នាយក​រដ្ឋមន្ត្រី​បញ្ជាឱ្យ​ចាប់​យក​​ឧបករណ៍​ពិនិត្យ​កូ​វី​ដ​១៩​លក់​ខុសច្បាប់​ទូ​ទាំង​ប្រទេស


រាជធានី​ភ្នំពេញ​៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​បទបញ្ជាទៅ​កាន់​ក្រសួង​សុខា​ភិបាល​​ឲ្យ​​ធ្វើការ​ជាមួយ​ព្រះរាជអាជ្ញា ប៉ូ​លិស និង​កងរាជអាវុធហត្ថ​ទូ​ទាំង​ប្រទេស ដើម្បី​ចុះ​ចាប់​យក​នូវ​ឧបករណ៍​ពិនិត្យ​កូ​វី​ដ ១៩ ក៏​ដូច​ជា​ឧបករណ៍​ព្យាបាល​កូ​វី​ដ​១៩ ដែល​កំពុង​ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​ធ្វើការ​ផ្សព្វផ្សាយ​លក់ ខណៈ​ដែល​ឧបករណ៍​ទាំងនោះ​ជា​ឧបករណ៍​ខុសច្បាប់​និង​មិន​ត្រូវ​បាន​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) នោះ ។

សម្តេច​បាន​បញ្ជាក់​ថា​ការ​បញ្ជារ​ឲ្យ​ចុះ​ចាប់​យក​នូវ​ឧបករណ៍​ពិនិត្យ​កូ​វី​ដ​១៩ នោះ គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​តែ​ព្រួយបារម្ភ​រឿង​វីរុស​នេះ​ហើយ មក​រង​គ្រោះ​ខាតប់ង​លុយកាក់​នឹង​ឈ្មួញ​មួយ​ចំនួន​ដែល​ដាក់​លក់​នូវ​ឧបករណ៍​ខុសច្បាប់​ទាំងនេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន «​ហើយ​ទាក់ទិន​ជាមួយនឹង​ឧបករណ៍​ធ្វើតេស្ត កូ​វី​ដ ១៩ ឬ​ព្យាបាល​កូ​វី​ដ​១៩ ហ្នឹង​វា​ចេះ​តែ​បន្ត​ទៅ​ហើយ ទោះបី​ថា​ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង សុំ​ការ​អនុញ្ញាតិ​ដើម្បី​ផ្សព្វផ្សាយ​រឿង​នេះ ក៏​វា​ចេះ​តែ​បន្ត ។ អ​ញ្ចឹ​ង​ទេ យើង​អត់​មាន​ជម្រើស​ទេ ឥឡូវ​សុំ​ឲ្យ​​លោក​ ម៉​ម ប៊ុ​ន​ហេង គឺ​ក្នុង​ឋានៈ​ដែល​ជា​អ្នកដឹង ស្គាល់​អំពី​បញ្ហា​នេះ ធ្វើការ​ជាមួយនឹង​នគរបាល អាវុធហត្ថ​ដើម្បី ចុះ​ចាប់​យក​តែ​ម្តង គឺ​កុំ​ឲ្យ​នែ យក​ទៅ​ណា​ទៀត ។ និយាយ​រួម​ចុះ​ចាប់​យក​តែ​ម្តង របស់​ដែល​មិន​ទាន់​មានការ​អនុញ្ញាត​ពី​អង្គការ​សុខភាព​ពិភពលោក ចុះ​ចាប់​យក »​។

បន្ថែម​ពីលើ​នេះ​សម្តេច​តេ​ជោ ក៏​បាន​បញ្ជា​​ទៅ​លោក​ កើត រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ «​ត្រូវ​សម្របសម្រួល​នឹង​ព្រះរាជអាជ្ញា​ដើម្បី​ចុះ​ចាប់​យក ចុះ​ចាប់​យក​តែ​ម្តង កុំ​និយាយ​ច្រើន​ពេក ។ ដំណាក់កាល​នេះ​ហើយ មិនមែន​ដំណាក់​ដែល​ត្រូវ​អប់រំ ញ៉ែប៉ប្រែ ជាមួយ​អា​អ្នក​រកស៊ី​ប៉ុន្មាន​ក្បាល (​នាក់​) ។ ឥឡូវ​សុំ​ការ​អនុញ្ញាត​បន្ទាន់​ទៅ … សំខាន់​ភាគច្រើន​នៅ​ទីក្រុង​ភ្នំពេញ​» ។

សម្តេច​ក៏​បាន​បញ្ជា​ទៅ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ត្រូវ​មើល​ក្នុង​ទីក្រុង​ភ្នំពេញ​នេះ​ឲ្យ​បាន​ច្បាស់​ដែរ គឺ​ខិតខំ​ធ្វើ​ការងារ​ហ្នឹង កុំ​ឲ្យ​រឿង​នេះ​វា​រីក​រាលដាល​ទៅ ហើយ​គ្រប់​ខេត្ត​ទាំងអស់​ក៏​ត្រូវ​តែ​ធ្វើប​ញ្ជូន​សារ​សម្លេង​នេះ​ទៅ​កាន់​គោលដៅ​ផ្សេង​ៗ​ទៀត ឲ្យ​តែ​ឃើញ​ចាប់​យក​ៗ​តែ​ម្តង ។ ព្រោះតែ​យើង​អត់​ទាន់​មានច្បាប់ តែ​របស់​អត់​ច្បាប់ ក៏​ត្រូវ​តែ​ចាប់​យក​ដែរ ។ អាហ្នឹង​យក​មក​សិន ព្រោះ​វា​អត់​ទាន់​មានការ​អនុញ្ញាត​ពី​អង្គការ​សុខភាព​ពិភពលោក​ទេ រឿង​នេះ​ត្រូវ​បញ្ជាក់​គ្នា​យ៉ាង​ច្បាស់​ៗ ។ ហើយ​ក៏​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​របស់​យើង កុំ​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​រង​គ្រោះ ដោយសារ​តែ​អា​ជំងឺ​រាតត្បាត​នេះ​ហើយ មក​រង​គ្រោះ​ដោយសារ​តែ​មនុស្ស​ដែល​វា​ប្រព្រឹត្ត ។

សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​សារ​ជា​ថ្មី​ម្តងទៀត​ថា «​អ​ញ្ចឹ​ង​ខ្ញុំ​ចេញ​បញ្ជារ​ឲ្យ​កម្លាំង​ទាំងអស់ ចេញ​ប្រតិបត្តិការ កន្លែង​ដែល​មាន​។ និយាយ​រួម ។ ហើយ រាជធានី ខេត្ត ត្រូវ​តែ​មើល​ខ្លួនឯង​អំពី​បញ្ហា​នេះ ។ ព្រោះ​ត្រូវធ្វើ​ប្រតិបត្តិការ​ឆាប់រហ័ស ដើម្បី​ប​ញ្ជួ​ន​កម្លាំង​ចុះ​ទៅ​ធ្វើ​តែ​ម្តង ។ ​លោក​ កើត រិ​ទ្ធ អាច​បញ្ជា​រប​ញ្ជួ​ន​បញ្ហា​នេះ ទៅ​ឲ្យ​ព្រះរាជអាជ្ញា​តាម​គ្រប់​ទីកន្លែង ដើម្បី​ធ្វើ​កិច្ចសហការ​ផង​ដែរ ។ អ​ញ្ចឹ​ង​គឺ​ត្រូវធ្វើ​ឲ្យ​បាន​ឆាប់រហ័ស ហើយ​ត្រូវ​ពិនិត្យ​មើល​តាម​ច្រក​ចេញចូល ដែល​នាំ​ចូល​មក គឺ​ត្រូវ​ប្រយ័ត្នប្រយែង​អំពី​បញ្ហា​នេះ » ៕​

ព្រឹត្តិការណ៍សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ