ដាក់​ពាក្យ​ប្រញាប់ ! មហាសេដ្ឋី​អូស្ត្រាលី​ម្នាក់​រក​ជំនួយការ​ផ្ទាល់ខ្លួន​ដោយ​ផ្តល់​ប្រាក់ខែ ៥​ម៉ឺន​ដុល្លារ


លោក ម៉ា​ធ្យូ ឡេ​ព្រ (Matthew Lepre) ដែល​ជា​មហាសេដ្ឋី​ជនជាតិ​អូស្ត្រាលី និង​ជា​ស្ថាបនិក​របស់​វិទ្យាស្ថាន Ecom Warrior Academy កំពុង​ចង់​ឲ្យ​ការងារ​ជា​ជំនួយការ​ផ្ទាល់ខ្លួន​អន​ឡាញ​ដល់​មនុស្ស​ម្នាក់​ដែល​ជា​ជនជាតិ​អូស្ត្រាលី​គ្មាន​ការងារ​ធ្វើ ។ ជំនួយការ​រូប​នេះ​នឹង​ទទួល​បាន​ប្រាក់ ៥២,០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ហើយ​អាច​ធ្វើការ​នៅផ្ទះ​បាន​យ៉ាង​ងាយស្រួល ។
បន្ទាប់​ពី​ប្រទះ​ឃើញ​ជនជាតិ​អូស្ត្រាលី​ជា​ច្រើន​រូប​បាតបង់​ការងារ​ព្រោះតែ​ការ​ផ្ទុះ​នៃ​វីរុស​កូ​វី​ដ ១៩ លោក​មហាសេដ្ឋី​ខាងលើ​ចាប់​ផ្តើ​មានចិត្ត​ជួយ​តាម​សមត្ថភាព​របស់​ខ្លួន ។

លោក​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក​ថា «​ខ្ញុំ​ធំ​ដឹងក្តី​ឡើង​នៅ​តំបន់​ជាយក្រុង​នៅ​ប៉ែក​ខាងលិច​នៃ​ទីក្រុង​សី​ឌ​នី​ខណៈ​ដែល​ពឹងផ្អែក​លើ​អាហារ​ដែល​ត្រូវ​បាន​បរិច្ចាគ​ដោយ​កង​យោធា Salvation Army ព្រោះ​ម្តាយ​មេម៉ាយ​របស់ខ្ញុំ​មិន​មាន​សមត្ថភាព​ក្នុង​ការ​ទិញ​ម្ហូប ដូច្នេះ​ខ្ញុំ​ពិតជា​យល់​ពី​ស្ថាន​ការ​របស់​មនុស្ស​ជា​ច្រើន​ដែល​ពួក​គេ​កំពុង​តែ​ប្រឈម​មុខ​» ។ «​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​គឺ​ផ្តល់​ការងារ​មួយ​ទៅ​ឲ្យ​មនុស្ស​ម្នាក់​ដែល​បាន​បាត់បង់​ការងារ​ក្នុង​កំឡុង​ពេល​នេះ និង​ចាប់អារម្មណ៍​ចង់​ធ្វើការ​ពី​ផ្ទះ​» ។

លក្ខខណ្ឌ​សម្រាប់​បេក្ខជន​ដែល​ចាប់អារម្មណ៍​រួម​មាន ត្រូវ​តែ​មាន​កុំព្យូទ័រ​ផ្ទាល់ខ្លួន អ៊ី​ន​ធើ​ណេ​ត និង​អាច​ធ្វើការ​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ​បាន ប៉ុន្តែ​ពួក​គេ​មិន​ចាំបាច់​ត្រូវ​ចាក​ចេញពីផ្ទះ​ទេ ។
លោក​បាន​បន្ត​ទៀត​ថា «​ខណៈ​ដែល​ខ្ញុំ​ភាគច្រើន​ធ្វើការ​នៅ​អូស្ត្រាលី​ព្រោះតែ​បច្ចេកវិទ្យា មនុស្ស​ជា​ច្រើន​អាច​ធ្វើការ​ពី​កន្លែង​ណា​ក៏​បាន​ដែរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​» ។

កិច្ច​ការងារ​របស់​ជំនួយការ​របស់​លោក​រួម​មាន ទទួល​ទូរស័ព្ទ​ជំនួស​លោក សរសេរ​អត្ថបទ​សម្រាប់​ចែករំលែក​លើ​អ៊ី​ន​ធើ​ណែ​ត ធ្វើការ​លើ Excel និង Word សរសេរ និង​ផ្ញើ​អ៊ីមែល ព្រមទាំង​ជួយ​ដល់​សិស្ស​របស់​លោក​ជាដើម ។ កាលពីដើម​ឆ្នាំ​នេះ លោក​ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​រក​ជំនួយការ​ផ្ទាល់ខ្លួន​ដែល​នឹង​ត្រូវធ្វើ​ដំណើរ​ជាមួយ​លោក​ជុំវិញ​ពិភពលោក​ដែរ ដោយ​ឲ្យ​ប្រាក់ខែ​ចាប់ពី ៥២,០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដូច​គ្នា ។

លោក​ទទួល​បាន​អ្នក​ដាក់​ពាក្យ​ប្រមាណ​ដល់​ទៅ ៧​ម៉ឺន​នាក់​មុន​នឹង​សម្រេចចិត្ត​ជ្រើស​យក​អតីត​និស្សិត​សិក្សា​ផ្នែក​ច្នៃ​ម៉ូ​ដដែល​មានឈ្មោះ​ថា ធី​អាន់​ណា ឌឺ អាស៊ី​ស (Tyanna De Assis) ដែល​ធ្លាប់​មានបទពិសោធន៍​ធ្វើការ​ឲ្យ​នាយក​ប្រតិបត្តិ និង​អគ្គនាយក​ដទៃ ព្រមទាំង​មានចំណេះ​ដឹង​ច្រើន​ផ្នែក​ប្រព័ន្ធ​សង្គម​ផង​ដែរ ៕

គួរ​យល់​ដឹង

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ