យានដ្ឋាន​កែ​ច្នៃ​ជួសជុល​រថយន្ត​ធំ​មួយ ត្រូវ​មន្ត្រី​ជំនាញ​ឲ្យ​ប្តូរ​ទីតាំង និង​បិទ​តែ​ម្តង


ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យានដ្ឋាន​កែ​ច្នៃ​ជួសជុល​រថយន្ត​ធំ​មួយ​កន្លែង មាន​កំហុស និង​បង្ក​ហា​នី​ភ័យ​ដល់​ពលរដ្ឋ​ជិតខាង ព្រមទាំង​ធ្វើ​ឱ្យ​ខូច​បរិ​ស្ថាន សណ្តាប់ធ្នាប់​សាធារណៈ​ផង​ដែរ ដោយ​អត់​គោរព​កិច្ចសន្យា ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​គោរ​ដ្ឋា​ន​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។ ហើយ​នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២០ នេះ ត្រូវ​បាន​មន្ត្រី​ជំនាញ​កំណត់​ឲ្យ​មាន​ជម្រើស​២ ដើម្បី​សម្រេច គឺ​បើ​មិន​បិទ ក៏​ត្រូវ​ប្តូរ​ទីតាំង​ចេញពី​កន្លែង​ធ្វើ​សព្វ​ថ្ងៃនេះ​ផង​ដែរ ។

បើ​តាម​លោក គង់ ប៊ុ​ន​លឿ​ត បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​បាន​ភាព​ច្បាស់លាស់ ល្អិតល្អន់ មិន​លម្អៀង និង​ការ​វាយតម្លៃ​រលើ​ការ​អនុវត្ត​កិច្ចសន្យា ក៏​ដូច​ផល​ប៉ះពាល់​ពី​យានដ្ឋាន​ទៅ​លើ​ពលរដ្ឋ​នៅ​ជិតខាង​ជុំវិញ ក៏​ដូច​ជា​សាធារណជន​ឆ្លងកាត់​ផង​។ ជា​លទ្ធផល ការ​ពិនិត្យ វាយតម្លៃ​ជា​បន្ត​បន្ទាប់​បានឃើញ​ថា ម្ចាស់​យានដ្ឋាន​នេះ មិន​គោរព​កិច្ចសន្យា​ឡើយ ដូច​ជា​ច្បាប់​សុំ​អនុញ្ញាតិ​ជួសជុល​រថយន្ត​ធំ តែ​បាន​បន្ថែម​ទៅ​កែ​ច្នៃ ហើយ​មិន​រាយការណ៍​ដល់​ជំនាញ​ឡើយ ។

លោក​បន្ត​ថា ព្រមទាំង​កិច្ចសន្យា​ដទៃ​ទៀត​ក៏​គោរព​មិន​បាន​ដែរ រួម​មាន រំលោភ​និង​ប្រើប្រាស់​ដី​ចំណី​ផ្លូវ​សម្រាប់​ថ្មើរជើង មិន​គោរព​តាម​ច្បាប់​រដ្ឋ​កំណត់ ដែល​មាន​តម្លើង​ត​ទ្រុង ថែម​ភ្លៅ ទំហំ​ខុស​បទដ្ឋាន​បច្ចេកទេស មិន​ការពារ​បរិស្ថាន ជា​ពិសេស​ការ​បង្ហូរ​ប្រេងរំអិល​ចេញ​ក្រៅ​បន្ត​រំខាន​ដល់​ការ​រស់នៅ​របស់​អ្នក​ជិតខាង គ្មាន​បម្រុង​ទុក​ឧបករណ៍​សុវត្ថិភាព ឧបករណ៍​ពន្លត់អគ្គីភ័យ​ជាដើម​។ កំហុស​ទាំងនេះ​មិនមែន​លើក​ទី​១​នោះ​ទេ គឺ​មាន​ច្រើន​លើក​មក​ហើយ ។

យោង​តាម​ការ​ចោទប្រកាន់​ខាងលើ​នោះ លោក​ឆាយ ឈាន ជា​ម្ចាស់​យានដ្ឋាន​បាន​និយាយ​ថា លោក និង​ក្រុម​ជាង​បញ្ចេញ​ស្នៀត​ដដែល​ៗ សំណូមពរ​អង្វរករ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​កុំ​បិទ​យានដ្ឋាន​របស់​លោក ព្រោះ​ជីវភាព និង​ការ​លំបាក​របស់​ពួក​ខ្លួន​នឹង​ធ្លាក់​មក​លើ​ជា​ច្រើន​ទៀត បើ​បិទ​យានដ្ឋាន​នេះ ។

ឯ​មន្ត្រី​ជំនាញ​បាន​ប្រាប់​ថា ចំពោះ​ករណី​នេះ បើ​មិន​បិទ​ក៏​ត្រូវ​ផ្អាក​សកម្មភាព ហើយ​មិន​អាច​ឲ្យ​បុគ្គល​នេះ ធ្វើ​ផ្គើន​ម្តង​ហើយ​ម្តងទៀត​នោះ​ឡើយ​។

ចំណែក​ជន​រង​គ្រោះ អ្នកស្រី​ប្រាក់ ស៊ី​ណៃ ម្ចាស់​បណ្ណាគារ​បន្ទាយស្រី បាន​ឲ្យ​ដឹង​ថា យានដ្ឋាន​របស់​លោក ឆាយ ឈាន មានការ​គ្រោះថ្នាក់ ផលវិបាក​ខូចខាត និង​បញ្ហា​ប្រឈម​របស់​អ្នកស្រី និង​ក្រុម​គ្រួសារ ក៏​ដូច​ជា​ទ្រព្យសម្បត្តិ និង​ពលរដ្ឋ​ជិតខាង ដែល​កើត​មាន​យូរ​ឆ្នាំ​ច្រើន​ណាស់​មក​ហើយ ។ អ្នកស្រី និង​ពលរដ្ឋ​ជិតខាង បាន​យោគយល់ អត់ធ្មត់​រហូត​រង​គ្រោះ​ទាំង​ខ្លួនឯង ក៏​នៅ​តែ​ម្ចាស់ និង​ក្រុម​ជាង​នៃ​យានដ្ឋាន​នោះ មិន​ដែល​យក​ភ្នែក​មើល ហើយ​យល់​ពី​ទុក្ខ​លំបាក ការ​គ្រោះថ្នាក់ របស់​ពួក​អ្នកស្រី​ឡើយ ។

ទោះ​យ៉ាងណា អ្នកស្រី​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ដល់​មន្ត្រី​ជំនាញ មន្ត្រី​អាជ្ញាធរ​និង​អ្នក​ពាក់ព័ន្ធ​ដែល​បញ្ជូន​មន្ត្រី​មក​ពិនិត្យ ស្រាវជ្រាវ និង​ចាត់វិធានការ​លើ​ករណី​នេះ ។ ហើយ​អ្នកស្រី​ស្នើ​សុំ​ឲ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ ចាត់ការ​បិទ ឬ​ប្តូរ​ទីតាំង​យានដ្ឋាន​នេះ​នៅ​ពេល​នេះ​តែ​ម្តង មិន​អាច​ពន្យា​ពេល​ឡើយ​។

លោក​អភិបាល​ខេត្តបន្ទាយមានជ័យ និង​លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត បាន​ពិភាក្សា​គ្នា​ថា នៅ​ថ្ងៃ​ទី​៣០ ខែមីនា នឹង​ឲ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ចុះ​ពិនិត្យ វាយតម្លៃ​ម្តងទៀត លើ​ការ​អនុវត្ត​កិច្ចសន្យា និង​ស្រាវជ្រាវ​ករណី​ឧប្បត្តិហេតុ​នៅ​យានដ្ឋាន​នោះ ។

សូម​រំលឹក​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២១ មីនា មាន​គ្រោះថ្នាក់​មួយ​លើក​ទៀត​ដែល​បង្ក​ពី​រថយន្ដ​ធំ​១​គ្រឿង​ដែល​ទើប​ជួសជុល និង​កែ​ច្នៃ​រូ​ច​នៅ​យានដ្ឋាន​នោះ ដោយ​បាន​ថយ​ទៅ​បុក​ចំ​ទ្វារ​ចូល​នៃ​បណ្ណា​គារ​បន្ទាយស្រី បង្ក​ឱ្យ​ខូចខាត​ផ្នែក​ខាង​មុខទ្វារ កញ្ចក់ និង​សម្ភារៈ​ជា​ច្រើន ផង​ដែរ​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ