ឆ្លៀតនោះឆ្លៀត! ទៅធ្វើកម្មកររោងចក្រហើយ​បង្កើតមុខរបរបន្ថែម​មួយ​ទៀត​


រាជធានី​ភ្នំពេញ​ ៖ ​បុរស​ជា​កម្មករ​រោងចក្រ​កាត់ដេរ​ម្នាក់​ ខណៈ​ទៅ​ធ្វើការ​បាន​ឆ្លៀត​ដាក់​ថ្នាំ​ញៀន​តាម​ខ្លួន​ដើម្បី​លក់​ឲ្យ​អ្នកទិញ​យក​ទៅ​ប្រើប្រាស់​បន្ត​ ហើយ​ត្រូវ​បាន​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ សហ​ការជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ពានថ្ម​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​នាំ​ទៅ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់​។

ការ​ចាប់ខ្លួនជនសង្ស័យ​​ម្នាក់​ខាងលើ​​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១ ខែ មេ​សា ឆ្នាំ​២០២០ ត្រង់​ចំណុច​ក្នុង​រោងចក្រ​កាត់ដេរ​​មួយកន្លែង ស្ថិត​ក្នុងភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ជន​សង្ស័យ​ខាងលើ​ឈ្មោះ កែម វុ​ទ្ធី ភេទប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ខាងលើ ស្នាក់​នៅផ្ទះ​ជួល​ស្ថិត​នៅ​ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ​ ។ ​នគរបាល​ដកហូត​បាន​គ្រឿងញៀន​ចំនួន​១៣​​ថង់​តូច​, ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទ​១​គ្រឿង ។

លោក​វរសេនីយ៍ឯក​ជឹ​ម សុ​ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ រួម​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ពានថ្ម បាន​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ដើម្បី​ធ្វើការ​បង្ក្រាប​និង​ទប់ស្កាត់​កុំ​ឲ្យ​កើត​មាននៅ​ក្នុង​មូលដ្ឋាន​។

លោកអធិការ​ខណ្ឌដង្កោ​បាន​ប​ន្ត​ថា ​ខណៈនោះ​បាន​ទទួល​ព័ត៌មាន​ពី​មហាជន​ថា​ មាន​កម្មករ​រោងចក្រ​ម្នាក់​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ខាងលើ​ ទើប​កម្លាំងសមត្ថកិច្ច​​ឆ្មក់​ចូល​ទៅ​ធ្វើការ​បង្ក្រាប ​និង​ចាប់ខ្លួន​ដោយ​ដកហូត​វត្ថុ​តាង​ខាងលើ​​រួម​មាន​​ថ្នាំ​ញៀន​ទាំង​១៣​កញ្ចប់​នោះ​ត្រូវ​បាន​ជនសង្ស័យ​ទុក​នៅ​ក្នុង​ហោប៉ៅ​ខោមុខ​ខាងស្តាំ​របស់​​ខ្លួន ​។ ​បន្ទាប់​មក​កម្លាំង​របស់​លោក​ក៏​បាន​នាំ​ជន​ជនសង្ស័យ​​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់ការ​តាម​នីតិវិធី​៕​ (កែសម្រួលដោយ ៖ ធីតា​)

សន្ដិសុខ​សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ