ខេត្តប៉ៃលិន ៖ បើសិនជាគេធ្វើដំណើរចេញពីទីរួមខេត្តប៉ៃលិន ឆ្ពោះទៅទិសខាងជើង ចម្ងាយប្រមាណជាង១០គីឡូម៉ែត្រជិតដល់បន្ទាយយោធា ហើយបើគេក្រឡេកមើលទៅខាងស្តាំដៃ នឹងឃើញកូនរោងតូចមួយ ដែលមានស្ត្រី២នាក់បងប្អូនប្រកបមុខរបរប្រចាំត្រកូល គឺដុតនំកាឡានលក់ក្បែរចិញ្ចើមផ្លូវខាងមុខផ្ទះ ដើម្បីចិញ្ចឹមក្រុមគ្រួសារ និងក្មួយតូចៗចំនួន៩នាក់ ។
មុខរបរនេះ ហាក់ដូចជាមានការធ្លាក់ចុះជាងមុនបន្តិច ខណ:ជំងឺកូវីដ១៩ បានផ្ទុះឡើង ជាហេតុធ្វើឱ្យអ្នកដំណើរតាមដងផ្លូវ ហាក់ដូចជាមានការថយចុះជាងមុន ទើបការលក់ដូររបស់ពួកគាត់រយ:ពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ជួនកាលដាច់អស់ តែជួនកាលក៏នៅសល់ខ្លះៗដែរ ។
ទោះបីជាយ៉ាងណា ក៏មិនខូចឡើយ ព្រោះនំនេះអាចរក្សាទុកបានយូរ ដោយគ្រាន់តែដុតភ្លើងកំដៅប៉ុណ្ណោះ ហើយជារៀងរាល់ថ្ងៃ ពួកគាត់នៅតែខិតខំប្រឹងប្រែង ដើម្បីជីវភាពរស់នៅប្រចាំថ្ងៃ ។
ជាក់ស្តែងកាលពីម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ មានពីរនាក់ ស្ត្រីម្នាក់ឈ្មោះ អ៊ុក ឈឿម អាយុ៣០ឆ្នាំ និងស្ត្រីម្នាក់ទៀតឈ្មោះ អ៊ុក សុភា ហៅម៉ៅ អាយុ៣៤ឆ្នាំ រស់នៅភូមិភ្នំស្ពុង ឃុំសាលាក្រៅ ស្រុកសាលាក្រៅ បានប្រកបរបរដុតនំកាឡាននេះលក់ ដោយពួកគាត់ត្រូវទិញអង្ករដំណើប ស្ករស ខ្ទិះដូង និងឱ្យប្តីដើរកាប់ដើមឫស្សីខ្ចីៗនៅតាមព្រៃភ្នំ រួចអារជាបំពង់សម្រាប់ច្រកអង្ករ និងគ្រឿងផ្សំទាំងនោះធ្វើនំតែម្តង។
បើតាមប្រភពពីស្ត្រីទាំងពីរនាក់បានរៀបរាប់ឱ្យដឹងដូចៗគ្នាថា ពួកគាត់បានប្រកបមុខរបរនេះជាយូរណាស់មកហើយ ពោលគឺលក់ដូរតៗតាំងពីជីដូនជីតា រហូតដល់ឪពុកម្តាយ និងបន្តមកដល់ពួកគាត់ ហើយប្រហែលជានឹងបង្រៀនឱ្យកូនចៅចេះធ្វើនំនេះដែរ ។
ពួកគាត់ក៏រៀបរាប់ពីការផ្សំគ្រឿងនំកាឡាននេះឱ្យដឹងដែរថា ត្រូវប្រើអង្ករដំណើបដែលបានត្រាំទឹកទុករយ:ពេល១យប់ រហូតដល់ម៉ោង៤ទៀបភ្លឺ ទើបងើបស្រង់យកទៅលាយជាមួយខ្ទិះដូង ដាក់ស្ករស សណ្តែកខ្មៅជាដើម រួចច្រកចូលក្នុងបំពង់ឫស្សីខ្ចី ដែលបានកាត់ជាកង់ៗ មានប្រហោង១ចំហៀងទុកសម្រាប់ដាក់ឆ្នុក រួចដាក់ដុតនឹងរងើកភ្លើងជាជួរក្នុងរយ:ពេលកន្លះម៉ោងទៅ១ម៉ោង ទើបឆ្អិនល្អ រួចក៏លើកយកមកសកសំបកឱ្យស្តើងដាក់លក់ជូនភ្ញៀវទិញយកទៅទទួលទានតែម្តង ។
ប្រភពដដែលបន្តទៀតថា នំកាឡានរបស់ពួកគាត់ឆ្ងាញ់ខុសពីរបស់គេបន្តិច ហើយក៏មានតម្លៃចាប់ពី១០០០រៀល រហូតដល់៥០០០រៀល តាមតូចឬធំ ដោយពីមុនមានភ្ញៀវធ្វើដំណើរតាមដងផ្លូវនេះចូលទិញជាហូរហែ ជាពិសេសឯកឧត្តម អ៊ី ឈាន ឱ្យតែគាត់ធ្វើដំណើរតាមផ្លូវនោះ តែងតែទិញយកទៅផ្ញើកូនចៅជាច្រើនផងដែរ ។ ប៉ុន្តែបច្ចុប្បន្ននេះ ហាក់ដូចជាស្ងាត់ម៉ូយបន្តិច ខណៈមានករណីជំងឺកូវីដ១៩ ។
ប្រភពដដែលបន្តថា ប៉ុន្តែពួកគាត់អាចលក់ដាច់បានថវិកាចាប់ពី១០ម៉ឺនរៀល ទៅ១៥ម៉ឺនរៀលក្នុង១ថ្ងៃ លុះផាត់ថ្លៃអង្ករ និងគ្រឿងផ្សំចុះឡើងនៅសល់តិចតួច ដើម្បីយកទៅផ្គត់ផ្គង់ជីវភាពគ្រួសារ ជាពិសេសនោះគឺចិញ្ចឹមក្មួយកំព្រាចំនួន៥នាក់ ដែលឪពុកម្តាយបាត់បង់ជីវិតចោល និងក្មួយ៤នាក់ ត្រូវឪពុកម្តាយចេញទៅធ្វើការរកស៊ីនៅស្រុកថៃ ក៏យកទៅផ្ញើនឹងពួកគាត់ឱ្យជួយចិញ្ចឹម សរុបទាំងចាស់ និងក្មេង ក្នុង១គ្រួសាររបស់ពួកគាត់ គឺជាង១០នាក់ឯណោះ ។
ពួកគាត់បញ្ជាក់ផងដែរថា បំពង់ឫស្សីខ្ចី គឺប្តីរបស់ពួកគាត់ដើរកាប់នៅតាមព្រៃភ្នំខ្លួនឯង ដោយធ្វើដំណើរឆ្ងាយៗទៅដល់ផ្សារឃែរ និងភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ហើយពិតជាពិបាករក ព្រោះគេកាប់ឆ្ការព្រៃឫស្សី ធ្វើស្រែចម្ការជិតអស់ និងត្រូវភ្លើងឆេះជាដើម ។
ក្រៅពីលក់នំកាឡាន ពួកគាត់ក៏មានដាក់លក់ចង្រឹតលីងផងដែរ ដោយ១កំប៉ុង៣០០០រៀល ដោយទិញពីអ្នកភូមិរស់នៅក្បែរៗនោះ ។ ដូច្នេះគាត់ក៏សូមឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ៥៩ទាំងអស់ កុំហួសរំលងការលក់នំកាឡានរបស់គាត់ សូមចតម៉ូតូ ឬរថយន្តចូលទិញយកទៅផ្ញើកូនចៅ ឬក្រុមគ្រួសារ ដើម្បីឱ្យពួកគាត់មានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារដ៏ធំ១នេះផងដែរ ៕ (កែមស្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ