ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យក្មេង​ម្នាក់​ចោល​គូ​ដណ្តឹង​តាម​ប្រុស​​ថ្មី ទីបំផុត​ក្រុម​គ្រួសារ​ដេញ​តាម​ទាន់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ចំណាស់​ម្នាក់ រួម​ជាមួយ​ក្រុម​គ្រួសារ បាន​ដេញ​តាម​ស្ត្រី​វ័យក្មេង​ម្នាក់​ទៀត​ដែល​ត្រូវជា​កូនស្រី​បង្កើត​របស់​គាត់ ហើយ​បើករថយន្ត​១​គ្រឿង​រត់គេច​ខ្លួន​តាំងពី​ខេត្តកំពង់ឆ្នាំង រហូត​មក​ដល់​រាជធានី​ភ្នំពេញ ក្រោយមក​គាត់​ក៏​បាន​ប្ដឹង​ឲ្យ​នគរបាល​ឱ្យ​ជួយ​ឃាត់​តាម​ផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​តែ​ម្តង…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ចំណាស់​ម្នាក់ រួម​ជាមួយ​ក្រុម​គ្រួសារ បាន​ដេញ​តាម​ស្ត្រី​វ័យក្មេង​ម្នាក់​ទៀត​ដែល​ត្រូវជា​កូនស្រី​បង្កើត​របស់​គាត់ ហើយ​បើករថយន្ត​១​គ្រឿង​រត់គេច​ខ្លួន​តាំងពី​ខេត្តកំពង់ឆ្នាំង រហូត​មក​ដល់​រាជធានី​ភ្នំពេញ ក្រោយមក​គាត់​ក៏​បាន​ប្ដឹង​ឲ្យ​នគរបាល​ឱ្យ​ជួយ​ឃាត់​តាម​ផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​តែ​ម្តង កាល​ពី​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែ​មិ​នា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើ​តាម​ស្ត្រី​ជា​ម្តាយ​បាន​និយាយ​ប្រាប់​ថា កូនស្រី​របស់​គាត់​ខាងលើ​នោះ មាន​គូ​ដណ្តឹង​រួច​ទៅ​ហើយ ព្រមទាំង​បាន​រស់នៅ​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ​រយៈពេល​២​ឆ្នាំ​កន្លង​មក​ហើយ ប៉ុន្តែ​បែរជា​ដាច់​ចិត្ត​ចុះ​ចោល​គូ​ដណ្ដឹង​ទៅ​ស្រវា​ចាប់​យក​អ្នក​ថ្មី​ធ្វើ​ជា​សង្សារ​។ មិនតែប៉ុណ្ណោះ​បាន​ចុះ​ចោល​ផ្ទះ​រយៈពេល​២​ខែ​មក​ហើយ ដោយ​បាត់​ដំណឹង​ឈឹង​សូន្យ ព្រមទាំង​លួច​យក​រថយន្ត​១​គ្រឿង និង​លុយកាក់​ទៅ​ជាមួយ​ផង​។ លុះ​ចុង​ក្រោយ​បាន​វិល​ត្រឡប់​ទៅ​លួច​យក​របស់របរ​នៅ​ក្នុងផ្ទះ ទើប​ពួក​គាត់​ដេញ​តាម​តាំងពី​ផ្ទះ​នៅ​ខេត្តកំពង់ឆ្នាំង រហូត​មក​ដល់​រាជធានី​ភ្នំពេញ​នេះ​តែ​ម្ដង​។

ស្ត្រី​ជា​ម្ដាយ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​របស់​គាត់​ឡើយ ប៉ុន្តែ​គាត់​បាន​ប្រាប់​ថា វ័យ​កូន​របស់​ស្រី​គាត់​ម្នាក់​នោះ អាយុ​២១​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន មាន​ទីលំនៅ​ក្នុងស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។ នាង​មាន​គូ​ដណ្តឹង​រួច​ទៅ​ហើយ ព្រមទាំង​រស់នៅ​ជាមួយ​គ្នា​ដូច​ជា​ប្ដី​ប្រពន្ធ​រយៈពេល​២​ឆ្នាំ​មក​ហើយ​ដែរ ប៉ុន្តែ​មិន​នឹក​ស្មានថា រយៈពេល​២​ខែ​កន្លង​មកនេះ នាង​ប្រែ​ចិត្ត​ទៅ​មាន​អ្នក​ថ្មី ហើយ​រត់​ចេញពីផ្ទះ​ចោល​គូ​ដណ្ដឹង​បាត់​ដំណឹង​សូន្យឈឹង​តាម​រក​មិន​ឃើញ​សោះ មិនតែប៉ុណ្ណោះ​បាន​លួច​យក​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រុស ១​គ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 2B-3253 រួម​ជាមួយ​លុយកាក់​ទៅ​ជាមួយ​ផង​។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា រហូត​ដល់​ម៉ោងជាង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែមីនា កូនស្រី​គាត់​ខាងលើ​នេះ បាន​ត្រឡប់​ទៅ​ផ្ទះ ហើយ​គាស់​ទ្វារ​ចូល​ប្រមូល​យក​ខោអាវ​និង​របស់របរ​មួយ​ចំនួន​ទៀត ។ ហើយ​នៅ​ពេល​ពួក​គាត់ និង​ក្រុម​គ្រួសារ​ដឹង​ទាន់ នាង​មានការ​ភ្ញាក់​ឆោឡោ រួច​ក៏​បាន​បើករថយន្ត​រត់គេច​ខ្លួន​បាត់ ។ ប៉ុន្តែ​ភ្លាម​ៗ​នោះ ពួក​គាត់​បាន​ជិះ​រថយន្តឈ្នួល​ដេញ​តាម​តាំងពី​ខេត្តកំពង់ឆ្នាំង រហូត​មក​ដល់​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើប​តាម​ទាន់ និង​បាន​ប្ដឹង​ឲ្យ​នគរបាល​ជួយ​ឃាត់​បាន​តាម​ផ្លូវ ។

បើ​តាម​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១ បាន​និយាយ​ថា ក្រោយ​ពេល​ឃាត់​នារី​វ័យ​រូប​នេះ​បាន​ហើយ នាង​មិន​ព្រម​ចុះ​ចេញពី​ក្នុង​រថយន្ត​នោះ​ទេ ដែល​ជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​កកស្ទះ​ចរាចរណ៍​តាម​ផ្លូវ​ខាងលើ ខណៈនោះ​កម្លាំង​នគរបាល​បាន​និយាយ​លួងលោម​អស់​ពេល​យ៉ាង​យូរ ទើប​នាង​ព្រម​ចេញ​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​បាន​នាំ​នាង​ទៅ​កាន់​ប៉ុស្តិ៍ ទើប​ដឹង​ថា រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រុស ពណ៌​ក្រហម ដែល​នាង​ជិះ​នោះ គឺ​បាន​ទិញ​តាម​រយៈ​ការ​បង់​រំលស់ និង​បាន​ដាក់​ឈ្មោះ​នាង ប៉ុន្តែ​មានការ​ជួយ​បង់ប្រាក់​រំលស់​ពី​សំណាក់​ម្ដាយ និង​បងប្អូន​មួយ​ចំណែក​ដែរ​។

ក្រោយមក​ស្រាប់តែ​នាង​ចាក​ចេញពីផ្ទះ ហើយ​បាន​យក​រថយន្ត​នេះ​ជិះ​ផ្ដាច់មុខ​ម្នាក់ឯង​ទើប​ម្ដាយ​ដេញ​តាម​យក​រថយន្ត​នេះ​វិញ ក្រោយ​ពី​ការ​សម្របសម្រួល​គ្នា​ភាគី​ទាំង​២​បាន​ឯកភាព​គ្នា​បញ្ចប់​រឿង ដោយ​ម្ដាយ​យក​តែ​រថយន្ត​ទៅ​ផ្ទះ​វិញ និង​បាន​បើក​សិទ្ធិ​ឲ្យ​នាង​ធ្វើ​អ្វី​ៗ​តាម​បំណង​របស់​ខ្លួន​ទៅ​ចុះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ