ក្នុងពេលដែលពោរពេញទៅដោយភាពមិនប្រាកដប្រជាព្រោះតែការផ្ទុះនៃវីរុសកូវីដ ១៩ នេះ វាជារឿងទូទៅដែលអាជីវករមួយចំនួនចាប់ផ្តើមកាត់បន្ថយការចាយវាយដែលមិនចាំបាច់ដែលរួមមានការចាយវាយលើការផ្សព្វផ្សាយផលិតផលផងដែរ ។ ទោះជាវាមិនមែនជាពេលល្អសម្រាប់ការដំណើរការអាជីវកម្មពិតមែនក្តី ចូរចងចាំថាវាមិនទាន់ជាទីបញ្ចប់នៃសេដ្ឋកិច្ចកម្ពុជា ទេ ប៉ុន្តែសេដ្ឋកិច្ចគ្រាន់តែផ្អាកបណ្តោះអាសន្នដើម្បីឆ្លើយតបនឹងវីរុសខាងលើ ។
ព្រោះតែកូវីដ ១៩ បានបង្កឲ្យមានការបិទដំណើរការសាលារៀន និងស្ថាប័នការងារជាច្រើន និងព្រមទាំងមនុស្សត្រូវបានជំរុញឲ្យនៅផ្ទះ អាជីវកម្មក៏ជួបនឹងបញ្ហាទាក់ទិននឹងប្រាក់ចំណូលដែរ ។ ប៉ុន្តែក្នុងស្ថានការបច្ចុប្បន្ននេះ អាជីវករអាចអនុវត្តនូវវិធីជាច្រើនដើម្បីត្រៀមខ្លួនសម្រាប់ពេលដែលស្ថានការល្អប្រសើរឡើងវិញ ។
មិនមាននរណាដែលដឹងច្បាស់ពីអាជីវកម្មរបស់អ្នកច្រើនជាងអ្នកទេ ដូច្នេះនៅពេលដែលអ្នកមានពេលទំនេរច្រើននេះ វាជាពេលល្អមួយក្នុងការចូលរួមគិតឡើងវិញពីវិធីបង្កើនប្រាក់ចំណូលពីអាជីវកម្ម ហើយចំណុចមួយដែលសំខាន់ គឺការផ្សព្វផ្សាយពីអាជីវកម្មរបស់អ្នកដើម្បីទាក់ទាញអតិថិជនបន្ថែម ។
ពេលវេលាជាធនធានដ៏មានតម្លៃជាងគេរបស់មនុស្ស ដូច្នេះប្រសិនបើអ្នកមានពេលទំនេរច្រើនក្នុងកំឡុងពេលនេះ អ្នកគួរតែរកវិធីចំណាយវាឲ្យបានល្អដូចជាព្យាយាមគិតពីគម្រោង ឬគោលដៅផ្សេងៗដែលអាចពង្រឹងអាជីវកម្មរបស់អ្នកបន្ថែមជាដើម ។
អាជីវករគួរតែប្រើពេលវេលានេះដើម្បីចូលរួមដល់ការបង្កើតអនាគតកាន់តែល្អសម្រាប់អាជីវកម្មខ្លួន ។
ប្រសិនបើអ្នកផ្តោតស្មារតីលើផ្នែកផ្សព្វផ្សាយនោះ អ្នកអាចនឹងទទួលបានអត្ថប្រយោជន៍ច្រើននៅថ្ងៃមុខ ព្រោះពេលដែលវីរុសត្រូវបានកម្ចាត់ អ្នកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការលក់ ការប្រជុំ និងឱកាសផ្សេងៗទៀតក្នុងការរកលុយ ។
កូវីដ ១៩ ប្រៀបបានជាគ្រោះមួយដែលមានភ្ជាប់មកនូវឱកាសជាច្រើនផងដែរសម្រាប់អាជីវកម្មទាំងអស់ ដូច្នេះអ្នកគួរតែរកឱកាសរបស់អ្នកដែរ ៕
ចែករំលែកព័តមាននេះ