រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ១៩ជាបន្តបន្ទាប់លើសកលលោកនិងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងនោះ គេសង្កេតឃើញក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានដាក់ចេញនូវវិធានការឆ្លើយតបបន្ទាន់ចំនួន៤ចំណុចឱ្យមន្ទីរក្រោមឱវាទនិងស្ថាប័នពាក់ធ្វើការអនុវត្តឱ្យមានប្រសិទ្ធភាពដើម្បីបង្កើនផលិតកម្មស្បៀងសំដៅរួមចំណែកបង្កើននូវឱកាសការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅជនបទ។ ទន្ទឹមការដាក់ចេញវិធានការបន្ទាន់ខាងលើនេះអ្នកជំនាញខាងកសិកម្មសង្កេតឃើញថាប្រជាកសិករដាំដុះបន្លែក្នុងបរិបទជំងឺកូវីដ១៩កំពុងរីករាលដាលច្រើននេះមិនទាន់មានភាពសកម្មនៅឡើយនោះទេ។
អ្នកស្រី តុង ចាន់ធាង នាយិកាអង្គការសេដាកប្រាប់ឱ្យដឹងកាលពីថ្ងៃទី២៧ ខែមីនាម្សិលមិញថា នៅពេលកន្លងមកក៏ដូចជាបច្ចុប្បន្នស្ថិតស្ថានភាពកូវីដ១៩កំពុងមានការរីករាលដាល យើងមិនទាន់ឃើញប្រជាកសិករដាំដុះបន្លែសម្រាប់ផ្គត់ផ្គង់ដល់ក្រុមគ្រួសារឬលក់ដើម្បីបានចំណូលគឺមានសកម្មភាពប្រែប្រួលសកម្មប៉ុន្មាននោះទេ។ តែខ្ញុំជឿថាបើក្រសួងចេញសេចក្តីប្រកាស ឬដាក់ចេញនូវបទបញ្ជាណាមួយប្រាប់ទៅមន្ត្រី ឬស្ថាប័នពាក់ព័ន្ធអាចនឹងមានការងារធ្វើច្រើន។តួយ៉ាងអង្គការសេដាកកំពុងធ្វើការជាមួយកសិករយើងនឹងចូលរួមជំរុញសកម្មភាពដាំដុះ ចិញ្ចឹមសត្វ និងចិញ្ចឹមត្រីបន្ថែមដល់ប្រជាកសិករនៅកន្លែងណាដែលពួកគាត់អាចធ្វើទៅបាន។
អ្នកស្រីបានលើកឡើងថា «បើសិនជាក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទមានវិធានការដោះស្រាយបញ្ហាប្រព័ន្ធស្រោចស្របបានឬធ្វើយ៉ាងម៉េចឱ្យប្រព័ន្ធស្រោចស្របឱ្យបានកាន់តែច្រើនគឺល្អព្រោះវាជួយដោះស្រាយបញ្ហាខ្វះទឹកដាំដុះរបស់ប្រជាកសិកនៅក្នុងរដូវប្រាំង។ជាទូទៅនៅក្នុងរដូវប្រាំងប្រជាកសិករប្រឈមការខ្វះខាតទឹកសម្រាប់ស្រោចស្របដំណាំហើយកសិករភាគច្រើនទិញបន្លែគេហូប»។
អ្នកស្រីបានសង្កត់ធ្ងន់ថា បើយើងដោះស្រាយជាបន្ទាន់ ទាល់តែយើងរួតរះធ្វើបន្តិច ។ យើងបង្កើនការយកចិត្តទុកដាក់ហើយធ្វើការងារនេះឱ្យលឿន ព្រោះជាការដោះស្រាយជាបន្ទាន់។ ខ្ញុំគិតថាយើងធ្លាប់ធ្វើការនៅតាមជនបទយើងដឹងហើយ កាលណាយើងអ្វីមួយយឺតយាវវានិងប៉ះពាល់។ឧទាហរណ៍នៅរដូវនេះកសិករនៅមានទឹកសម្រាប់ស្រោចស្រពដំណាំខ្លះៗមិនទាន់រីងស្ងួតអស់ បើសិនស្ថាប័នចុះផ្សព្វផ្សាយដល់កសិករឱ្យគាត់អាចដាំដុះនោះកសិករអាចប្រមូលផលបានក្នុងរយៈពេលខ្លីនេះ»។
បើតាមនាយិកាអង្គការសេដាកបានឲ្យដឹងថា « អង្គការសេដាកធ្វើការងារជាមួយកសិករ ហើយបច្ចេកទេសពួកគាត់ចេះច្រើន។តែយើងនៅតែជំរុញផ្សព្វផ្សាយដល់កសិករបន្ថែមទៀតដើម្បីឱ្យគាត់បង្កើនការដាំដុះ ព្រោះកសិករខ្លះគាត់ដាំដុះបានច្រើនដោយសារគាត់មានប្រភពទឹក ហើយកសិករគាត់ដើរតួនាទីសំខាន់ក្នុងការផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនៅជុំវិញភូមិឃុំរបស់ពួកគាត់»។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មីៗបានសេចក្តីណែនាំស្តី
ពី «ការអនុវត្តវិធានការឆ្លើយតបជាបន្ទាន់របស់កម្មវិធី និងគម្រោងអភិវឌ្ឍន៍នានាក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺកូវី១៩»។
តាមក្រសួងកសិកម្មបង្ហាញថា ការរីករាលដាលយ៉ាងឆាប់រហ័សនៃស្ថានភាពជំងឺកូវីដ១៩ នៅទូទាំងសកលលោក និងក្នុងតំបន់ដែលជានឹងនាំឱ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករនៅឯទីជនបទ។ឆ្លើយតទៅនឹងបញ្ហានេះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សូមធ្វើការណែនាំដល់ប្រធាននាយកកម្មវិធី ឬគម្រោងអភិវឌ្ឍន៍នានាប្រធានអង្គភាពក្រោមឱវាទនិងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរាជធានី ខេត្តឱ្យអនុវត្តជាបន្ទាន់នូវវិធានការចំបាច់៖ ១)- ត្រូវអនុវត្តនូវសកម្មភាពចាំបាច់ក្នុងស្ថានភាពបន្ទាន់ជាការឆ្លើយតប ដើម្បីបង្កើនផលិតកម្មស្បៀងប្រកបដោយគុណភាព និងសុវត្ថិភាពសំដៅរួមចំណែកបង្កើននូវឱកាសការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅជនបទក៏ដូចជាពលករទើបតែត្រឡប់មកពីបរទេសវិញ។ ក្នុងន័យនេះត្រូវពិនិត្យសកម្មភាពឆ្លើយតបបន្ទាន់ក្នុងគម្រោងដើម្បីដោះស្រាយបញ្ហាទឹកដោយការប្រើប្រព័ន្ធសន្សំសំចៃទឹកការជួយជីកនិងស្តារស្រះត្រពាំងនិងអណ្តូងជាដើម ការអប់រំបណ្តុះបណ្តាលណែនាំផ្សព្វផ្សាយអំពីបច្ចេកទេស ការអនុវត្តកសិកម្មល្អ និងការធ្វើហិរញ្ញប្បទានដល់ប្រជាកសិករតាមគ្រប់រូបភាពសំដៅដល់ការបង្កើតកសិដ្ឋានថ្មីៗ ព្រមទាំងគាំំទ្រនិងពង្រីកទំហំផលិតកម្មស្បៀងដែលឆាប់ផ្តល់ផល។
ប្រភពពីក្រសួងដដែលបានឲ្យដឹងថាចំណុចទី ២)-ត្រូវពិនិត្យខ្ទង់ថវិកាដែលអាចយកមកអនុវត្តសកម្មភាពឆ្លើយតបជាបន្ទាន់ ពន្លឿនការអនុវត្តកម្មវិធី និងសកម្មភាពទូទាត់ថវិកាឱ្យបានទាន់ពេលវេលានិងកាត់បន្ថយនូវរាល់ចំណាយដែលមិនចាំបាច់នានា។ ៣)- ស្នើសុំបន្ធូរបន្ថយលើលក្ខណៈតម្រូវនៃការស្នើសុំថវិកាបុរេប្រទានគម្រោង ការសម្រួលនីតិវិធីលទ្ធកម្ម និងការធ្វើវិភាជន៍ថវិកា ដើម្បីមានលទ្ធភាពពេញលេញក្នុងការអនុវត្តការងារដែលកំពុងតែចាំបាច់ និង៤)-ត្រូវជំរុញដល់អង្គភាព និងភាគីពាក់ព័ន្ធដែលបានទទួលហិរញ្ញប្បទានពីគម្រោងឱ្យមានវិធានការផ្សព្វផ្សាយនិងពង្រីកទីផ្សារលក់ផលិតផលឱ្យកាន់តែមានភាពសកម្ម និងខ្លាំងក្លាជាងមុន៕
ចែករំលែកព័តមាននេះ