ខេត្តកំពត ៖ ទិដ្ឋភាពរបស់បងប្អូនអាជីវករលក់ដូរគ្រឿងឧបភោគ បរិភោគ បន្លែ ត្រី សាច់ គ្រប់ប្រភទ និងគ្រឿងសមុទ្រផងដែរ នៅក្នុងផ្សារសាមគ្គីទីរួមខេត្តកំពត បើតាមបងប្អូនអាជីវករលក់ដូរក្នុងផ្សារបានឲ្យដឹងកាលពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ ២០២០នេះថា ប្រហែលជាងកន្លះខែកន្លងមកនេះ តាំងពីមានការផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសមានការប្រុងប្រយ័ត្នការឆ្លងរីករាលដាលវីរុសកូវីដ១៩ នោះមក គេឃើញប្រជាពលរដ្ឋនៅតាមស្រុកស្រែចំការ ពុំសូវចូលផ្សារច្រើនដូចមុននោះទេ ។
បើតាមប្រភពពីលោកប៉ែន សត្យា អ្នកគ្រប់គ្រងផ្សារទីរួមខេត្តកំពត បានឲ្យដឹងនាថ្ងៃទី១ មេសានេះថា បើតាមការពិនិត្យពីទិដ្ឋភាពជាក់ស្តែង បងប្អូនអាជីវករលក់ដូរក្នុងផ្សារសាមគ្គីខាងលើ គឺនៅតែមកលក់ដូរដូចធម្មតា ប៉ុន្តែសំរាប់ប្រជាពលរដ្ឋដែលធ្លាប់ចូលមកទិញម្ហូបអាហារ បន្លែ បង្ការ ត្រីសាច់នៅក្នុងផ្សារហាក់ដូចជាមានការថយចុះ គឺដូចជាពីមុនចំនួន១០០% ឥឡូវថយនៅតែ៧០%ប៉ុណ្ណោះ ។ បើពេលព្រឹកចាប់ពីម៉ោង៧និង៣០ដល់ម៉ោង១០ព្រឹក គេឃើញមានប្រជាពលរដ្ឋចូលទិញជាមធ្យម តែបើចាប់ពីម៉ោង១០ដល់ម៉ោង៥ល្ងាច គឺពុំសូវមានអ្នកចូលផ្សារទេ គឺមានតែអ្នកលក់ច្រើនជាងអ្នកទិញ ។
ចំណែកអាជីវករលក់សាច់ជ្រូកម្នាក់បានឲ្យដឹងថា សាច់ជ្រូកក៏ពិបាកលក់ដូរដែរ ជាងកន្លះខែកន្លងមកនេះ ដោយសារពុំមានអ្នកចូលផ្សារច្រើនដូចមុន តាំងពីមានការផ្សព្វផ្សាយពីការឆ្លងរីករាលដាលកូវីដ១៩ របស់អាជ្ញាធរ និងក្រសួងសុខាភិបាលមក ។ ដោយពីមុនការលក់ដូរសាច់ជ្រូកធ្លាប់លក់១ថ្ងៃអស់ជ្រូក១ក្បាលដែលមានទម្ងន់១០០គីឡូក្រាម តែមកដល់ប៉ុន្មានថ្ងៃនេះជ្រូកមួយក្បាល១រយគីឡូក្រាម ត្រូវចែកជា២តូប ហើយលក់មិនអស់ទៀត។
រីឯស្ត្រីម្នាក់ដែលលក់ត្រីឆ្លាមធ្លាប់មានម៉ូយនៅតាមហាង ពេលនេះបានត្អូញត្អែរថា ត្រីឆ្លាមពីមុនមាន១រយគីឡូក្រាមក៏លក់អស់ដែរ ដោយសារគាត់មានម៉ូយតាមភោជនីយដ្ឋាន និងតាមហាង តែឥឡូវគេបិទហាង គាត់ក៏ដាច់ម៉ូយ ។ ហើយគាត់ទទួលពីគេមក១រយគីឡូក្រាមលក់ចេញវិញអស់តែ១គីឡូក្រាម ហើយគាត់ត្រូវនៅសល់ លក់មិនអស់ ធ្វើឱ្យគាត់ត្រូវខាតដើមយ៉ាងច្រើន ។ រីឯអ្នកលក់សាច់មាន់ និងសាច់ទា ដែលធ្វើហើយដាក់តាំងលក់ក៏និយាយប្រហាក់ប្រហែលនិងអ្នកលក់ត្រី សាច់ និងម្ហូបអាហារដទៃទៀតដែរ ពីបញ្ហាលក់មិនដាច់។
ចំណែកអ្នកធ្វើអាជីវកម្មផ្ញើម៉ូតូវិញបានឲ្យដឹងដែរថា កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យក្នុងសប្តាហ៍មុននេះ ឥតមានភ្ញៀវមកផ្ញើម៉ូតូទេ ទើបតែពីរថ្ងៃនេះទេ មានភ្ញៀវមកផ្ញើម៉ូតូ ប៉ុន្តែក៏មិនបានច្រើនដូចមុននោះដែរ គឺមានការថយចុះប្រហែលជា៦០ទៅ៧០%ទៅហើយ ដោយសារពលរដ្ឋយើងពុំសូវហ៊ានចេញដំណើរមកទីប្រជុំ ដោយតែខ្លាចការឆ្លងវីរុស្សថ្មីកូវីដ១៩ នេះ។ ដោយឡែកដែលឃើញម៉ូតូផ្ញើនេះ គឺភាគច្រើនម៉ូតូក្រុមអាជីវករទេ មិនមែនម៉ូតូភ្ញៀវដែលធ្លាប់ផ្ញើ ហើយចូលទិញឥវ៉ាន់ដូចពីមុននោះទេ។
គួររំលឹកដែរថា ទំនិញគ្រប់មុខក្នុងផ្សារសាមគ្គីទីរួមខេត្តកំពត រាប់ទាំងបន្លែបង្ការ ត្រីសាច់ គ្រឿងសមុទ្រគ្រប់មុខ ទោះបីមិនសូវមានភ្ញៀវចូលទិញច្រើនដូចមុនក្តី ក៏គេនៅសង្កេតឃើញថា តម្លៃគឺនៅតែដដែលដូចកាលពីមុនមកអីចឹង គឺឥតប្រែប្រួលនោះទេ៕ (កែសម្រួលដោយ ៖ បុប្ផា)