ខេត្តកំពង់ឆ្នាំង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ត្រាក់ទ័រចំនួន5គ្រឿង រួមទាំងមនុស្ស5នាក់ត្រូវកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផង បានធ្វើការចាប់ឃាត់ ខណៈដែលពួកគេកំពុងឈូសឆាយដីព្រៃលិចទឹក នៅចំណុចថ្លុកកំភ្លាញ ស្ថិតក្នុងភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង។ កិច្ចប្រតិបត្តិការនេះ ធ្វើឡើងនៅម៉ោង3និង30នាទីរសៀល ថ្ងៃទី27 ខែមីនា ឆ្នាំ2020 ។
សេចក្តីរាយការណ៍បន្តថា មនុស្សទាំង៥នាក់ខាងលើ 1-ឈ្មោះ អៃ អេន អាយុ 29 ឆ្នាំ មានទីនៅឃុំដា ស្រុកកំពង់លែង 2- ឈ្មោះ ឈួនធិន អាយុ 20 ឆ្នាំ នៅខេត្តកំពង់ស្ពឺ 3- ឈ្មោះ ញ៉ែម ចាន់ នៅខេត្តពោធិ៍សាត់ 4- ឈ្មោះ ម៉ន សឺ និង 5- ឈ្មោះ ណាំសៅ ទាំងពីរនាក់នេះនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
លោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ដោយទទួលដំណឹងថា មានជនខិលខូចលួចឈូសឆាយដីព្រៃលិចទឹក នៅតំបន់ខាងលើ ពេលនោះលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាឲ្យលោកដឹកនាំកម្លាំង និងមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះ លោកបានដឹកនាំកម្លាំងចុះបង្ក្រាប ខណៈដែលពួកគេកំពុងធ្វើការឈូសឆាយដីព្រៃលិចទឹកនៅចំណុចខាងលើ ដោយឃាត់បានគ្រឿងចក្រចំនួន5គ្រឿង និងមនុស្សចំនួន5 នាក់ ។
លោកបានបន្តថា ក្រោយធ្វើការឃាត់គ្រឿងចក្រទាំង5គ្រឿង ត្រូវបានយកមករក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថ ស្រុកកំពង់លែង និងបានកសាងសំណុំរឿងបញ្ជូនមនុស្សទាំង នាក់ទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
គួរបញ្ជាក់ផងដែរថា ចំពោះលទ្ធផលនៃការខូចខាតដីព្រៃលិចទឹកតំបន់ 3 នៅចំណុចខាងលើ សមត្ថកិច្ចបានបញ្ជាក់ថា រងការខូចខាត អស់ផ្ទៃដីចំនួនជាង 10 ហិកតា ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ