ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រាក​​ដក​មើមដំឡូងមីមួយរយៈសិន​ ​ដោយ​​​​នាំ​គ្នា​សម្រុក​ដាំ​ដើម​​​វិញ​

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​​ករណី​ផ្ទុះ​ជំងឺ​កូ​រ៉ូ​ណាឬ​កូ​វី​ដ-​១៩ ​កំពុងឆ្លង​រាលដាល​ស្ទើរតែពាសពេញ​ពិភពលោក ក៏​ដូច​ជា​ប្រទេស​កម្ពុជា រហូតធ្វើឱ្យ​ខាង​​ភាគី​វៀតណាម​និង​ថៃ​ បិទ​ច្រក​ទ្វារ​អន្តរ​ជាតិមួយ​ចំនួន ​​ឈ្មួញ​មានការ​ផ្អាក​នាំ​ចេញ​នូវ​កសិផល ដូច​ជា​ពោតក្រហម ស្វាយកែវ​រមៀត…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​​ករណី​ផ្ទុះ​ជំងឺ​កូ​រ៉ូ​ណាឬ​កូ​វី​ដ-​១៩ ​កំពុងឆ្លង​រាលដាល​ស្ទើរតែពាសពេញ​ពិភពលោក ក៏​ដូច​ជា​ប្រទេស​កម្ពុជា រហូតធ្វើឱ្យ​ខាង​​ភាគី​វៀតណាម​និង​ថៃ​ បិទ​ច្រក​ទ្វារ​អន្តរ​ជាតិមួយ​ចំនួន ​​ឈ្មួញ​មានការ​ផ្អាក​នាំ​ចេញ​នូវ​កសិផល ដូច​ជា​ពោតក្រហម ស្វាយកែវ​រមៀត និង​ដំឡូង​មីជាដើម ។ ប៉ុន្តែ នៅ​ក្នុង​ស្តង់​ដំឡូង​មី​ខ្លះ ឈ្មួញ​បន្ត​ទិញ​ដែរ តែ​ក្នុង​តម្លៃ​ទាប​ជាង​មុន ទើប​ធ្វើ​ឱ្យ​កសិករ​ផ្អាក​ការ​ប្រមូល​ផល ក៏​នាំ​គ្នា​សម្រុក​ដាំ​ដើម​ដំឡូង​វិញ ខណ​:​មាន​ភ្លៀង​២​ទៅ​៣​មេ ដែល​ធ្វើ​ឱ្យ​សើម​ដីចម្ការ​របស់​ខ្លួន ។

ជាក់ស្តែង ​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ មីនា ២០២០ មាន​កសិករម្នាក់ឈ្មោះភាព ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ រស់នៅ​ក្រុងប៉ៃលិន បាន​ជួល​កម្មករ​ជិត​១០​នាក់ ឱ្យ​ដើរ​ដាំ​ដើម​ដំឡូង​មី ក្នុង​ចម្ការ​របស់​ខ្លួន​ចំនួន​៤​ហិ​កតា ក្នុងភូមិ​ទឹកផុស សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ បុរស​ជា​ម្ចាស់​ចម្ការ​បានឱ្យកោះសន្តិភាព​​ដឹង​​ថា គាត់​បាន​ដាំដំឡូង​មី​ចំនួន​៩​ហិ​កតា ដោយ​បាន​ជួល​កម្មករ​ឱ្យ​ប្រមូល​ផលបាន​ចំនួន​៤​ហិ​កតា ហើយ​បាន​ដឹក​លក់​បាន​ចំនួន​ប្រហែល​៦០​តោន​ដែរ ។

គាត់​បន្ត​ទៀត​ថា ពេល​កំពុង​ប្រមូល​ផលដំឡូង​មី​លក់​បាន​ថ្លៃ ដោយ​ឈ្មួញ​ទិញក្នុង​១​គីឡូក្រាម តម្លៃ​២​បាត (​ប្រាក់​ថៃ​) ។ ​ក្រោយ​ពី​មាន​បញ្ហា​ផ្ទុះ​​​កូ​រ៉ូ​ណា ហៅ​កូ​វី​ដ​១៩ ស្រាប់តែ​នៅ​តាម​ស្តង់​ដំឡូង​មួយ​ចំនួន​អត់​មាន​ឈ្មួញ​ទិញ​នោះ​ទេ ។ រីឯ​តម្លៃក៏​មានការ​ធ្លាក់​ចុះ​ជាង​មុន​ដែរ ដោយ​ឈ្មួញ​ទិញ​ត្រឹមតែ​១​គីឡូក្រាម តម្លៃ​១.៥​បាត (​ប្រាក់​ថៃ​) ប៉ុណ្ណោះ ។ គាត់​បន្ត​ទៀត​ថា ពេល​ឃើញ​តម្លៃ​ចុះ​ទាប​ ដូច្នេះគាត់​ក៏​ផ្អា ក្នុង​ការ​ប្រមូល​ផល​បន្តិច​សិន ដោយ​សង្កេត​ឃើញ​ដីចម្ការ​របស់ ខ្លួន​ត្រូវ​ភ្លៀង​២​ទៅ​៣​ដង ទើប​ជួល​ឱ្យ​ត្រាក់ទ័រ​ភ្ជួរ​ដី​ពូន​រង រួច​ក៏​ជួល​កម្មករ​ចូល​ទៅ​ដាំ​ជា​បណ្តើរ​ៗ គឺ​ម៉ៅ​ឱ្យ​គេ​ដាំ ក្នុង​១​ហិ​កតា តម្លៃ​២៥​ម៉ឺន​រៀល ។

គាត់​បញ្ជាក់​ទៀត​ថា កាលពី​ឆ្នាំ​២០១៩ ដីចម្ការ​របស់​គាត់​ទាំង​៩​ហិ​កតា គឺ​ដាំដំឡូង​មី​ទាំងអស់ លុះ​មក​ដល់​ឆ្នាំ​២០២០​នេះ គាត់​មិន​ប្តូរ​ដាំ​ដំណាំ​អ្វី​ផ្សេង​ទៀត​នោះ​ទេ គឺ​រក្សា​ដើម​ដំឡូង​ទុក​ដាំ​ឡើង​វិញ​ទាំងអស់ ព្រោះ​បើ​ដាំពោត ក៏​តម្លៃ​ទីផ្សារ​ធ្លាក់​ចុះ​ដូច​គ្នា លុះ​ពេល​ទិញ​គ្រាប់ពូជ យក​មក​ដាំ​អស់​ថវិកា​ច្រើន ពេល​លក់​ក៏​មិនសូវ​ចំណេញ​ប៉ុន្មាន​ដែរ ។ តែបើ​ដាំដំឡូង​មី គាត់​មាន​ដើម​ខ្លួនឯង​ស្រាប់ គ្រាន់តែ​កាប់​ដាក់​ដាំ នោះ​មិន​ត្រូវ​ចំណាយ​អស់​ដើមទុន​ច្រើន​នោះ​ឡើយ ។

ចំណែក​បុរស​ម្នាក់ ឈ្មោះ វួ​ន កែវ អាយុ​៤០​ឆ្នាំ ជា​កម្មករ​ស៊ីឈ្នួល​ដាំដំឡូង​មី មក​ពី​ខេត្ត​កំ​ព ង់​ធំ មាន​គ្នា​ចំនួន​៧​នាក់ ដោយ​ធ្វើការ ដាំដំឡូង​មី​ឱ្យ​ម្ចាស់​ចម្ការ​ខាងលើ បាន​រយ​:​ពេល​១​អាទិត្យ​មក​ហើយ គឺ​ម៉ៅ​គេ
​ដាំ ក្នុង​១​ហិ​កតា តម្លៃ​២៥​ម៉ឺន​រៀល លុះ​បែងចែក​ប្រាក់​គ្នា ក្នុង​១​ថ្ងៃ អាច​សល់​បាន​ថវិកា​ ក្នុង​ម្នាក់​ចំនួន​៣០០០០ ​ទៅ​៤០០០០​រៀល​ដែរ ។ គាត់​បន្ត​ទៀត​ថា ពេល​ល្ងាច ពួក​គាត់​នាំ​គ្នា​ស្នាក់​នៅ​ដាំបាយ​ហូប​ក្នុង​រោង​ចាំចម្ការ ពេល​ដាំដំឡូង​មី​ឱ្យ​ថៅកែ​មួយ​អស់ ពួក​គាត់​នឹង​បន្ត​ទៅ​ដាំ​ឱ្យ​អ្នក​ផ្សេង​ទៀត ។ លើស​ពី​នេះ នៅ​ពេល ដែល​គេ​បើក​ច្រក​ទ្វារ​អន្តរជាតិ​វិញ ហើយ​តម្លៃ​ទីផ្សារ​ដំឡូង​មី​ឡើង​ខ្ពស់​ជាង​នេះ គាត់​នឹង​បន្ត​ដើរ​ដក​តាម​ចម្ការ​នីមួយ​ៗ រហូត​ដល់​អស់ ។

គាត់​បញ្ជាក់​ថា នៅ​ឯ​ស្រុក​កំណើតខែ​នេះ ទំនេរ​ពី​ការ​ធ្វើស្រែ ទើប​នាំ​ប្រពន្ធ​កូន​បងប្អូន ដើរ​ស៊ីឈ្នួល​គេ​នៅ​តាម​ចម្ការ​ក្នុង​ខេត្ត​ប៉ៃលិន រហូត​ដល់​មាន​ភ្លៀង​ធ្លាក់​ជោកជាំ មានទឹក​គ្រប់គ្រាន់ ទើប​ត្រឡប់​ទៅ​ភ្ជួរ​រាស់​ដី​ព្រោះស្រូវ​ធ្វើស្រែ​ឡើង​វិញ ។ សូម​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ នៅ​តាម​ចម្ការ​ដំឡូង​មី​មួយ​ចំនួន ម្ចាស់​​មិន​ទាន់​ប្រ​មូ ល​ផល​នៅឡើយ​យ​ទេ ដោយ​រង់ចាំ​តម្លៃ​ទីផ្សារ​ខ្ពស់​ជាង​នេះ​បន្តិច ហើយ​កន្លែង​ខ្លះ​ទៀត ក៏​មិន​ទាន់​ដាំ​ដើម​នៅឡើយ​ដែរ ដោយ​រង់ចាំ​មើល​ទឹកភ្លៀង​បន្តិចទៀត​សិន ក្រែង​ដាក់​ដាំ​ទៅ រាំងភ្លៀង​រយ​:​ពេល​យូរ អាច​បណ្តាល​ឱ្យ​ងាប់ លំបាក​ក្នុង​ការ​រក​កម្មករ​ដាំ​ម្តងទៀត ៕​

អត្ថបទសរសេរ ដោយ