កំពុង​ហូប​អី​ជុំ​គ្នា​សុខ​ៗ ស្រាប់​ដក​ដាវ ក្រុម​ជន​រង​គ្រោះភ័យនាំ​គ្នា​​រត់


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​៣​នាក់​កំពុង​តែ​ហូប​អី​ជុំ​គ្នា ក៏​ត្រូវ​ក្រុម​បង្ក​មួយ​ក្រុម​ដេញ​វាយ​រង​របួសធ្ងន់​ម្នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ខាងកើត​រង្វង់​មូល​ចោម​ចៅ ស្ថិត​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​មិន​បាន​ស្គាល់ឈ្មោះ​ខាងលើ​មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ម៉ូតូ​ទី​១ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FU- 2085 និង​ម៉ូតូ​មួយ​គ្រឿង​ទៀត ម៉ាក​សង់​សេ​១១០ (​សង់​បិ​ច​) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BG-3409 ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​២​នាក់​រង​របួសស្រាល​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​៣​នាក់​កំពុង​ហូប​ចុក​នៅ​ម្តុំ​ផ្សា​រកា​ណា​ស៊ី​ធី ស្ថិត​នៅ​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​ពេល​ពួក​គាត់​ហូប​ចុក​រួច​ហើយ ស្រាប់តែ​មាន​ជនសង្ស័យ​មាន​គ្នា​៤​នាក់ ជិះ​២​ម៉ូតូ​គ្រឿង បាន​ដក​ដាវ​មក​បំរុង​ដេញ​កាប់​ជន​រង​គ្រោះ​ធ្វើ​ឲ្យ​ពួក​គាត់​ភ័យ​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​។

ប្រភព​ដដែល​បន្ត​ថា ពេល​ពួក​គាត់​ជិះ​ម៉ូតូ​គេច​នោះ ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​ដេញ​តាម​កាប់​ពីក្រោយ រហូត​ជន​រង​គ្រោះ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​សង់​បិ​ច​នោះ ដួល ហើយ​ក៏​ត្រូវ​ជនសង្ស័យ​កាប់​រង​របួសធ្ងន់​ម្នាក់ ចំណែក​មិត្តភក្តិ​ម្នាក់​ទៀត​ដែល​ជិះ​ម៉ូតូ​ម្នាក់ឯង​នោះ ក៏​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ជា​ច្រើន​ម៉ែត្រ ទើប​ជិះ​ត្រឡប់​មក​វិញ ក៏​ឃើញ​មិត្តភក្តិ​ខ្លួន​របួសធ្ងន់ ។ ដោយឡែក​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេច​ទៅ​បាត់​អស់ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​ប្រជាពលរដ្ឋ​សែង​ដាក់​ម៉ូតូ​កង់​បី ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ចំណែក​ជន​រង​គ្រោះ​២​នាក់​ទៀត​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ឱ្យមក​ជួយ​អន្តរាគមន៍​ដែរ តែ​មិនឃើញ​សមត្ថកិច្ច​មក ពួក​គាត់​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​មើល​មិត្ត​ភ័ក្តិ​ដែល​រង​របួសធ្ងន់​តែ​ម្តង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ