រាជធានីភ្នំពេញ ៖ ក្នុងស្ថានភាពរាលដាលនៃជំងឺកូវីដ ១៩ ក្នុងប្រទេសកម្ពុជានៅតែបន្ត កើនឡើងជាបន្តបន្ទាប់នោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តដាក់ចេញនូវយុទ្ធសាស្ត្រ របស់ខ្លួនបន្តបន្ទាប់ផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល និងត្រៀមទប់ទល់នឹងស្ថាន ភាពដ៏អាក្រក់នេះ ។ រហូតមកដល់ថ្ងៃទី ៣០ខែមីនា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាកចេញនូវយុទ្ធសាស្ត្រថ្មីមួយទៀត គឺផ្អាកការនាំចេញអង្ករ ស និងស្រូវទៅកាន់ ទីផ្សារបរទេស ដើម្បីទុកអង្ករប្រភេទនេះសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកវិញ ។
យោងតាមប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ចាប់ពីថ្ងៃទី ៥ខែមេសា ឆ្នាំ ២០២០នេះតទៅ រដ្ឋាភិបាលនឹងចេញបញ្ជាឱ្យផ្អាកការនាំចេញ អង្ករ ស និងស្រូវទៅកាន់ទីផ្សារក្រៅប្រទេស ដោយអនុញ្ញាតឱ្យនាំចេញតែអង្ករក្រអូបប៉ុណ្ណោះ ។ ការផ្អាកការនាំចេញអង្ករ ស និងស្រូវ ទៅកាន់ទីផ្សារក្រៅប្រទេសនេះ គឺដើម្បីរក្សាទុក ផ្គត់ផ្គង់ក្នុងស្រុក ។
សម្ដេចមានប្រសាសន៍ថា កន្លងមកកម្ពុជានាំចេញអង្ករ ស និងស្រូវ ភាគច្រើននាំចេញទៅ កាន់ប្រទេសជិតខាង ដូចជា៖ ថៃ និងវៀតណាម ដូច្នេះដើម្បីធានា ដល់ការផ្គត់ផ្គង់ក្នុង ស្រុក ចាំបាច់ត្រូវតែផ្អាកការនាំចេញអង្ករ ស និងស្រូវមួយរយៈរហូតដល់មានការជូន ដំណឹងជាថ្មី ។ ដោយឡែកអង្ករក្រអូប គឺនៅតែអនុញ្ញាតឱ្យនាំចេញជាធម្មតា ព្រោះអង្ករ ប្រភេទនេះមិនមានច្រើននោះទេ ហើយក៏មិនមានតម្រូវការក្នុងស្រុកប៉ុន្មានដែរ ដោយសារ តែប្រជាជនកម្ពុជាភាគច្រើនប្រើតែអង្ករធម្មតា ខុសពីអង្ករលេខ ១ ដែលជាអង្ករក្រអូបនាំ ទៅកាន់ទីផ្សារអឺរ៉ុប ទីផ្សារចិន និងប្រទេសផ្សេងទៀត ។
សម្ដេចនាយករដ្ឋមន្ត្រី បានទុកពេលមួយសប្ដាហ៍ដល់ឈ្មួញដែលបានទិញស្រូវ និង អង្ករ រួចហើយ សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសក្រៅ ដើម្បីឱ្យផុតនៅការនាំចេញរបស់ ខ្លួន ហើយចាប់ពីថ្ងៃទី ៥ខែមេសា ឆ្នាំ ២០២០តទៅការនាំចេញអង្ករ ស និងស្រូវ នឹងត្រូវ ផ្អាក រហូតដល់មានការកែប្រែ ឬស្ថានការណ៍ជំងឺកូវីដ ១៩ ត្រលប់មករកសភាពដើមវិញ ។ សម្ដេចមានប្រសាសន៍ថា ៖« ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពិនិត្យទៅលើបញ្ហានេះ ដើម្បីទម្លាក់ប្រាក់ទៅរោងម៉ាស៊ីនកិនស្រូវ និងស្តុកស្រូវ ដើម្បីទទួលទិញ នូវស្រូវពីប្រជា ពលរដ្ឋ ។ ពីព្រោះមុននេះ បន្តិចស្រូវរបស់ប្រជាពលរដ្ឋត្រូវលក់ទៅឱ្យឈ្មួញពីប្រទេស វៀតណា និងឈ្មួញពីប្រទេសថៃ ដូច្នេះបើសិនជាបិទមិនឱ្យនាំចេញស្រូវ នោះនឹងមានភ្ញៀវ ទិញស្រូវពលរដ្ឋទៀតឡើយ ។ ឥឡូវនេះរោងម៉ាស៊ីនកិនស្រូវត្រូវទិញស្រូវពីប្រជាពលរដ្ឋ ក្នុងតម្លៃដដែលដូចដែលឈ្មួញទិញពីប្រជាពលរដ្ឋ » ។
ភ្លាមៗក្រោយពីមានការប្រកាសរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏បានចេញសេចក្តីជូនដំណឹងមួយទៅកាន់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ដើម្បីចាត់វិធានការ លើការទប់ស្កាត់ការនាំចេញស្រូវ និងអង្ករចេញពីកម្ពុជា ផងដែរ ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ក្នុងរយៈពេល ២ខែ និង ២៥ថ្ងៃ ក្នុងឆ្នាំ ២០២០នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារ ក្រៅប្រទេសចំនួន ២១៤.៦១២តោន ទៅកាន់ទីផ្សារនៃប្រទេសចិន មានចំនួនជាង ៩៨ពាន់ តោន ទីផ្សារសហភាពអឺរ៉ុបចំនួនជិត ៦៣ពាន់តោន នាំទៅទីផ្សារក្នុងតំបន់អាស៊ានជិត ៣០ ពាន់តោន និងប្រទេសផ្សេងទៀត ជិត ៣០ពាន់តោនដែរ ។ដោយឡែកសម្រាប់ការនាំចេញស្រូវក្រៅផ្លូវការទៅកាន់ទីផ្សាប្រទេសជិតខាង មានចំនួន ៨៣៦.៦៩២តោន ហើយនាំចេញទៅតែប្រទេសវៀតណាមមួយប៉ុណ្ណោះ ក្នុងរយៈពេល ២ខែ ២៥ថ្ងៃក្នុងឆ្នាំ ២០២០នេះ ។
គួរបញ្ជាក់ថា ចាប់តាំងពីជំងឹកូវីដ ១៩ ត្រូវបានរកឃើញជាច្រើនករណីនៅក្នុងប្រទេស កម្ពុជា ដែលរហូតមកដល់ពេលនេះ មានចំនួនជាង ១០០ករណី នោះ រដ្ឋាភិបាលបាន សម្រេចបិទសាលារៀនរដ្ឋ និងឯកជន បិទខារ៉ាអូខេ ក្លឹបកម្សាន្ត រោងកុន និងបៀរហ្កាឌិន ព្រមទាំងកាស៊ីណូ ទូទាំងប្រទេសផងដែរ ។ រដ្ឋាភិបាលក៏បានបញ្ជាក់ជំហរថា កម្ពុជានឹង មិនមានការបិទក្រុង បិទប្រទេស បិទផ្សារលក់ដូរ បិទភោជនីយដ្ឋាន និងបិទហាងកាហ្វេ នោះទេ ៕
ចែករំលែកព័តមាននេះ