ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកមា​តារាចម្រៀង ជុំ លី​ណូ ទទួល​​​បាន​​​​យុត្តិធម៌ បន្ទាប់​ពី​ជនជាប់​​ចោទ​​ត្រូវ​តុលាការ​សម្រេច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​រា​យក​រណ៍ប​បានឱ្យ​ដឹង​ថា ទីបំផុត​ជនជាប់​ចោទ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​តតាំង​ក្តី​រហូត​ដល់​តុលាការ​កំពូល នៅ​លើ​សំណុំរឿង​ឪពុក​មា​របស់​តារាចម្រៀង ជុំ លូ​ណូ លទ្ធផល​ទី​បញ្ចប់​ជាប់​ពន្ធនាគារ​ខ្លួនឯង​វិញ ។ ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃ​ទី​២៨…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​រា​យក​រណ៍ប​បានឱ្យ​ដឹង​ថា ទីបំផុត​ជនជាប់​ចោទ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​តតាំង​ក្តី​រហូត​ដល់​តុលាការ​កំពូល នៅ​លើ​សំណុំរឿង​ឪពុក​មា​របស់​តារាចម្រៀង ជុំ លូ​ណូ លទ្ធផល​ទី​បញ្ចប់​ជាប់​ពន្ធនាគារ​ខ្លួនឯង​វិញ ។ ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​លើ​ជនជាប់ចោទ​ម្នាក់​ដាក់​ពន្ធនាគារ ដើម្បី​អនុវត្ត​ទោស​តាម​សាលក្រម និង​សាលដីកា​របស់​តុលាការ​គ្រប់​ជាន់ថ្នាក់​ដែល​សម្រេច​ចូល​ជា​ស្ថាពរ ។

យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ដីកា លេខ ០១៥ អ​.​យ​.​ឃ ចុះ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២០ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យ​ស្រាវជ្រាវ​តាម​ស្វែងរក​ចាប់​ទណ្ឌិត​១​រូប ឈ្មោះ ភុំ មុនី​រ័​ត្ន ដែល​ជា​អតីត​ជា​ព្រះសង្ឃ​ល្បីឈ្មោះ លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រពន្ធ​របស់​ឪពុកមា​តារាចម្រៀង ជុំ លី​ណូ និង​បាន​ប្រើ​ហិង្សា​លើ​កូនចុង​ដែល​ជា​អ​និ​តិ​ជន ត្រូវ​បាន​តុលាការ​៣​ថ្នាក់ សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល រួម​ទាំង​សង​សំណង​រដ្ឋប្បវេណី​ទៅ​ដើមបណ្តឹង​ចំនួន​១២ លាន​រៀល ។

គួរ​រំលឹក​ថា កាលពី​ឆ្នាំ​២០១៥ មាន​ករណី​ជម្លោះ​ដ៏​ក្តៅ​គគុក​មួយ​កើតឡើង​រវាង​គ្រួសារ​ឪពុកមា​របស់​តារាចម្រៀង ជុំ លី​ណូ និង​អតីត​សង្ឃ​ល្បី​មួយ​អង្គ​ឈ្មោះ ភុំ មុនី​រ័​ត្ន ។

បើ​តាម​លោក មាស ឡេ​ង ដែល​ជា​ឪពុកមា​របស់​តារាចម្រៀង ជុំ លី​ណូ បាន​រៀបរាប់​ថា ប្រពន្ធ​គាត់​បាន​សុំ​ធ្វើ​លិខិត​លែងលះ​ម្តង​ហើយ​ម្តងទៀត ដោយ​ប្រាប់​ថា ដើម្បី​រក​អ្នក​មក​ការ និង​ធានា​យក​កូន​ទៅ​នៅ​ប្រទេស​អូស្ត្រាលី ។ ទោះបីជា​លោក​ហាមឃាត់​យ៉ាងណា​ក្តី ក៏​ប្រពន្ធ​មិន​ព្រម ទើប​លោក​សម្រេចចិត្ត​ផ្តិត​មេដៃ​លែងលះ​គ្នា និង​ប្រគល់​កូន​ទាំង​៣​នាក់​ឲ្យ​ទៅ​ម្តាយ​ជា​អ្នកគ្រប់គ្រង ។ តែ​មិន​នឹក​ស្មានថា អតីត​សង្ឃ​ល្បីឈ្មោះ ភុំ មុន្នី​រ័​ត្ន ម្នាក់​នោះ បែរ​លួច​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រពន្ធ​គាត់ តាំងពី​នៅ​ជា​សង្ឃ​មក​ម្ល៉េះ ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​លោក​ក៏​ផ្តិត​មេដៃ​លែងលះ​ប្រពន្ធ​បាន​៣​ខែ​រួច​មក អតីត​សង្ឃ​អង្គ​នោះ​ក៏​បាន​សឹក​ជា​គ្រ​ហស្ត និង​បាន​មក​រៀប​ការ​ជាមួយ​ប្រពន្ធ​គាត់​តែ​ម្តង​ទៅ ។ ក្នុង​នោះ​កូនស្រី​២​នាក់ និង​កូនប្រុស​ម្នាក់ ដែល​លោក មាស ឡេ​ង បាន​ប្រគល់​ឲ្យ​ទៅ​ម្តាយ​គ្រប់គ្រង គឺ​សុទ្ធតែ​មាន​អាយុ​តិច​ជាង​១២​ឆ្នាំ ។ អំឡុង​ពេល​រស់នៅ​ជាមួយ​ឪពុកចុង​រយៈពេល​១​ឆ្នាំ កូនស្រី​ទាំង​២​របស់​លោក មាស ឡេ​ង ត្រូវ​បាន​ឪពុកចុង​ឈ្មោះ ភុំ មុនី​រ័​ត្ន អតីត​ជា​ព្រះសង្ឃ បាន​ធ្វើ​ទារុណកម្ម​ជា​ច្រើន​លើក ហើយ​មាន​សភាព​ធ្ងន់ធ្ងរ និង​បង្ក​ស្លាកស្នាម​លើ​រូបរាង​កាយ គួរ​ឲ្យ​ខ្លោចចិត្ត​បំផុត ។

ក្រោយ​ពេល​ដឹង​ថា ប្ដី​ចុង​អតីត​ភរិយា​របស់​លោក​ធ្វើ​ទារុណកម្ម​លើ​កូនស្រី​យ៉ាងធ្ងន់ធ្ងរ ដោយ​ផ្អែក​ទាំង​ភស្តុ​តាង និង​សាក្សី​ហើយ​នោះ លោក មាស ឡេ​ង ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​ទាមទារ​សិទ្ធិ គ្រប់គ្រង​ចិញ្ចឹម​កូន​ទាំង​៣​មក​វិញ ។ ប៉ុន្តែ​នៅ​ពេល​ដែល​លោក​ប្ដឹង​ទាមទារ​សិទ្ធិ​គ្រប់គ្រង​កូន​ទាំង​៣​នោះ ស្រាប់តែ​អតីត​ភរិយា និង​ប្ដី​ចុង​បាន​ប្ដឹង​លោក មាស ឡេ​ង វិញ ពី​បទ​.​ពង្រត់ និង​បង្ខាំង​មនុស្ស​ខុសច្បាប់ ទៅ​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដោយ​សំណូមពរ​ឲ្យ​លោក​ជាប់គុក និង​ទាមទារ​ឲ្យ​សងជំងឺចិត្ត​១០​ម៉ឺន​ដុល្លារ​ទៀត​ផង ។

ការ​ប្តឹងផ្តល់​គ្នា​នោះ បាន​អូស​បន្លាយ​រហូត​ដល់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​លើ​សំណុំរឿង​នេះ និង​កាត់ក្ដី​សម្រេច​ឲ្យ​ជនជាប់ចោទ​ឈ្មោះ ភុំ មុនី​រ័​ត្ន អតីត​ជា​ព្រះសង្ឃ​ល្បីឈ្មោះ ដែល​ប្រើ​អំពើ​ហិង្សា​លើ​អ​និ​តិ​ជន​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​៦​ខែ ពិន័យ​ជា​ប្រាក់​៤​លាន​រៀល និង​សង​សំណង​រដ្ឋប្បវេណី និង​សំណង​ជំងឺ​ចិត្ត ចំនួន​១២​លាន​រៀល ទៅ​ដើមបណ្តឹង ។ ប៉ុន្តែ​ក្នុង​ដំណាក់កាល​សាលក្រម​មិន​ទាន់​ចូល​ជា​ស្ថាពរ ចុងចោទ​មាន​សិទ្ធិ​ប្តឹង​ឧទ្ទ​រណ៍​តាម​កំណត់​ច្បាប់ ដូច្នោះ​ទើបបាន​ជនជាប់ចោទ ភុំ មុនី​រ័​ត្ន ដាក់​ពាក្យ​ប្ដឹង​ទៅ​ឧទ្ធរណ៍​នោះ ។

លុះ​នៅ​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៨ ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ភ្នំពេញ បាន​ប្រកាស​ជា​សាធារណៈ ដោយ​វិនិច្ឆ័យ​សេចក្តី​តម្កល់​សាលក្រម​ព្រហ្មទណ្ឌ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជា​បានការ ទើប​ជនជាប់ចោទ​ឈ្មោ ភុំ មុនី​រ័​ត្ន បន្ត​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ថែម​ទៀត ។

នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ តុលាការ​កំពូល​ក៏​បាន​បើក​សវនាការ​ជំនុំជម្រះ និង​ប្រកាស​សាលដីកា​ជា​សាធារណៈ តម្កល់​សាលដីកា​ព្រហ្មទណ្ឌ របស់​សាលាឧទ្ធរណ៍​ទាំងមូល​ទុកជា​បានការ​ដដែល ។ បើ​ទោះបីជា​តុលាការ​ទាំង​បី​ថ្នាក់ បាន​សម្រេច​ឲ្យ​លោក មាស ឡេ​ង ឈ្នះក្តី​ក៏​ដោយ តែ​ទណ្ឌិត​ឈ្មោះ ភុំ មុនី​រ័​ត្ន នៅ​តែ​មាន​សេរីភាព​ដើរហើរ​ជា​ធម្មតា និង​បាន​បង្ហោះ​សារ​ឌឺដង​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទៅ​កាន់​ដើមបណ្តឹង​ទៀត​ផង ។

ទើប​នៅ​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២០ មេធាវី​តំណាង​ដោយ​អណ​ត្តិ​របស់​លោក មាស ឡេ​ង បាន​ដាក់​ពាក្យ​ស្នើ​សុំ​ដីកា​ស្វែងរក​ចាប់ខ្លួន​ទណ្ឌិត ភុំ មុនី​រ័​ត្ន នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​នាំ​ទៅ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ។

លុះ​នៅ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២០ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ពិនិត្យ​​សំណុំរឿង និង​ឯកសារ​ពាក់ព័ន្ធ​ចប់​សព្វគ្រប់​ហើយ ក៏​បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ឃុំខ្លួន​ទណ្ឌិត ភុំ មុន្នី​រ័​ត្ន ប្រគល់​ជូន​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ចាប់ខ្លួន​ទណ្ឌិត​រូប​នេះ និង​បាន​បញ្ជូន​ទៅ​ដាក់​ក្នុង​ពន្ធនាគារ កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២០ រួច​ហើយ ។ នេះ​ហើយ​ជា​ការ​តតាំង​ក្តី​រយៈពេល​ជាង​៥​ឆ្នាំ​កន្លង​មក មិនដឹង​ថា ខ្លួន​មាន​កំហុស ទីបំផុត​លទ្ធ​នៅ​តែ​ជាប់គុក​ខ្លួនឯង​ដដែល​ទេ ៕ (​កែ​សម្រួល​​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ