្ទួយ​បេតិក​ភ័ណ​​​វប្ប​ធម៌​​ពិភព​លោក។ កេរ​មរតក​វប្ប​ធម៌​ដ៏​សំបូរ​បែប​ទាំង​រូបី និង​អរូបី​គឺ​ជា​ដួង​ព្រលឹង​ និង​អត្ត​សញ្ញាណ​របស់​ជាតិ​ខ្មែរ មិន​អាច​កាត់​​ថ្លៃ​បាន​ទេ។ ព្រឹត្តិ​ការណ៍​​វប្ប​ធម៌​អប​អរ​ខួប​អនុស្សាវរីយ៍​នៃ​ការ​ចុះ​បញ្ជី​របាំ​ព្រះ​រាជ​ទ្រព្យ​ និង​ល្ខោន​ស្រមោយ​​ស្បែក​ធំ​នេះ​មាន​រយៈ​ពេល​៣​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​​ថ្ងៃ​ទី៣១ តុលា​ ឆ្នាំ​២០១០ ដោយ​មាន​ការ​​តាំង​ពិព័រណ៍​សិល្បៈ​​សូន​រូប សិប្ប​កម្ម​តម្បាញ​សូត្រ ការ​បង្ហាញ​ម្អូប​អាហារ​ខ្មែរ និង​ពេល​រាត្រី​មាន​ការ​សំដែង​សិល្បៈ​ទស្សនីយ​ភាព​ជា​ច្រើន​ដូច​ជា​សំដែង​ល្ខោន​ស្រមោល​ស្បែក​ធំ​ របាំ​ព្រះ​រាជ​ទ្រព្យ ការ​​បង្ហាញ​ម៉ូដ​សំលៀក​បំពាក់​សម័យ​​ចតុ​​មុខ​ សម័យ​អង្គរ និង​មាន​សំដែង​សិល្បៈ​​ចំរុះ​កម្ពុជា-វៀត​ណាម​ជា​ច្រើន​ទំរង់​ទៀត​៕