ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​ខ្មែរ ៖ ការ​ទៅ​ស្រុក​កំណើត​ទាម​ទារ​ការ​សម្រេចចិត្ត​ប្រយ័ត្ន​ប្រ​យែ​ង

4 ឆ្នាំ មុន
  • ភ្នំពេញ

ជា​រៀង​រាល់​ឆ្នាំ ប្រជាជន​កម្ពុជា​ជា​ច្រើន​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​នៅ​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅ​ពាក់កណ្តាល​ខែមេសា ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​ការ​ជួបជុំ​គ្រួសារ​។ ប៉ុន្តែ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ ប្រហែលជា​នឹង​មិន​អាច​សប្បាយ​ដូច​ឆ្នាំ​មុន​ៗ​ឡើយ ខណៈ​ដែល​ប្រជាជន​ទូ​ទាំង​ប្រទេស​បាន​បារម្ភ​អំពី​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ដែល​កំពុង​ឆ្លង​ដល់​មនុស្ស​ចំនួន រហូត​ដល់​ជិត​៨​សែន​នាក់​ក្នុង​ពិភពលោក ហើយ​សម្លាប់​មនុស្ស​ជិត​បួន​ម៉ឺន​នាក់​។…

ជា​រៀង​រាល់​ឆ្នាំ ប្រជាជន​កម្ពុជា​ជា​ច្រើន​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​នៅ​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅ​ពាក់កណ្តាល​ខែមេសា ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​ការ​ជួបជុំ​គ្រួសារ​។ ប៉ុន្តែ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ ប្រហែលជា​នឹង​មិន​អាច​សប្បាយ​ដូច​ឆ្នាំ​មុន​ៗ​ឡើយ ខណៈ​ដែល​ប្រជាជន​ទូ​ទាំង​ប្រទេស​បាន​បារម្ភ​អំពី​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ដែល​កំពុង​ឆ្លង​ដល់​មនុស្ស​ចំនួន រហូត​ដល់​ជិត​៨​សែន​នាក់​ក្នុង​ពិភពលោក ហើយ​សម្លាប់​មនុស្ស​ជិត​បួន​ម៉ឺន​នាក់​។

នៅ​កម្ពុជា​ស្ថានភាព​មិន​ធ្ងន់ធ្ងរ​ដូច​ជា​ប្រទេស​ភាគច្រើន​នៅ​ក្នុង​ពិភពលោក​ទេ​។ រហូត​មក​ទល់​ត្រឹម​ថ្ងៃ​ទី​៣១ ខែមីនា កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ចំនួន​១០៩ ករណី​។ ហើយ​កម្ពុជា​មិន​ទាន់​មាន​មនុស្ស​ស្លាប់ ដោយសារ​មេរោគ​នេះ​ឡើយ​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់វិធានការ​សំខាន់​ជា​ច្រើន ដើម្បី​ប្រយុទ្ធ​នឹង​មេរោគ​កូ​វី​ដ​១៩​នេះ​។ សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៣០ ខែមេសា បាន​ប្រកាស​បិទ​កាស៊ីណូ​ទាំងអស់​ទូ​ទាំង​ប្រទេស ដើម្បី​ទប់​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ និង​បាន​ហាម​ការ​នាំ​ចេញ​អង្ករ និង​ស្រូវ ដើម្បី​ធានា​ការ​មាន​ស្បៀង​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​ក្នុង​ករណី​ដែល​មេរោគ​កូ​វី​ដ​១៩ នៅ​តែ​បន្ត​រាលដាល​នៅ​កម្ពុជា​។ ទន្ទឹម​នោះ សម្តេច​ក៏​បានអោយ​ដឹង​អំពី​ការ​ធ្វើ​ច្បាប់ ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​ផង​ដែរ​។

ចំពោះ​ពិធី​បុណ្យចូលឆ្នាំ សម្តេច​បាន​លើកទឹកចិត្ត​អោយ​ប្រជាជន​កម្ពុជា​រៀបចំ​ពិធី​នេះ នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន និង​ចៀសវាង​ការ​ជួបជុំ​ដែល​មាន​មនុស្ស​ច្រើន ដើម្បី​កុំអោយ​មានការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។

នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នោះ ប្រជាជន​កម្ពុជា​បាន​ទទួល​ការ​ឈប់​សម្រាក​ច្រើន​ថ្ងៃ​ហើយ ជា​ទូទៅ​ពួក​គេ​ច្រើន​យក​ពេលវេលា​នេះ​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត ឬ​ក៏​ដើរ​លេង​ក្រៅប្រទេស​។

ជា​រៀង​រាល់​ឆ្នាំ ទីក្រុង​ភ្នំពេញ បាន​ក្លាយជា​ទីក្រុង​ដ៏​ស្ងាត់ជ្រងំ ខណៈ​មនុស្ស​ភាគច្រើន​នាំ​គ្នា​ទៅ​លេង​ស្រុក​កំណើត និង​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​។

ប៉ុន្តែ​ឆ្នាំ​នេះ ការ​ធ្វើ​ដំណើរ​របស់​មនុស្ស​អាច​នឹង​ត្រូវ​ថយ​ចុះ​ដោយសារ​តែ​ការ​ភ័យ​ខ្លាច​នៃ​ការ​ឆ្លង មេរោគ​កូ​វី​ដ​១៩​។

វា​ច្បាស់​ណាស់​ថា ប្រជាជន​កម្ពុជា​នឹង​មិន​មាន​នរណា​ធ្វើ​ដំណើរ ទេសចរណ៍​ទៅ​ក្រៅ ប្រទេស​ទេ ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វី​ដ​១៩ នៅ​ក្នុង​ពិភពលោក​។

ប៉ុន្តែ​ចុះ​ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​វិញ​នោះ? តាម​ការ​សាកសួរ​អ្នកខ្លះ​បាន​និយាយ​ថា ពួក​គេ​ប្រហែលជា​នឹង​មិន​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​ឡើយ​ដោយ​ខ្លាច​មានការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។

ចំណែក​ខ្លះ​ទៀត​និយាយ​ថា ពួក​គេ​នឹង​ទៅ​លេង​ស្រុក ដើម្បី​ជួបជុំ​បងប្អូន និង​ឪពុក​ម្តាយ ពីព្រោះ​នេះ​ជា​ពេលវេលា​សំខាន់​សម្រាប់​ពួក​គេ ពិសេស​កម្មករ​រោងចក្រ និង​អ្នក​មក​ធ្វើការ​នៅ​ភ្នំពេញ តែ​មានស្រុក​កំណើត​នៅ​តាម​បណ្តា​ខេត្ត​នានា​។

វា​ប្រហែលជា​ទាមទារ​អោយ​មានការ​សម្រេចចិត្ត​ដ៏​ប្រុង​ប្រយ័ត្ន និង​ការ​ចេះ​ការពារ​ខ្លួន​ពី​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ សម្រាប់​ប្រជាជន​កម្ពុជា​ដែល​សម្រេចចិត្ត​ធ្វើ​ដំណើរ​ទៅ​លេង ស្រុក​កំណើត​នៅ​ក្នុង​ពេលវេលា​ដែល​មានការ​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩​។

នៅ​លើ​ពិភពលោក ប្រទេស​ជា​ច្រើន​ដែល​មាន​ស្ថានភាព​កូ​វី​ដ​១៩​ធ្ងន់ធ្ងរ បាន​ចេញ​វិធានការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ ហើយ​អោយ​ប្រជាជន​ស្នាក់​នៅ​តាម​ផ្ទះ​របស់​ខ្លួន បើសិនជា​មិន​មាន​ភាព​ចាំបាច់​។ ចំណាត់ការ​នេះ ពីព្រោះ​តែ​គេ​យល់​ថា ការ​ធ្វើ​ដំណើរ​ជា​មូលហេតុ​មួយ​នៃ​ការ​ឆ្លង និង​ចម្លង​មេរោគ​កូ​វី​ដ​១៩ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​។

នៅ​កម្ពុជា​ដែល​ស្ថានភាព​មិន​ទាន់​ធ្ងន់ធ្ងរ​ដូច​ប្រទេស​ជា​ច្រើ​នោះ រដ្ឋាភិបាល​មិន​ទាន់​ឈាន​ដល់​ដំណាក់កាល​នៃ​ការ​បិទ ឬ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​ឡើយ បើ​ទោះបីជា​មានការ​ណែនាំ​អោយ​ប្រជាជន​ចៀសវាង​ការ​ជួបជុំ​មនុស្ស​ច្រើន ហើយ​ណែនាំ​អោយ​មានការ​បិទ​ការ​ប្រគំ​ត​ន្រី្ត និង​ការ​ធ្វើ​ពិធី​មាន​មនុស្ស​ច្រើន ព្រមទាំង​បិទ​សាលារៀន​ទូ​ទាំង​ប្រទេស​។

សម្រាប់​រដ្ឋាភិបាល ការ​សម្រេចចិត្ត​ហាម​ការ​ធ្វើ​ដំណើរ​ប្រហែលជា​នឹង​អាច​កើត​មាន​ហើយ​ច្បាប់​នៃ​ការ​ដាក់​ប្រទេស​អោយ​ក្នុង​ស្ថានភាព​អាសន្ន​អាច​នឹង​ត្រូវ​ប្រកាស​ប្រើ បើសិនជា​រដ្ឋាភិបាល​យល់​ថា ស្ថានភាព​នៃ​ការ​រាលដាល​មេរោគ​កូ​វី​ដ​១៩ នៅ​កម្ពុជា មាន​ភាព​ធ្ងន់ធ្ងរ​ខ្លាំង​នៅ​ពេល​ខាង​មុខ​។ ប៉ុន្តែ​ពេល​នេះ ការ​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន គឺ​មិន​ចាំបាច់​ឡើយ​។

នៅ​ក្នុង​ដំណាក់កាល​នេះ ប្រជាជន​កម្ពុជា ត្រូវ​តាមដាន​ព័ត៌មាន​អោយ​ជាប់លាប់​ចំពោះ ការ​ណែនាំ​របស់​រដ្ឋាភិបាល​ដើម្បី​ចូល​រូ​ម​ក្នុង​ការ​ប្រយុទ្ធ​នឹង​មេរោគ​កូ​វី​ដ​១៩​។

ចំពោះ​ការ​ធ្វើ​ដំណើរ​វិញ វា​ទាមទារ​អោយ​ប្រជាជន​ទាំងអស់​ធ្វើការ​ពិចារណា​យ៉ាង​ម៉ត់ចត់​បំផុត ដោយ​គិតដល់​ភាព​ចាំបាច់​នៃ​ការ​ធ្វើ​ដំណើរ​នោះ និង​គ្រោះថ្នាក់​នៃ​ការ​ឆ្លេ​ង​មេរោគ​កូ​វី​ដ​១៩ ដែល​អាច​កើត​មាន​ពី​ការ​ធ្វើ​ដំណើរ​នោះ​។

ការ​ពិចារណា​ល្អិតល្អន់ និង​ការ​ចេះ​ការពារ​ខ្លួន​នឹង​អាច​ជួយ​ប្រជាជន​កម្ពុជា​ធ្វើ​ដំណើរ​បាន​សេចក្តីសុខ និង​ចៀស​ផុត​ពី​ការ​ឆ្លង​និង​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩​។

កន្លង​មក រដ្ឋាភិបាល​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​របស់​ខ្លួន ចំពោះ​ការ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​នៃ​ពលករ​កម្ពុជា​ជាង​ប្រាំ​ម៉ឺន​នាក់​មក​ពី​ប្រ​ទេ ស​ថៃ​ហើយ​បាន​ស្នើ​សុំ​អោយ​ពួក​គេ​ដាក់ខ្លួន​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព និង​បញ្ចៀស​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩ ដល់​មនុស្ស​ជាទី​ស្រឡាញ់​ក្នុង​គ្រួសារ​។

ដូច្នេះ​សូម​បងប្អូន​ទាំងអស់​បង្កើន​ការ​ប្រយ័ត្ន​ទាំងអស់​គ្នា​ហើយ​ធ្វើ​ដំណើរ​តែ​ក្នុង​ករណី​ដែល​ចាំបាច់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ