រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើដល់ក្រុមការងារគណបក្សប្រជាជននៅតាមដូលដ្ឋានចែកសំភារៈការពារទប់ស្កាត់ជំងឺកូវីដ១៩ និងរបស់បរិភោគមួយចំនួនទៀងដល់ពលរដ្ឋក្រក្រី។
យោងតាមបណ្តាញសង្គមហ្វេសប៊ុកសម្តេចតេជោ នៅថ្ងៃទី២៩ ខែមីនានេះ សម្តេចបានសរសេរយ៉ាងដូច្នេះថា «កម្ពុជាទូទាំងប្រទេសចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩»។ សម្តេចបន្តថា សូមបងប្អូនប្រជាពលរដ្ឋអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ កាន់តែមានប្រសិទ្ធភាពខ្ពស់។
សម្តេចក៏បានលើកឡើងទៀតថា ទន្ទឹមនឹងនេះដែរ សូមក្រុមការងារគណបក្សប្រជាជនកម្ពុជា រាប់ទាំងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងមន្ត្រីនៃសមាជិករាជរដ្ឋាភិបាល អជ្ញាធរ ក្រុមការងារយុវជន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បន្តចុះជួយអប់រំផ្សព្វផ្សាយវិធីបង្កាទប់ស្កាត់ជំងឺ កូវីដ១៩ ជាប្រចាំនៅតាមមូលដ្ឋានដោយនាំទៅជាមួយនូវម៉ាស ឬក្រមា, ទឹកអាកុល, ជែលសម្លាប់មេរោគ (Hand Sanitizer), អង្ករ, មី, ត្រីខ ចែកជូនប្រជាពលរដ្ឋក្រីក្រ ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមមូលដ្ឋានទូទាំងប្រទេស។
សម្រាប់ផ្តល់សំភារៈនេះ សម្តេចស្នើយ៉ាងដូច្នេះថា ៖ «សូមកុំចាំហៅពួកគាត់អោយមកចូលរួមប្រជុំ តែសូមទៅកាន់ទីកន្លែងដែលពួកគាត់រស់នៅតែម្តង ជាពិសេសក្នុងស្ថានភាពដែលយើងទាំងអស់គ្នាកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ នៅពេលនេះ»។
ជាមួយគ្នានោះដែរ សម្តេចលើកឡើងថា ដើម្បីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងសម្រាប់គ្រួសារ សូមបងប្អូនប្រជាពលរដ្ឋសហការជាមួយមន្ទីរសុខាភិបាល។ ក្នុងករណីមានការសង្ស័យ ហើយត្រូវការពិភាក្សាប្រឹក្សាយោបល់ សូមខលមកលេខ ១១៥ ជាបន្ទាន់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ