ខេត្តសៀមរាប ៖ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៣០ មីនា ថា អ្នកឆ្លងមេរោគកូវីត១៩កំពុងសម្រាកព្យាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
មានចំនួន៥នាក់ ។ ប៉ុន្តែជាក់ស្តែក បានជាសះស្បើយម្នាក់ គឺបុរសជនជាតិខ្មែរដែលឆ្លងជំងឺកូវីដ១៩ មុន
គេបង្អស់នៅក្នុងប្រទេសកម្ពុជាពីជនជាតិជប៉ុន ត្រូវបានខាងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប អនុញ្ញាតិឱ្យត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសថា បុរសរូបនេះធ្វើតេស្តរកមេរោគកូវីត១៩តាំងពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៣០ មានរយៈចំនួន២៥ថ្ងៃមកឃើញថា «ពិតជាបានជាសះស្បើយពិតប្រាកដមែន(អវិជ្ជមាន)»។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា បុរសជនជាតិខ្មែរដែលជាសះស្បើយនេះ គឺឆ្លងជំងឺកូវីត១៩ពីជនជាតិជប៉ុន ដោយសារបុរសរូបនេះបានរកស៊ីជាមួយគ្នា ។ ហើយបានដឹងថា បុរសជនជាតិជប៉ុននោះកើតជំងឺកូវីត នៅថ្ងៃទី៤ មីនា ឆ្នាំ២០២០ ។ បន្ទាប់មក យើងបានទៅរកបុរសខ្មែរ ដែលរកស៊ីជាមួយជនជាតិជប៉ុននោះ នៅថ្ងៃទី៥ ក្រោយមកយើងក៏នាំគាត់មកមន្ទីរពេទ្យ រួចធ្វើតេស្តយកកំហាក ពីបំពងក និង ច្រមុះរបស់គាត់ ហើយឃើញវិជ្ជមាននៅល្ងាចថ្ងៃទី៥ មីនា ឆ្នាំដដែល ។
លោកថា យើងក៏បានឱ្យគាត់បន្តស្នាក់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត តាំងពីថ្ងៃទី៥ រហូតមកដល់ថ្ងៃទី៣០ មីនា មានរយៈពេល២៥ថ្ងៃ ។ លោកបញ្ជាក់ថា បើយើងឃើញថា ការព្យាបាលនិងថែទាំគាត់ ហាក់បីដូចជាមានការយឺតយ៉ាវបន្តិច ដោយសារតែបុរសរូបនេះ មានបញ្ហាពីមុនមកគឺរលាកថ្លើមប្រភេទ(បេ) ចឹងការថែទាំ និងព្យាបាល មានការប្រុងប្រយ័ត្នខ្លាំងណាស់ក្នុងការឱ្យថ្នាំ ។
បុរសរូបនេះមានលទ្ធផលល្អ តាំងតែពីថ្ងៃដំបូង ដោយសារគាត់ឱ្យមានរោគសញ្ញាអ្វីទាំងអស់ ។ ហើយគាត់មានកាយសម្បទា មាំទាំ ហើយអត់មានឈឺអីទេ ប៉ុន្តែយើងបានកុងត្រូលរៀងរាល់២ថ្ងៃម្តងៗ ។ មុនដំបូង២ថ្ងៃម្តង ហើយចំនួនមេរោគនោះបានថយចុះ ប៉ុន្តែចុះថយយ៉ាងយឺត រហូតមកដល់ថ្ងៃទី១០ មីនា យើងឃើញអវិជ្ជមាន ។ ហើយនៅថ្ងៃទី១០ មីនា នោះ យើងបានកុងត្រូលម្តងទៀតឃើញថា អវិជ្ជមាន តាំងពីម្សិលមិញ និងថ្ងៃនេះ ទើបយើងមានការអនុញ្ញាតិឱ្យគាត់ចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀម
រាប។
លោកវេជ្ជបណ្ឌិតបន្ថែមទៀតថា ដោយឡែក ប្រពន្ធគាត់បងថ្លៃគាត់ និងបងប្អូនគាត់ នៅជាមួយគ្នានោះ គឺយើងបានយកអញ្ជើញគាត់ មកធ្វើការស្នាក់នៅក្នុងមន្ទីរពេទ្យនេះដែរ ហើយយើងក៏បានធ្វើតេស្ត ទៅលើពួកគាត់ចំនួន៤លើក ឃើញថា អវិជ្ជមានទាំង៤ដង ហើយថ្ងៃនេះ គឺជាថ្ងៃដែលយើងនាំគ្នាអបអរសាទរ ទោះបីជាយើងមានការយឺតជាងគេបន្តិច ដើម្បីឱ្យយើងជាសះស្បើយ ប៉ុន្តែយើងប្រាកដជាជាសះស្បើយ។
លោកប្រធានមន្ទីរសុខាភិបាលបានថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូពេទ្យ ជាពិសេស លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងប្រធានផ្នែកទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ ដើម្បីឱ្យគាត់បានជាសះស្បើយពីថ្ងៃនេះ ។ លោកបានបញ្ជាក់បន្ថែមថា ចំពោះ បុរសជនជាតិខ្មែរ បានជាសះស្បើយថ្ងៃនេះ គឺមានឯកសារច្បាស់លាស់ បញ្ជាក់ពីវិជ្ជាស្ថានប៉ាស្ទ័រ ហើយក្រសួងសុខាភិបាល ក៏បានធ្វើការផ្សាព្វផ្សាយបញ្ជាក់ថា បុរសរូបនេះពិតជាបានជាសះស្បើយពីជំងឺកូវីត១៩នេះពិតមែន។
និយាយពីច្បាប់ គឺយើងបានអនុញ្ញាតិឱ្យគាត់ចាកចេញពីមន្ទីរពេទ្យ ក៏មិនមែនបានន័យថា ឱ្យគាត់ចេះតែទៅណាទៅណីបានតែអំពើចិត្តដែរ ហើយយើងសូមឱ្យគាត់រស់នៅដាច់ដោយឡែក ពីក្រុមគ្រួសារចំនួន១៤ថ្ងៃបន្តទៀត នៅក្នុងផ្ទះរបស់គាត់ ហើយលោកជឿថា គាត់បានយល់ច្រើន ។ គាត់បានជាសះស្បើយពីក្នុងមន្ទីរពេទ្យ ប៉ុន្តែគាត់ទៅដល់ផ្ទះគាត់ គាត់ត្រូវស្នាក់នៅក្នុងផ្ទះរបស់គាត់ ដូច្នេះ គាត់ត្រូវបន្តការថែទាំសុខភាពគាត់ដាច់ដោយឡែករបស់១៤ថ្ងៃទៀត។
ហើយយើងនឹងធ្វើការតាមដានគាត់បន្តទៀត បើតាមច្បាប់គាត់ពិតជាសះស្បើយពិតប្រាកដមែន លោកបញ្ជាក់ទៀតថា ចំពោះអ្នកមានមេរោគសញ្ញាទាំង៤នាក់ទៀតនោះ ពិតជាមានសញ្ញាល្អទាំងអស់ ហើយនឹងជាសះស្បើយក្នុងពេលឆាប់ៗខាងមុខនេះដែរ ។
ចែករំលែកព័តមាននេះ