ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្យល់កន្ត្រាក់ខែប្រាំង​​ហាក់​មិន​បន្ធូរ​ដៃ​ឡើយ​ នៅបាត់ដំបង

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ បើ​គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​៣០ ​មីនា ខ្យល់​ក​ន្ក្រា​ក់​ចុងរដូវ​ប្រាំង ឬ​ដើមរដូវ​វស្សានា​ឆ្នាំ​នេះ បាន​វាយប្រហារ​យ៉ាង​ចាស់ដៃ​ចំនួន​៤​លើក​ជា​បន្តបន្ទាប់ ទៅ​លើ​បណ្ដា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្តបាត់ដំបង និងបាន​បំផ្លាញ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​អស់​ប្រមាណ​ជិត​៩០​ខ្នង តែ​មិន​មាន​របាយ​ការ​ណ៍​ស្ដី​ពី​ការ​ខូចខាត​ផលដំណាំ…

ខេត្តបាត់ដំបង ​៖ បើ​គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​៣០ ​មីនា ខ្យល់​ក​ន្ក្រា​ក់​ចុងរដូវ​ប្រាំង ឬ​ដើមរដូវ​វស្សានា​ឆ្នាំ​នេះ បាន​វាយប្រហារ​យ៉ាង​ចាស់ដៃ​ចំនួន​៤​លើក​ជា​បន្តបន្ទាប់ ទៅ​លើ​បណ្ដា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្តបាត់ដំបង និងបាន​បំផ្លាញ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​អស់​ប្រមាណ​ជិត​៩០​ខ្នង តែ​មិន​មាន​របាយ​ការ​ណ៍​ស្ដី​ពី​ការ​ខូចខាត​ផលដំណាំ ឬមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​ ។ នេះ​បើ​តាម​ព័​ត៌​មាន​បឋម​ពី​សមត្ថកិច្ច​ដែល​បាន​រាយ​ការ​ណ៍​ជា​បន្តបន្ទាប់​។

យោង​លើ​របាយ​ការ​ណ៍ការ​ចុង​ក្រោយ​នេះបាន​ឲ្យ​ដឹង​ថា ភ្លៀង​ដែល​មាន​លាយឡំ​ជាមួយនឹង​ខ្យល់​ក​ន្ក្រា​ក់​យ៉ាង​ខ្លាំង​ក្លា​ផង បាន​វាយប្រហារ កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ មីនា ទៅ​លើ​ឃុំ​មួយ​ចំនួន នៅ​ក្នុងស្រុក​ថ្មគោល ដែល​បណ្ដាល​ឲ្យ​លំនៅ​ឋាន​របស់​ពលរដ្ឋ​យ៉ាងតិច​ចំនួន​៥៥​ខ្នងបាន​រង​ការ​ខូចខាត​។ សេចក្ដី​រាយ​ការ​ណ៍​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​លំនៅ​ឋាន​ទាំង​៥៥​ខ្នង​នោះ មាន​ចំនួន​​៤​ខ្នង បាន​ខូចខាត​ទាំងស្រុង ក្រៅពី​នេះ​ខូចខាត​ដំបូល​។

ប្រជាពលរដ្ឋ​នៅ​ឃុំ​បឹង​ព្រីង ដែល​រង​គ្រោះ​ដោយ​ខ្យល់​ក​ន្ក្រា​ក់​ដែរ​នោះ ​បាន​ថ្លែងប្រាប់​កោះសន្តិភាព តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ​មីនា នេះ​ថា ភ្លៀង​បាន​បង្អោរ​ធ្លាក់​មិន​ច្រើន​ទេ តែ​បង្ក​ឲ្យ​មាន​ខ្យល់​ក​ន្ក្រា​ក់​យ៉ាង​ខ្លាំង ហើយ​ថែម​ទាំង​បង្កើន​នូវ​ផ្គរ​រន្ទះ​ដ៏​គួរ​ឲ្យ​ខ្លាច​ទៀត​ផង​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា លំនៅ​ឋាន​ដែល​រង​ការ​ខូចខាត​ដោយ​ខ្យល់​ក​ន្ក្រា​ក់ ភាគច្រើន​របើក​ដំបូល តែ​សំណាងល្អ មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស ឬប៉ះពាល់​ផលដំណាំ​ធ្ង​ន​់ធ្ង​រ​ទេ​។

សូម​បញ្ជាក់​ថា ភ្លៀង​កក់ខែ​ដែល​មាន​លាយឡំ​នឹង​ខ្យល់​ក​ន្ក្រា​ក់​ផង នា​ចុងរដូវ​ប្រាំង ឬ ដើមរដូវ​វស្សា​នា​ឆ្នាំ​នេះ សម្រាប់​ខេត្តបាត់ដំបង បាន​ចាប់ផ្ដើមតាំងពី​ថ្ងៃ​ទី​២៤ មីនា រហូត​មក​ដល់​ត្រិ​ម​ល្ងាច​ថ្ងៃ​ទី​៣០ មីនា នេះ​គឺ​មាន​ចំនួន​០៤​លើក និងបាន​ប៉ះ​ទ​ង្កិ​ច​ទៅ​លើ​ស្រុក​ចំនួន​០៣​ ។ ប៉ុន្តែ​ក្នុង​ចំណោម​នេះ ស្រុក​ថ្មគោល បាន​រង​ការ​វាយប្រហារ​ចំនួន​០៣​លើក​ផ្ទូ​ន​ៗ​ធ្ងន់ធ្ងរ​ជាងគេ​។

នៅ​ក្នុង​របាយ​ការ​ណ៍​ដែល​កោះសន្តិភាព​ទ​ទូល​បានជា​បន្តបន្ទាប់​កន្លង​ទៅ​នេះ លើក​ទី​១-នៅ​ល្ងាច​ថ្ងៃ​ទី​២៤ មី​នា ខ្យល់​ក​ន្ក្រា​ក់បាន​ប៉ះ​ទ​ង្កិ​ច​ទៅ​លើ​ភូមិ​មួយ​ចំនួន នៅ​ក្នុងស្រុក​គាស់​ក្រឡ ដែល​បណ្ដាល​ឲ្យ ខូចខាត​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​អស់​ចំនួន​០២​ខ្នង​។ លើក​ទី​២-នៅ​ល្ងាច​ថ្ងៃ​ទី​២៥ មីនា ខ្យល់​ក​ន្ក្រា​ក់​រដូវក្ដៅ​ដដែល​នេះ បាន​វាយប្រហារ​ទៅ​លើ​ឃុំ​បួរ នៅ​ក្នុងស្រុក​ភ្នំព្រឹក បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​១៣​ខ្នង ក្នុង​នោះ​ចំនួន​០២ បាន​ខូចខាត​ទាំងស្រុង​ ។

ប៉ុន្តែ​ស្ទើរ​​មិនលោះពេល​មិន​ដល់​មួយ​ម៉ោង​ផង ក្នុង​ថ្ងៃ​ដដែល​នេះ (២៥ ០៣ ២០) ស្រាប់តែ​មាន​សេចក្ដី​រាយ​ការ​ណ៍​ថា នៅ​ក្នុង​ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ខ្យល់​ក​ន្ក្រា​ក់​ក៏​បាន​វាយប្រហារ​បំផ្លាញ​ផ្ទះសម្បែង​ប្រជា​ពលរដ្ឋ​អស់​ចំនួន​៩​ខ្នង​ដែរ​ ។ មហន្តរាយ ដែល​បង្ក​ដោយ​បាតុភូត​ធម្មជាតិ​នេះ ហាក់​មិន​បន្ធូរ​ដៃ​ទេ លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​២៨ មីនា ខ្យល់​ក​ន្ក្រា​ក់បាន​វាយប្រហារ​បន្ថែម​ទៀត ទៅ​លើ​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល បណ្ដាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៩​ខ្នង បាន​រង​ការ​ខូចខាត​ទៀត​ ។ ខណៈ​ដែល​សមត្ថកិច្ច និង អាជ្ញាធរ ឬ មន្ត្រី​សាខា​កាកបាទក្រហម​ខេត្ត បាន​និង​កំពុង​មមាញឹក ក្នុង​ការ​ចុះ​ពិនិត្យ និង ជួយ​សង្គ្រោះ​បឋម ស្រាប់តែ​នៅ​រសៀល​ថ្ងៃ​ទី​៣០ មិ​នា ខ្យល់​ក​ន្ក្រា​ក់​ដ៏​សាហាវ​នេះ បាន​វាយប្រហារ​យ៉ាង​គំហុក​ជា​ថ្មី​ទៀត និង ជា​លើក​ទី​៣ ទៅ​លើ​ស្រុក​ថ្មគោល ដដែល​នេះ ដែល​នាំ​ឲ្យ​អាជ្ញាធរ និង ពលរដ្ឋ នៃ​ស្រុក​នេះ​មាន​ក្ដី​បារម្ភ​យ​យ៉ាង​ខ្លាំង ។

លើក​ចុង​ក្រោយ​នេះ ​ថ្ងៃទី៣០ ០៣ ២ បាន​ប៉ះ​ទ​ង្កិ​ច​ទៅ​លើ​ភូមិ​ជា​ច្រើន នៅ​តាម​មូលដ្ឋាន នៃ​ស្រុក​ថ្មគោល ហើយ​ផ្ទះសម្បែង​ពលរដ្ឋ​ក៏​រង​ផល​ប៉ះពាល់​យ៉ាងច្រើន​ដែរ ​។ បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​ប្រជាពលរដ្ឋ​យ៉ាងតិច​ចំនួន​៥៥​ខ្នង ដែល​រង​ការ​ខូច​ខា​ច​ដោយសារ​ខ្យល់​ក​ន្ក្រា​ក់​យ៉ាង​ខ្លាំងក្លា នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ ហើយ​ក្នុង​ចំណោម​នេះ មាន​ចំនួន​០៤​ខ្នង បាន​ដួល​រលំ​ទាំងស្រុង តែ​មិន​មាន​គ្រោះថ្នាក់​មនុស្ស​ទេ​។

យ៉ាងណា​ក៏​ដោយ រហូត​មក​ដល់​ពេល​នេះ បើ​តាម​មន្ត្រី​រដ្ឋបាល​ខេត្ត បាន​ប្រាប់​ថា អាជ្ញាធរ​ខេត្ត និង មន្ត្រី​សាខា​កាកបាទក្រហម​ខេត្ត រួម​ទាំង​មន្ត្រី​តាម​បណ្ដា​មូលដ្ឋាន​ផង បាន​និង​កំពុង​មមាញឹក​យ៉ាង​ខ្លាំង ក្នុង​ការ​ចុះ​ស្រាវជ្រាវ ត្រូ​ត​ពិនិត្យ និងប្រមូល​ទិន្នន័យ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិ​នេះ ដើម្បី​រៀបចំ​ជា​អំណោយ ស្បៀងអាហារ និង សម្ភារៈ​មួយ​ចំនួន​ជួយ​សង្គ្រោះ​បន្ទាន់ និង ជាបឋម ខណៈ​ដែល​អាកាសធាតុ​ហាក់​មានការ​ប្រែ​ប្រូ​ល​ស្ទើរ​រាល់ថ្ងៃ​ ។

ជាមួយនឹង​អាកាសធាតុ​បែប​នេះ មន្ត្រី​ជំនាញ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ គ្រប់​ទីកន្លែង ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​កំរិត​ខ្ពស់​បំផុត ចំពោះ​បាតុភូត​ធ្ម​ជាតិ «​ខ្យល់​ក​ន្ក្រា​ក់ និងផ្គរ​រន្ទះ​» ដែល​នឹង​អាច​កើត​ឡើងជា​បន្តបន្ទាប់​ទៀត ដូច​ខាងលើ នា​ពេល​ខាង​មុខ​នេះ​៕ ​

អត្ថបទសរសេរ ដោយ