ឃាត់ខ្លួន​នារី​ម្នាក់ ក្រោយ​សម្តេច​តេ​ជោ​ បញ្ជា​ឲ្យចាប់​ឧបករណ៍​តេស្ត Covid-19


រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ប្ញ​ស្សី​កែវ ឃាត់ខ្លួន​អ្នកលក់​ឧបករណ៍​ធ្វើតេស្ត​រក​វីរុស Covid-19 ដោយ​ខុសច្បាប់​ម្នាក់ នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ នេះបើតាមលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ ។

នារី​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ វ៉ា វួ​ច​គៀង អាយុ ២៦​ឆ្នាំ បាន​ប្រើប្រាស់ page facebook មានឈ្មោះ Rama Brand Shop បង្ហោះ​ផ្សព្វផ្សាយ​លក់​ឧបករណ៍​ធ្វើតេស្ត​រក​វីរុស Covid-19 ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល ។

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ប្ញ​ស្សី​កែវ ដឹកនាំ​ដោយ លោកស្រី សួ​ស សូលី​ដា អភិបាលរង​ខណ្ឌ ដោយ​មានការ​ការ​ចូលរួម​សម្របសម្រួល​ពី លោក សិត វណ្ណៈ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង ៦​ល្ងាច​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២០ បាន​ចុះ​ទៅ​ដល់ទី​តាំង​មួយ​កន្លែង នៅ​ចំណុច​ផ្ទះ​ជួល​លេខ​៥ ក្រុម​ទី​៦ ភូមិ​បឹង​ឈូក សង្កាត់ គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ដោយ​មានឈ្មោះ វ៉ា វួ​ច​គៀង មុខរបរ​លក់​ឥ​វ៉ា​ន់​តាម​ប្រព័ន្ធ​អន​ឡាញ និង​ជា​ម្ចាស់ផ្ទះ​ជួល ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​លក់​ឧបករណ៍​ធ្វើតេស្ត​រក​វីរុស Covid-19 ។

នារី​ឈ្មោះ វ៉ា វួ​ច​គៀង បាន​ប្រាប់​អាជ្ញាធរ​ខណ្ឌ​ថា រូប​នាង​គ្រាន់តែ​ជួយ​បង្ហោះ​លក់​ឧបករណ៍​ខាងលើ​នេះ អោយឈ្មោះ ម៉ូ​នី​តា សុខ ប៉ុណ្ណោះ ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក តែ​ប៉ុណ្ណោះ បើ​មាន​អ្នក​កម្ម​ង់​ទិញ ខ្លួន​នឹង​ឆាត​ទៅ​ហ្វេ​ស​ប៊ុ​ក មានឈ្មោះ Monita Sok ដើម្បី​ទទួល​ឥ​វ៉ា​ន់​យក​មក​លក់​បន្ត ។ ជាក់ស្ដែង​ពេល​នេះ ពុំ​ទាន់​ទទួល​បាន​ឧបករណ៍​នោះ​នៅឡើយ​ទេ ។

ទោះជា​យ៉ាងណា​អធិការដ្ឋាន​នគរបាល​ខណ្ឌ បាន​នាំ​ខ្លួន​អ្នកលក់​តាម​ប្រព័ន្ធ​អន​ឡាញ​រូប​នេះ ទៅ​កាន់​អធិការដ្ឋាន ដើម្បី​សួរនាំ​បន្ត​ទៀត និង​កសាង​សំណុំរឿង​តាម​នីតិវិធី ។

សូម​ជម្រាប​ថា នាយក​រដ្ឋមន្ត្រី​បញ្ជាឱ្យ​ចាប់​យក​​ឧបករណ៍​ពិនិត្យ​កូ​វី​ដ​១៩​លក់​ខុសច្បាប់​ទូ​ទាំង​ប្រទេស ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​បទបញ្ជា​ទៅ​កាន់​ក្រសួងសុខាភិបាល​ឲ្យ​ធ្វើការ​ជាមួយ​ព្រះរាជអាជ្ញា ប៉ូលិស និង​កងរាជអាវុធហត្ថ​ទូ​ទាំង​ប្រទេស ដើម្បី​ចុះ​ចាប់​យក​នូវ​ឧបករណ៍​ពិនិត្យ​កូ​វី​ដ ១៩ ក៏​ដូច​ជា​ឧបករណ៍​ព្យាបាល​កូ​វី​ដ​១៩ ដែល​កំពុង​ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​ធ្វើការ​ផ្សព្វផ្សាយ​លក់ ខណៈ​ដែល​ឧបករណ៍​ទាំងនោះ​ជា​ឧបករណ៍​ខុសច្បាប់​និង​មិន​ត្រូវ​បាន​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) នោះ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ការ​បញ្ជារ​ឲ្យ​ចុះ​ចាប់​យក​នូវ​ឧបករណ៍​ពិនិត្យ​កូ​វី​ដ​១៩ នោះ គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​តែ​ព្រួយបារម្ភ​រឿង​វីរុស​នេះ​ហើយ មក​រង​គ្រោះ​ខាតប់ង​លុយកាក់​នឹង​ឈ្មួញ​មួយ​ចំនួន​ដែល​ដាក់​លក់​នូវ​ឧបករណ៍​ខុសច្បាប់​ទាំងនេះ ។

សម្តេច​ក៏​បាន​បញ្ជា​ទៅ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ត្រូវ​មើល​ក្នុង​ទីក្រុង​ភ្នំពេញ​នេះ​ឲ្យ​បាន​ច្បាស់​ដែរ គឺ​ខិតខំ​ធ្វើ​ការងារ​ហ្នឹង កុំ​ឲ្យ​រឿង​នេះ​វា​រីក​រាលដាល​ទៅ ហើយ​គ្រប់​ខេត្ត​ទាំងអស់​ក៏​ត្រូវ​តែ​ធ្វើ​បញ្ជូន​សារ​សម្លេង​នេះ​ទៅ​កាន់​គោលដៅ​ផ្សេង​ៗ​ទៀត ឲ្យ​តែ​ឃើញ​ចាប់​យក​ៗ​តែ​ម្តង ។ ព្រោះតែ​យើង​អត់​ទាន់​មានច្បាប់ តែ​របស់​អត់​ច្បាប់ ក៏​ត្រូវ​តែ​ចាប់​យក​ដែរ ។ អាហ្នឹង​យក​មក​សិន ព្រោះ​វា​អត់​ទាន់​មានការ​អនុញ្ញាត​ពី​អង្គការ​សុខភាព​ពិភពលោក​ទេ រឿង​នេះ​ត្រូវ​បញ្ជាក់​គ្នា​យ៉ាង​ច្បាស់​ៗ ។ ហើយ​ក៏​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​របស់​យើង កុំ​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​រង​គ្រោះ ដោយសារ​តែ​អា​ជំងឺ​រាតត្បាត​នេះ​ហើយ មក​រង​គ្រោះ​ដោយសារ​តែ​មនុស្ស​ដែល​វា​ប្រព្រឹត្ត ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ