បណ្ដាប្រទេសអឺរ៉ុប ៖ ការឆ្លងរាលដាលនៃវីរុសCOVID-19ហាក់ដូចជាឡើងដល់កម្រិតខ្ពស់បំផុតហើយ មកដល់ថ្ងៃទី៣០ ខែមីនា ក្នុងប្រទេសអឺរ៉ុបមួយចំនួន ដែលក៏ទោះបីមានការបង្ខាំងមនុស្សមិនឲ្យចេញទៅណាមកណា ប៉ះពាល់ដល់មនុស្សជិតពាក់កណ្ដាលនៃពិភពលោក ក៏វីរុសនោះ នៅបន្តឆ្លងរាលដាលខ្លាំងពិសេសនៅសហរដ្ឋអាមេរិក។
មនុស្សប្រមាណជាជាង៣៧.០០០នាក់ហើយបានបាត់បង់ជីវិតលើពិភពលោកដោយសារវីរុសហើយនៅអ៊ីតាលី ចំនួនអ្នកបាត់បង់ជីវិតឡើងហួសពី១១.០០០នាក់។
អ៊ីតាលីអ្នកឆ្លងថ្មីចុះថយតែ៨១២នាក់ទៀតបាត់បង់ជីវិត
ទីភ្នាក់ងារការពារស៊ីវិលអ៊ីតាលីប្រកាសនាថ្ងៃទី៣០មីនាថា ចំនួនអ្នកឆ្លងវីរុសថ្មីនៅអ៊ីតាលីមានការចុះថយយ៉ាងច្បាស់ តែចំនួនអ្នកបាត់បង់ជីវិតប្រចាំថ្ងៃមានការកើនឡើង ជាមួយអ្នកបាត់បង់ជីវិត៨១២នាក់ថែមទៀត នាំឲ្យចំនួនសរុបនៃអ្នកបាត់បង់ជីវិតឡើងដល់១១.៥៩១នាក់។
ជាមួយអ្នកឆ្លងថ្មី៤.០៥០នាក់ថែមទៀតនាំឲ្យចំនួនអ្នកឆ្លងក្នុងប្រទេសនេះ ឡើងដល់១០១.៧៣៩នាក់។ ប្រទេសនេះដែលប្រជាជន ត្រូវរស់នៅក្នុងការបង្ខាំង ចាប់តាំងពីប្រមាណជា៣សប្ដាហ៍មកហើយ រៀបរាប់ពីអ្នកឆ្លងថ្មី៥.២១៧នាក់នាថ្ងៃទី២៩មីនា និង៥.៩៧៤នាក់នាថ្ងៃទី២៨មីនា ។ ក្នុងចំណោមមនុស្សឆ្លងវីរុសនៅអ៊ីតាលី អ្នកជំងឺ១៤.៦២០នាក់បានជាសះស្បើយគិតដល់ថ្ងៃទី៣០មីនា ។
អ៊ីតាលីជាប្រទេសដែលតាមផ្លូវការ មានចំនួនអ្នកបាត់បង់ជីវិតដោយសារវីរុសច្រើនជាងគេលើពិភពលោក។ ថ្ងៃទី២៧មីនាជាថ្ងៃដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងប្រទេសនេះ ដល់ទៅ៩១៩នាក់។
អេស្ប៉ាញជាប្រទេសទី២ ដែលរងការប៉ះពាល់ខ្លាំងជាងគេបំផុតដោយសារវីរុសលើពិភពលោក ជាមួយអ្នកបាត់បង់ជីវិតកើនដល់៧.៣៤០នាក់។ តែប្រទេសនេះចំនួនអ្នកបាត់បង់ជីវិត បន្តធ្លាក់ចុះ នាំឲ្យគេគិតថាកម្រិតកំពូលនៃការឆ្លងក្នុងប្រទេសនេះជិតឈានដល់ហើយ។ ប្រទេសនេះបន្តការប្រុងប្រយ័ត្នដោយកម្រិតចំនួនអ្នកចូលរួម ក្នុងការបញ្ចុះសពអ្នកបាត់បង់ជីវិតត្រឹមតែ៣នាក់។
អង់គ្លេសអ្នកបាត់បង់ជីវិតកើនជាង១.៤០០នាក់
ការឆ្លងរាលដាលនៃវីរុសនោះតាមអាជ្ញាធរអង់គ្លេសថា បណ្ដាលឲ្យមនុស្សបាត់បង់ជីវិតថ្មី១៨៩នាក់ថែមទៀត រយៈពេល២៤ម៉ោងចុងក្រោយនេះនៅចក្រភពអង់គ្លេស នាំឲ្យចំនួនអ្នកបាត់បង់ជីវិតសរុបឡើងដល់១.៤០៨នាក់។ មកដល់ថ្ងៃទី៣០មីនា គិតត្រឹមវេលាម៉ោង៩ម៉ោងក្នុងស្រុក ចំនួនអ្នកឆ្លងវីរុសក្នុងប្រទេសនេះ បានឡើងដល់២២.១៤១នាក់។
នៅអង់គ្លេសវីរុសបានឆ្លងរហូតដល់ព្រះអង្គម្ចាស់ឆាល នាយករដ្ខមន្ត្រីនិងរដ្ឋមន្ត្រីសុខាភិបាល។ ព្រះអង្គម្ចាស់ឆាលរជ្ចទាយាទបានចាកចេញពីការបង្ខាំងខ្លួននៅដាច់ពីគេហើយ កាលពីថ្ងៃទី៣០មីនា ក្រោយពីឆ្លងវីរុស។ ព្រះអង្គម្ចាស់ឆាលព្រះជន្ម៧១ព្រះវស្សា តាមព្រះបរមរាជវាំងថា ទ្រង់មានសុខភាពល្អក្រោយពីស្តិតនៅដាច់ពីគេអស់រយៈពេល៧ថ្ងៃមក៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ