ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើ​ដំណើរ​ដ៏​លំបាក​សម្លឹង​ឆ្ពោះទៅ​រក​ជ័យ​ជំនះ​លើ​កូ​វី​ដ​១៩

4 ឆ្នាំ មុន

រហូត​មក​ដល់​ពេល​នេះ ក្រុម​គ្រូពេទ្យ​កម្ពុជា​បាន​បំពេញការងារ​បាន​យ៉ាង​ល្អ​ដោយ ទទួល​បាន ការ​សរសើរ​ពី សម្តេច​តេ​ជោ​ហ៊ុន​សែន ក្រសួងសុខាភិបាល​និង អ្នកជំងឺ​ផង​ដែរ​។ ដោយសារ​តែ​ការ​ប្រឹងប្រែង​ទាំង​កម្លាំងកាយ និង​ចិត្ត​ក្រុម​គ្រូពេទ្យ​កម្ពុជា​បាន​ព្យាបាល​ជា​សះស្បើយ អ្នកជំងឺ​កូ​វី​ដ​១៩…

រហូត​មក​ដល់​ពេល​នេះ ក្រុម​គ្រូពេទ្យ​កម្ពុជា​បាន​បំពេញការងារ​បាន​យ៉ាង​ល្អ​ដោយ ទទួល​បាន ការ​សរសើរ​ពី សម្តេច​តេ​ជោ​ហ៊ុន​សែន ក្រសួងសុខាភិបាល​និង អ្នកជំងឺ​ផង​ដែរ​។

ដោយសារ​តែ​ការ​ប្រឹងប្រែង​ទាំង​កម្លាំងកាយ និង​ចិត្ត​ក្រុម​គ្រូពេទ្យ​កម្ពុជា​បាន​ព្យាបាល​ជា​សះស្បើយ អ្នកជំងឺ​កូ​វី​ដ​១៩ ចំនួន​២៣​នាក់ ខណៈ​ដែល​៨៤​នាក់​ទៀត ស្ថិត​ក្រោម​ការ​ព្យាបាល ។ ទន្ទឹម​ជាមួយ​គ្នា​នោះ​ក៏​ប្រឆាំង​ឈ្នះ​កូ​វី​ដ​១៩ មិន​អោយ​ជីវិត​មនុស្ស​ណា​ម្នាក់​បាត់បង់​ឡើយ រហូត​មក​ទល់​ពេល​នេះ ។

សម្តេច​តេ​ជោ​ហ៊ុន​សែន នៅ​ថ្ងៃ​ទី​៣០ ខែ​មិ​នា បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​ថា សម្តេច​សូម​សរសើរ​ដល់​ក្រុម​គ្រូពេទ្យ​កម្ពុជា​ទាំងអស់​ដែល​បាន​ប្រឹងប្រែង​សមត្ថភាព​ដើម្បី​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ ។

ទន្ទឹម​ជាមួយ​គ្នា​នោះ សម្តេច​ក៏​បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​រដ្ឋាភិបាល ចំពោះ​ក្រុម​គ្រូពេទ្យ​ទាំងអស់​ដែល​កំពុង​បំពេញការងារ​ប្រ​យុ​ទ្ឋ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩​ដែល​កំពុង​តែ​សម្លាប់​មនុស្ស​យ៉ាងច្រើន ដែល​គេ​គិត​ថា នឹង​អាច​ឈាន​ដល់​ខ្ទង់​២០០ ០០០​នាក់​នៅ​ពេល​ខាង​មុខ ។ ផែនការ​ទិញ​ម៉ាស ជា​ច្រើន​លាន និង​សម្លៀក​បំពាក់​គ្រូពេទ្យ​សម្រាប់​ធ្វើការ​ប្រឆាំង​នឹង​គ្រូពេទ្យ​ចំនួន ៥០០០ សម្រាប់ ការ​លើកទឹកចិត្ត​ជា​ផ្នែក​ហិរញ្ញវត្ថុ គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​វិធា​នា​ការ​ជា​ច្រើន​ទៀត ដែល​រដ្ឋាភិបាល​មាន ដើម្បី​ជា​ការ​គាំទ្រ​គ្រប់​បែប​យ៉ាង​ដល់​ក្រុម​គ្រូពេទ្យ​កម្ពុជា ។

ការ​លះបង់​របស់​ក្រុម​គ្រូពេទ្យ​កម្ពុជា​ក៏​សម​នឹង​ទទួល​បានការ​គោរព និង​ស្រឡាញ់​អស់ពីដួងចិត្ត​របស់​ប្រជាជន​កម្ពុជា​គ្រប់​រូប ខណៈ​ដែល​គ្រូពេទ្យ​ទាំងនោះ​បាន​ធ្វើការ​ទាំង​ថ្ងៃ ទាំង​យប់ និង​ឃ្លាតឆ្ងាយ​ពី​កូន ប្រពន្ធ ឪពុក​ម្តា​មួយ​រយៈ ។ ពិសេស​ជាង​នេះ​ទៀត​នោះ គឺ​ក្រុម​គ្រូពេទ្យ​កម្ពុជា​បាន​ប្រថុយ​ជីវិត​ខ្លួន ដើម្បី​ជីវិត​អ្នកជំងឺ ។

ប្រជាជន​កម្ពុជា​ម្នាក់​ៗ​ត្រូវ​ប្រែក្លាយ​ការ​គោរព និង​ស្រឡាញ់​របស់​ខ្លួន​ចំពោះ​ក្រុម​គ្រូពេទ្យ​កម្ពុជា​អោយទៅ​ជា​ការ​ចូលរួម​ដ៏​សកម្ម ដើម្បី​ប្រ​យុ​ទ្ឋ​នឹង​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ ។ ប្រជាជន​កម្ពុជា​ត្រូវ​តែ​ធ្វើ​យ៉ាង ណា​ការពារ​ខ្លួន​អោយ​បាន​ពី​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ដើម្បី​កុំអោយ​បន្ទុក​កាន់តែ​ច្រើន​ឡើង​បាន​ធ្លាក់​ទៅ​លើ​គ្រូពេទ្យ​។

បទ​ពិសោធន៍​នៅ​ប្រទេស​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ចូលរួម​របស់​ប្រជាជន គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​ប្រឆាំង​នឹង​កូ​វី​ដ​១៩​នេះ​ហើយ ពេល​ខ្លះ​កូ​វី​ដ​១៩​បាន​ឆ្លង​ដល់​មនុស្ស​ច្រើន ហួសហេតុ​ដែល​សឹងតែ​ធ្វើ​អោយ​ហួស​សមត្ថភាព​នៃ​ប្រ​ព័​ន្ឋ​សុខាភិបាល​ប្រទេស​ទាំងមូល​ដូច​ជា នៅ​ប្រទេស​អ៊ី​តា​លី និង​អេ​ស្ប៉ា​ញ​ជាដើម ។ សំខាន់​ជាង​នេះ​ការ​ចូលរួម​របស់​ប្រជាជន​ម្នាក់​ៗ​នៅ​ក្នុង​សមរភូមិ​ប្រឆាំង​កូ​វី​ដ​១៩​នេះ គឺជា​ការ​ការពារ​ជីវិត​ខ្លួនឯង​ដោយ​ផ្ទាល់​។

សម្តេច​តេ​ជោ​ហ៊ុន​សែន​ក៏​បាន​អំពាវនាវ​អោយ​ប្រជាជន​កម្ពុជា​ម្នាក់​ៗ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​របស់​ខ្លូ​ន ហើយ​ចេះ​ការពារ​ខ្លួន ដើម្បី​កុំអោយ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ និង​ការ​ចម្លង​ទៅ​កាន់​មនុស្ស​ជាទី​ស្រឡាញ់ និង​អ្នក​ផ្សេង​ទៀត ។

ខណៈ​ដែល​ករណី​ឆ្លង​មេរោគ​កូ​វី​ដ​នៅ​កម្ពុជា​ភាគច្រើន គឺ​នាំ​ចូល​ពី​ក្រៅប្រទេស​នោះ សម្តេច​បាន អំពាវនាវ​អោយ​ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​វិល​ត្រឡប់​មក​ពី​ការ​ធ្វើ​ដំណើរ​ក្រៅប្រទេស ពិសេស ពលករ​ជាង​ប្រាម​ម៉ឺន​នាក់​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​យល់​ពី​ភាព​ចាំបាច់​ដែល​ត្រូវ​ដាក់​ខ្លួនឯង​អោយ​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ផង និង​ដើម្បី​បង្ការ​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩ ទៅ​មនុស្ស​ដែល​នៅ​ជិត​ខ្លួន​ពិសេស ប្តី​ប្រ​ព​ន្ឋ និង​កូន​ជាដើម ។ ចំណែក​ប្រជាជន​នៅ​ក្នុង​ប្រទេស​ត្រូវ​យល់​ថា ការ​លាង​សម្អាត​ដៃ​ជាមួយ​ទឹក​និង​សាប៊ូ ឬ​ក៏​ការ​ប្រើ​អាល់កុល ឬ​ជែ​ល​សម្លាប់​មេរោគ​គឺជា​អាវុធ​ការពារ​មួយ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩​។

សម្តេច​ថែម​ទាំង​បង្ហាញ​ថា​សូ​ម្បី​សម្តេច​ក៏​ចាត់​ទុក​ទឹក​អាកុល​លាងដៃ​ជា​អាវុធ​ដែល​សម្តេច​យក​តាម​ខ្លួន ដើម្បី​ការពារ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩​ផង​ដែរ ។ ដូច្នេះ​ប្រជាជន​កម្ពុជា​ទាំងអស់​ត្រូវ​តែ​ធ្វើ​តាម​ការ​ណែនាំ​របស់​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល​ដើម្បី ជីវិត​និង​សុខភាព​ផ្ទាល់ខ្លួន​ផង​និង​ដើម្បី​មនុស្ស​ជាទី​ស្រឡាញ់​និង​ប្រជាជាតិ​ទាំងមូល ។

ការ​ដាក់ខ្លួន​ដោយឡែក​រយៈពេល​១៤​ថ្ងៃ នៅ​ពេល​សង្ស័យ​មានការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ការ​ចេះ​វិធី​បង្ការ ការពារ​ខ្លួន តាម​រយៈ​ការ​លាងដៃ​ការ​ប្រើ​ម៉ាស​មុខ ការ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​យ៉ាងតិច​ពីរ​ម៉ែត្រ ការ​មិន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីប្រជុំជន​មាន​មនុស្ស​ច្រើន ការ​មិន​ធ្វើ​ដំណើរ​ចេញ​ក្រៅប្រទេស​ដោយ​មិន​ចាំបាច់ ការ​លាង​សម្អាត របស់របរ​ប្រើប្រាស់ កន្លែងធ្វើការ និង​ផ្ទះសម្បែង ជាដើម​គឺជា​អ្វី​ដែល​ប្រជាជន កម្ពុជា​ត្រូវ​អនុវត្ត​អោយ​បាន​ដើម្បី​ប្រ​យុ​ទ្ឋ​ប្រឆាំង​នឹង​កូ​វី​ដ​១៩ ។

សមរភូមិ​ប្រឆាំង​នឹង​សត្រូវ​គ្មាន​រូប​នេះ​នឹង​មិន​អាច​ជោគជ័យ​បាន​ឡើយ បើសិនជា​គ្មាន​ការ​ចូលរួម របស់​ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​ត្រួ​វ​ចេះ​វិធី​ការពារ​ខ្លួន​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩​តាម​រយះ​ការ​តាន​ដាន​និង​អនុវត្ត​អោយ​បាន​តាម​ការ​ណែនាំ​ដែល​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល​ក្នុង​ការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩​។

យើង​នឹង​ធ្វើ​ដំណើរ​ទៅ​មុខជា​មួយ​គ្នា​ជា​ប្រជាជាតិ​ដ៏​រឹង​មាំ​មួយ​ជាមួយ​មួយ​នឹង​ការ​សម្លឹង​ចង់​ឃើញ​ជ័យ​ជំនះ​ធំ​មួយ​នៅ​កម្ពុជា​ក្នុង​ការ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩ ។ ដូច្នេះ​យើង​ត្រូវ​តែ​ចូលរួម​ទាំងអស់​គ្នា​ប្រឆាំង​នឹង​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ