ហ៊ានម៉្លេះ! ក្លែងជា​សង្ឃ​ដើរបិណ្ឌបាត្រ អស់លក្ខណ៍​ត្រឹមអ្នកភូមិ​


ខេត្តកណ្ដាល ​៖ ​ជន​ក្លែង​ជា​សង្ឃ​ចំនួន​៦​នាក់​រួម​ជាមួយ​អ្នកបើកបរ​រថយន្ត​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល​ធ្វើការ​ចាប់ខ្លួន ខណៈ​​ជនទាំងនេះ​ស្នាក់​នៅ​ជុំ​គ្នា​ក្នុង​បន្ទប់​ផ្ទះសំណាក់​មួយ​កន្លែង ហើយ​កោរសក់​កោរ​ពុកមាត់​និង​ចិញ្ចើម​ រួច​ស្លៀក​ស្បង់​ចីវរ​ ប្រដាប់​ដោយ​បាត្រ​ ​និង​​ជួល​រថយន្ត​១​គ្រឿង​ជិះ​ចេញ​ទៅ​ដើរ​បិណ្ឌ​បាត្រ​នៅ​តាម​ភូមិ​នានា​។ លុះ​ពេល​បិណ្ឌ​បាត្រ​រួច​បាន​ប្ដូរ​សម្លៀក​បំពាក់​ជា​គ្រហស្ថ​វិញ​ ​និង​យក​លុយ​ ព្រមទាំង​របស់របរ​ដែល​បិណ្ឌ​បាត្រ​បាន​ទៅ​ចាយវាយ​និង​ផឹក​សុ​ី​យ៉ាង​សប្បាយ ដោយ​មិន​គិត​ពី​ការ​ប្រព្រឹត្ត​ខុសច្បាប់​ឡើយ​។

ការ​ចាប់ខ្លួនជនក្លែងជាសង្ឃខាងលើ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែ​មិ​នា ឆ្នាំ​២០២០ នៅ​ចំណុច​ក្នុងផ្ទះ​សំណាក់​​មួយកន្លែង ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ក្រឡាញ់ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

នគរបាល​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​មាន​ដូច​ជា ស្បង់​ចីវរ​ចំនួន​៦​កំ​ប្លេ​រ​, ​បាត្រ​ចំនួន​៥,​ ឆ័​ត្រ​ចំនួន​៤,​ទូរស័ព្ទ​ចំនួន​៣​គ្រឿង, ​រថយន្ត​​មួយគ្រឿង​ម៉ាក​កាម​រី​ ពណ៌​​សំ​បក​ឪឡឹក​ ស៊េរី​ឆ្នាំ​១៩៩៥​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ៣E-៧៩៨៨​​,​ កូនកាំបិត​ចុង​ស្រួច​១, កាបូបស្ពាយ​(​សាក់​កាដូ​)​ចំនួន​៧ និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​សារធាតុ​ញៀន​មួយ​ចំនួន​ទៀត​។

នគរបាល​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ទាំ​ង​៧​នាក់​​ខាងលើ​នោះ​មាន ១-​ឈ្មោះ​ទៀប សុខ​ម៉ៅ អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ខ្នុរ ឃុំ​កំពង់​សឹង ស្រុក​បាភ្នំ ខេត្តព្រៃវែង​ ២-​ឈ្មោះ​សេះ ឌី អាយុ​២៥​ឆ្នាំ​មាន​ទីលំនៅ​ក្នុងភូមិ​វាល​ត្បាល ឃុំ​មាន​ជ័យ ស្រុក​ឈូក ខេត្តកំពត​ ៣-​ឈ្មោះ​សន ឆឺ​ត អាយុ​២០​ឆ្នាំ​ជនជាតិ​ខ្មែរ
៤-​ឈ្មោះ​ច្រឹប មាន អាយុ​១៩​ឆ្នាំ​ជនជាតិ​ខ្មែរ ៥-​ឈ្មោះ​ហ៊ុន រុន ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជនជាតិ​ខ្មែរ​៦-​ឈ្មោះ​សន ទី​ន អាយុ​២៦​ឆ្នាំ​ជនជាតិ​ខ្មែរ​អ្នក​ទាំ​៤​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ពី ឃុំ​ស្រែ​ជា​ខាងជើង​ស្រុក​ដងទង់ ខេត្តកំពត​ និង​​៧-​ឈ្មោះ​ឈៀង ឆវី អាយុ​៣៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ជា​អ្នកបើកបរ​រថយន្ត​ជូន​ជន​ក្លែងខ្លួន​ជា​សង្ឃ​ខាងលើ​ដើរ​បិណ្ឌ​បាត្រ ជន​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​អូ​តា​គី ឃុំ​អូ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ជនសង្ស័យ​ខាងលើ​បាន​ជួល​បន្ទប់​ផ្ទះសំណាក់​​មួយកន្លែង​ខាងលើ​ស្នាក់​នៅ​ជុំ​គ្នា​ ហើយ​កោរសក់ ​កោរ​ពុកមាត់ ​និង​កោរ​ចិញ្ចើម​ រួច​ស្លៀក​ស្បង់​ចីវរ​ប្រដាប់​ដោយ​បាត្រ​និង​ឆ័​ត្រ ហើយ​ចេញ​ទៅ​ដើរ​បិណ្ឌ​បាត្រ​ ដោយ​ម្នាក់​ៗ​ចំណាយ​ប្រាក់​២​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ​សម្រាប់​ជួល​រថយន្ត​ម៉ាក​កាម​រី​ស៊េរី​ឆ្នាំ​១៩៩៥ មួយ​គ្រឿង​ ខាងលើ​ជិះ​ដើរ​បិណ្ឌ​បាត្រ​ជា​ប្រចាំ​ថ្ងៃ ​។ ចំណែក​​អ្នកបើកបរ​រថយន្ត​នេះ​បាន​ដឹក​ជន​ក្លែង​ជា​សង្ឃ​ទាំងនោះ​ចេញពីផ្ទះ​សំណាក់​ទៅ​ដាក់​នៅ​តាម​បណ្ដា​ភូមិឋាន​អ្នកស្រុក​ និង​ទីផ្សារ​នានា​មួយ​ចំនួន​ចាប់ពី​ផ្សារ​ថ្នល់ទទឹង ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​អំពិល​ ស្រុក​អង្គស្នួល ខេត្តកណ្ដាល រហូត​ដល់​ភូមិសាស្ត្រ​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

តាម​ប្រភពពី​នគរបាល​ខាងលើ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ពេល​ចេញពីផ្ទះ​សំណាក់​ ​ជន​​ទាំងនោះ​បាន​ស្លៀកពាក់​ជា​គ្រហស្ថ​ជា​ធម្មតា​ហើយ​បាន​ទុក​ស្បង់​ចីវរ បាត្រ និង​ឆ័​ត្រ នៅ​ក្នុង​រថយន្ត លុះ​ក្រោយ​ពេល​ចេញ​ផុត​ពី​ផ្ទះសំណាក់​ទៅ​ដល់​កន្លែង​ស្ងាត់​បាន​ដោះ​ខោអាវ​ចេញ​ប្ដូរ​ស្លៀក​ស្បង់​ចីវ​នៅ​ក្នុង​រថយន្ត​នោះ​តែ​ម្ដង​រួច​ហើយ​ទើប​អ្នកបើកបរ​រថយន្ត​ដឹក​យក​ទៅ​ដាក់​តាម​ទីតាំង​ដែល​ត្រូវ​បិណ្ឌ​បាត្រ​នីមួយ​ៗ​។

តាមប្រភពដដែលបាន​បន្ត​ថា ​បន្ទាប់​ពី​បិណ្ឌ​បាត្រ​បាន​បាយ​នំចំណី​និង​លុយ​រួច​ថ្លៃ​ជួល​រថយន្ត​ និង​សល់​​លុយ​​មួយ​ចំនួន​ ទើប​​ទូរស័ព្ទ​​រក​អ្នក​បើករថយន្ត​ឲ្យ​ទៅ​ទទួលយក​ រួច​ហើយ​ដោះ​ស្បង់​ចីវរ​ចេញ​និង​ស្លៀកពាក់​ជា​គ្រហស្ថ​វិញ​នៅ​លើ​រថយន្ត​រួចរាល់​ ទើប​ត្រឡប់​ចូល​ទៅ​កាន់​ផ្ទះសំណាក់​វិញ​ ។​ ប៉ុន្តែ​ទ​ង្វើ​នេះ​មិន​អាច​លាក់​ជិត​ឡើយ​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​មានការ​សង្ស័យ​ក៏​បាន​លួច​រាយការណ៍​ជូន​នគរបាល​ស្រុក​អង្គស្នួល ខណៈនោះ​លោក​វរសេនីយ៍ឯក មាន សំណាង អធិការ​នគរបាល​ស្រុក​អង្គស្នួល​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ទាំង​សម្បុក​រួ​នាំ​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕ (កែសម្រួលដោយ ៖ ធីតា​)

សន្ដិសុខ​សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ