ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​២​នាក់ និង​ដកហូត​អាវ​ពេទ្យ និង​​ម៉ាស​នាំ​ចេញ​ខុសច្បាប់​ជា​ច្រើន​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ទីតាំង​លួច​នាំ​ចេញ​ទៅ​ក្រៅប្រទេស​នូវ​អាវ​ពេទ្យ រួម​ជាមួយ​ម៉ាស់​សម្រាប់​ការពារ​មេរោគ​ផ្សេង​ៗ ជា​ពិសេស​វីរុស​កូ​វី​ដ​១៩ ត្រូវ​បាន​កម្លាំង​​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ និង​ព្រះរាជអាជ្ញា​រង អម​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​បាន​ចំនួន​៣​ទីតាំង…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ទីតាំង​លួច​នាំ​ចេញ​ទៅ​ក្រៅប្រទេស​នូវ​អាវ​ពេទ្យ រួម​ជាមួយ​ម៉ាស់​សម្រាប់​ការពារ​មេរោគ​ផ្សេង​ៗ ជា​ពិសេស​វីរុស​កូ​វី​ដ​១៩ ត្រូវ​បាន​កម្លាំង​​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ និង​ព្រះរាជអាជ្ញា​រង អម​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​បាន​ចំនួន​៣​ទីតាំង ប៉ុន្តែ​ពេល​ឆែកឆេរ និង​ត្រួតពិនិត្យ​នោះ​រក​ឃើញ​២​ទីតាំង​ល្មើសច្បាប់ និង​១​ទីតាំង​ទៀត​មានច្បាប់​ត្រឹមត្រូវ​។

សេចក្តីរាយការណ៍​បន្ត​ថា ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ម៉ោងជាង​២​រសៀល ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២០ ហើយ​ទីតាំង​ទាំង​៣​កន្លែង​ខាងលើ​នេះ ស្ថិត​នៅ​ក្នុង​បុរី​អាកាសចរណ៍ ភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើ​តាម​ស្ត្រី​​​ដែល​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​នៅ​ឡើយ​​ទេ ហើយ​ក៏​មិន​ទាន់​ដឹង​ថា តើ​សមត្ថកិច្ច​មាន​ចំណាត់ការ​បែប​ណា​ចំពោះ​ពួក​គាត់​នៅឡើយ​ដែរ?

បើ​តាម​លោក​អនុប្រធាន​នគរបាល​ប្រឆាំង​បទល្មើស​សេច​កិច្ច​នៃ​ក្រសួងមហាផ្ទៃ ដែល​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​នេះ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខណៈនោះ​កម្លាំង​របស់​លោក​បាន​ចុះ​ឆែកឆេរ និង​ចាប់​យក​វត្ថុ​តាង​បទល្មើស​មួយ​ចំនួន គឺ៖

ទីតាំង​ទី​១ មាន​អាវ​ពេទ្យ​ការពារ​មេរោគ​ចំនួន​៨​កា​តុង ស្មើ​និង​៤០០​អាវ ម៉ាស់​មនុស្ស​ចាស់​ផលិត​នូវ​ប្រទេស​ចិន​៤០​កា​តុង ស្មើ​៨០០០០​ម៉ាស់ ម៉ាស់​ក្មេង​ចំនួន​៧​កា​តុង ស្មើ​និង​៨៥,០០០​ម៉ាស់​, ម៉ាស់​ផលិត​នូវ​ប្រទេស​វៀតណាម​ចំនួន​១៣​កា​តុង ស្មើនឹង​៣២៥០០​ម៉ាស់​។

ចំណែកឯ​ទីតាំង​ទី​២ ចាប់​យក​ម៉ាស់​ដែល​លួច​ផលិត​ខុស​បច្ចេកទេស​បន្លំ​ធ្វើ​ពី​ក្រដាស់ មាន​ចំនួន​ជាង​១៩​ម៉ឺន​ម៉ាស់ ។

លោក​ឧត្តមសេនីយ៍​បាន​បន្ត​ថា ក្រៅពី​វត្ថុ​តាង​ខាងលើ ក៏​បាន​ឃាត់ខ្លួន​ស្ត្រី​២​នាក់​នាំ​យក​ទៅ​យក​ទៅ​​កាន់​នាយក​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើ​កំណត់ហេតុ​សាក​សួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ។ ហើយ​ប្រ​តិ​បត្ត​ការ​នេះ​ដែរ បាន​ធ្វើ​ឡើង​ក្រោម​បញ្ជា​ដោយ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ា​ន់​ធឿ​ន ប្រធាន​នាយកដ្ឋាន នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ និង​ក្រោម​ការ​សម្រប​ស​ម្រ​ល​ពី​ដំណាង​អយ្យការ លោក​​​សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង​អម​អយ្យការ​សាល​ដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ​។

រីឯ​ទីតាំង​ទី​៣ នាំ​ចូល​មានច្បាប់​ត្រឹមត្រូវ និង​នាំ​ចូល ដើម្បី​ផ្គត់ផ្គង់​ដល់​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​​មហន្តរាយ សម្រាប់​ការងារ​មនុស្សធម៌ មិន​ត្រូវ​បាន​ប៉ះពាល់​ឡើយ ។ ចំណែក​វត្ថុ​តាង​ដែល​ដកហូត​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​នាយកដ្ឋាន នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ដើម្បី​ចាត់ការ​បន្ត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ