​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សន្ធោសន្ធៅ​អស់​​ជិត​៤​ម៉ោង​ក្នុងខណ្ឌឫស្សីកែវ​


រាជធានី​ភ្នំពេញ​ ៖ ព្រៃ​ត្រឹប​និង​កំប្លោក​ងាប់​ៗក្នុង​ប្រឡាយ​អូ​វែង ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​អស់​រយៈ​ពេល​​ប្រមាណជិត​៤ម៉ោង​ បង្ក​​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល និង​ភ័យ​​ខ្លាច​​ឆេះ​រាលដាលទៅ​លំនៅ​ឋាន​ដែល​នៅ​ជាប់មាត់​ប្រឡាយ​។

ហេតុ​កាណ៍​អគ្គី​ភ័យ​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨​ ខែមីនា ឆ្នាំ ២០២០​ នៅ​ចំណុច​ប្រឡាយ​អូរ​វែង​ ស្ថិត​ក្នុង​ក្រុម​ទី​១៣ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

​តាម​ប្រភព​​ព័ត៌មាន​ឱ្យ​​ដឹង​ថា នៅ​មុន​ពេល​កើត​ គេ​ឃើញ​អ្នក​ភូមិ​ម្នាក់​បាន​ប្រមូល​សំរាម​ក្បែរ​ផ្ទះ​ដុត ជា​ហេតុ​ធ្វើ​អោយ​ភ្លើង​ឆេះ​រាលដាលទៅ​ដល់​ព្រៃ​ក្នុង​ប្រឡាយ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។​ ដោយសារ​តែ​ប្រឡាយ​អូ​រ​វែង​ពោរពេញ​ទៅ​ដោយ​ព្រៃ​ត្រឹប​, ​កូន​ឈើ​ និង​កំប្លោក​ងាប់​ៗ​ជា​ហេតុ​ធ្វើ​អោយ ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​រាលដាល​ស្ទើ​រ​ពេញ​ផ្ទៃ​ប្រឡាយ​ទាំងមូល​។​ ភ្លាមៗ ​អាជ្ញាធរ និង​កំលាំង​នគរបាល​ប៉ុស្តិ៍ និង​ខណ្ឌ​ក៏បាន​ចុះ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​បំផុស​ចលនា​កំលាំង​ប្រជា​ការពារ ព្រមទាំង​ប្រជាពលរដ្ឋ និង​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គី​ភ័យ​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​។

​តាមប្រភពពី​​នគរបាល​អោយ​ដឹង​ថា នៅ​ក្នុង​ការ​ឆាបឆេះ​នេះ​ រថយន្ត​ពន្លត់អគ្គីភ័យ​នៅ​អន្តរាគមន៍​បាញ់​ពន្លត់​ចំនួន​៧​គ្រឿង ក្នុង​នោះ​រថយន្ត​របស់​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ​ចំនួន​៤​គ្រឿង​,​ រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ក្រុមហ៊ុនស្រា​បៀរ​ចំនួន​២​គ្រឿង ​និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​សាលា​ខណ្ឌ​ឬ​ស្សី​កែវ​ចំនួន​១​គ្រឿង​ បាន​ប្រើ​ទឹក​អស់​ចំនួន​២៩​​គ្រឿង​ ហើយ​ភ្លើង​បាន​រលត់​ជា​ស្ថាពរនៅ​​វេលា​ម៉ោង​៩​យប់ ដែល​ការ​ឆាបឆេះ​នេះ​អស់​រយៈពេល​ប្រមា​ណ​ជិត​៤​ម៉ោង ។

​តាម​នគរបាល​មូលដ្ឋាន​អោយ​ដឹង​ថា អគ្គី​ភ័យ​នេះ​ពុំ​បណ្តាល​អោយ​ឆេះ​រាលដាលដល់​លំនៅ​ឋាន និងមិន​​មាន​​មនុស្ស​ណាម្នាក់​​រង​​គ្រោះថ្នាក់ឡើយ ។ ​ជុំវិញ​ការ​កើត​មាន​អគ្គី​ភ័យខាងលើនេះដែរ​ ត្រូវ​នគរបាល​បានអោយ​ដឹង​ថា ​បណ្តាល​មក​ពី​ដុត​សំរាម ហើយ​ភ្លើង​បាន​​ឆេះ​រាលដាលទៅ​ព្រៃ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ៕​ (កែសម្រួលដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ