សហរដ្ឋអាមេរិក ៖ ប្រធានក្រុមហ៊ុននាវាកម្សាន្តអាមេរិក គឺក្រុមហ៊ុន HOLLAND AMERICAដែលធ្វើអាជីវកម្មនាវាកម្សាន្ត២គ្រឿង ដែលដឹកសពមនុស្ស៤នាក់ និងអ្នកជំងឺឆ្លងវីរុសCOVID-19 ច្រើនសិបនាក់ បានព្រមានកាលពីថ្ងៃទី៣១ ខែមីនានេះថា តុល្យការអ្នកបាត់បង់ជីវិត និងអ្នកឆ្លងវីរុស នឹងអាចមានកាន់តែខ្ពស់ ប្រសិនបើនាវារបស់គេ ពុំត្រូវបានអនុញ្ញាតឲ្យចូលចតនៅរដ្ឋផ្លរីដាទេនោះ។
ថៅកែរូបនេះលោក ORLANDO ASHFORD ក្នុងលិខិតចំហមួយច្បាប់ផ្ញើឲ្យកាសែតក្នុងស្រុកSUN SENTINEL សរសេរថា អ្នកដំណើរ៤នាក់បានបាត់បង់ជីវិតរួចហើយ រួចខ្ញុំខ្លាចមានការបាត់បង់ជីវិតមនុស្សជាច្រើននាក់ទៀត។ លិខិតរបស់លោកនោះត្រូវបានផ្ញើពេលអភិបាលរដ្ឋផ្លរីដា សម្រាប់ពេលនេះ នៅពុំទាន់ត្រៀមខ្លួនឲ្យនាវាទាំង២នេះ ចូលចតនៅឡើយ។ លោកបញ្ជាក់ថា នាថ្ងៃទី៣០ ខែមីនា អ្នកដំណើរ៧៦នាក់ និងសមាជិកក្រុមនាវិក១១៧នាក់ របស់នាវាZAANDAM ជានាវាមួយ ក្នុងចំណោមនាវាកម្សាន្តទាំង២គ្រឿងបានឆ្លងវីរុស។
លោកបញ្ជាក់ថា គួរឲ្យសោកស្ដាយដែលពួកគេរងការរឹតត្បិតខាងសុខាភិបាល នយោបាយនិងព្រំដែន ដែលកើតមានយ៉ាងឆាប់រហ័សលើពិភពលោក។
ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកាលពីថ្ងៃទី៣១ មីនា បានសន្យាធ្វើអន្តរាកមន៍ ចំពោះអភិបាលរដ្ឋផ្លរីដាដើម្បីឲ្យនាវាទាំងនេះបានចូលចត។
ចំណែកនាវាផ្ទុកយន្តហោះមួយគ្រឿងរបស់អាមេរិក ក៏មានក្រុមនាវិកច្រើននាក់ឆ្លងវីរុសដែរ។ មេបញ្ជាការនៃនាវានោះបានស្នើដល់ថ្នាក់លើជម្លៀសក្រុមនាវិកចេញ តែនាថ្ងៃទី៣១មីនាជួបប្រទះនឹងការបដិសេធរបស់មន្ទីរប៉ង់តាហ្គោន។
រដ្ឋមន្ត្រីការពារប្រទេសអាមេរិកលោកMARK ESPER ពេលសូរពីលទ្ធភាពនៃការជម្លៀសកងនាវិកចេញ បានឆ្លើយតាមទូរទស្សន៍CBSថា ខ្ញុំយល់ថាយើងនៅមិនទាន់ដល់ដំណាក់កាលធ្វើបែបនេះនៅឡើយ។ នាវាផ្ទុកយន្តហោះនោះបច្ចុប្បន្ន កំពុងស្ថិតនៅកំពង់ផែកោះហ្គាមក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ