គេ​សង្ស័យ​ប៉ូលិស​ចរាចរណ៍ តាម​គោលដៅ​ទទួល​សំណូក​ពី​ម្ចាស់​រថយន្ត​ល្មើសច្បាប់​ដែល​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​រាល់ថ្ងៃ


ខេត្តបាត់ដំបង ៖ រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ រថយន្ត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នានា និង រថយន្ត​ក្រុមហ៊ុន​ដឹក​ដី​ជា​ច្រើន​នៅ​ក្នុង​ខេត្ត ដែល​កំពុង​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​សព្វថ្ងៃ ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា ស្ទើរ​ពាក់កណ្ដាល គឺ​គ្មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ ឬ អ្នកបើកបរ​គ្មាន​ប័ណ្ណបើកបរ​ទេ តែ​រថយន្ត​ល្មើសច្បាប់​ទាំងនោះ អាច​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ របស់​មន្ត្រី​ចរាចរណ៍​ដែល​បណ្ដាក់​គ្នា​ដូច​ខ្យង​នៅ​លើ​ផ្លូវជាតិ​នានា បាន​យ៉ាង​រលូន ដែល​គេ​សង្ស័យ​ថា ម្ចាស់​រថយន្ត ឬ​ថៅកែ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដ៏​វៃឆ្លាត​ទាំងនោះ អាច​រៀបចំ​សំណែន​ជូន​ដល់​ប្រធាន​គោលដៅ​ចរាចរណ៍​ជា​ប្រចាំ ទើប​រថយន្ត​ទាំងនោះ​អាច​ធ្វើ​ដំណើរ​បាន​សុខ​ស្រួល ដោយ​គ្មាន​ទាក់​អ្វី​បន្តិច​សោះ ។

បើ​តាម​ប្រភព​ព័ត៌មាន​ដែល​កោះសន្តិភាព​ទទួល​បាន​កន្លង​ទៅ​នេះ ពាក់ព័ន្ធ​នឹង​រថយន្ត​ដែល​គ្មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ ហើយ​កំពុង​មមាញឹក​លើ​ដងផ្លូវ​សព្វថ្ងៃ គឺ​មាន​ដូច​ជា​៖ រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ ដែល​គេ​សង្កេត​ឃើញ​ភាគច្រើន​ដឹក​ទំនិញ​ចូល​ក្រុង​បាត់ដំបង នៅ​ពេល​យប់​។ រថយន្ត​ក្រុមហ៊ុន​ដឹក​ដី​នានា ដែល​មួយ​ចំនួន​រថយន្ត​អត់​បង់ពន្ធ គ្មាន​ឯកសារ​ធ្វើ​អាជីវកម្ម ។ រថយន្ត​ដឹក​ទឹកកក​នៅ​តាម​រោងចក្រ​ផលិត​ទឹកកក​នៅ​ក្នុង​ខេត្ត ស្ទើរ​ពាក់កណ្ដាល​គ្មាន​ឯកសារ​ស្របច្បាប់ និង​រថយន្ត​ដឹក​គ្រឿងសំណង់​នានា នៅ​ក្នុង​ខេត្ត​ក៏​មិន​ខុស​គ្នា​ដែរ ។ រថយន្ត​ទាំងនេះ គ្មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ គ្មាន​លិខិត​ធ្វើ​អាជីវកម្ម គ្មាន​លិខិតបញ្ជាក់​ពី​ការ​ត្រួតពិនិត្យ​បច្ចេកទេស (​ឈៀក​) ឬ ឯកសារ​ហួស​សុពលភាព ។

អ្នក​ទម្លាយ​ព័ត៌មាន​នេះ​បាន​បញ្ជាក់​ថា រថយន្ត​ដូច​ការ​រៀបរាប់​ខាងលើ​នេះ ភាគច្រើន​សុទ្ធតែ​គ្មាន​ឯកសារ​ត្រឹមត្រូវ រថយន្ត​ខ្លះ​ពាក់​ស្លាក​លេខ​ក្លែងបន្លំ ជា​ពិសេស​ពួក​រថយន្ត​ដឹក​ដី រីឯ​តៃកុង​មួយ​ចំនួន​ក៏​គ្មាន​ប័ណ្ណបើកបរ​ដែរ ។ ប៉ុន្តែ​រថយន្ត​ទាំងនេះ នៅ​តែ​អាច​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​ឆ្លងកាត់​គោលដៅ មន្ត្រី​ចរាចរណ៍​គ្រប់​ទីកន្លែង​បាន​គ្មាន​ក្ដី​បារម្ភ​ឡើយ បើ​ទោះជា​មន្ត្រី​ចរាចរណ៍​កាក់​រថយន្ត​តូច​ធំ ដើម្បី​ត្រូ​ត​ពិនិត្យ​មិន​ឲ្យ​រួច​មួយ​គ្រឿង​ក្ដី ។ ដោយឡែក​រថយន្ត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ធំ​ៗ​មួយ​ចំនួន ដែល​មាន​បិទ​ស្លាក​សម្គាល់​ក្រុមហ៊ុន​ផង ក៏​មិន​ខុស​ពី​ប្រភេទ​រថយន្ត​ខាងលើ​នេះ​ដែរ គឺ គេ​សង្កេត​ឃើញ​ថា រថយន្ត​បណ្ដា​ក្រុមហ៊ុន​ទាំងនោះ មួយ​ចំនួន​ប្រាកដជា គ្មាន​ឯកសារ​ត្រឹមត្រូវ​ឡើយ រីឯ​អ្នកបើកបរ​ខ្លះ​ក៏​គ្មាន​ប័ណ្ណបើកបរ​ដូច​គ្នា​ដែរ ។ ដូច​ជា​រថយន្ត​ដឹក​ស៊ីម៉ង់ត៍ រថយន្ត​ដឹក​ទំនិញ រថយន្ត​ដឹក​កសិផល​ផ្សេង​ៗ​។​ល ។

មូលហេតុ​ដែល​គេ​ហ៊ាន​អះអាង​ដូច្នេះ ដោយសារ​តែ​គេ​សង្កេត​ឃើញ​រថយន្ត​ទាំងនេះ បាន​ព្យាយាម​បើក​គេច​ពី​គោលដៅ​កម្លាំង​ចម្រុះ​ដែល ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ចល័ត​នៅ​លើ​ដងផ្លូវ​ជាតិ​នានា ក្នុង​ខេត្តបាត់ដំបង​។ ប៉ុន្តែ​រថយន្ត​ទាំងនេះ​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​របស់​មន្ត្រី​ចរាចរណ៍​ដែល​បោះទីតាំង​រឹង​ម៉ាំ​នៅ​លើ​ផ្លូវជាតិ​នានា ក្នុង​ខេត្តបាត់ដំបង បាន​យ៉ាង​រលូន ។ ដូច​ជា គោលដៅ​ត្រួតពិនិត្យ​ដ៏​ខ្លាំងក្លា នៅ​ចំណុច «​រង្វង់​មូល​យាយ​ទេ​ព្យ​»​នៅ​ផ្លូវជាតិ​លេខ​៥ ជិត​ផ្សារ​ទំនើប​«​ភូ​ពុ​យ​» ដែល​មាន​លោក​ពុត ក​យ ជា​ប្រធាន​គោលដៅ និង ចំណុច​«​រង្វង់​មូល​នាង​រំសាយសក់​» លើ​ផ្លូវជាតិ​លេខ​៥៧ ដែល​មាន​លោក​ហុ​ក ហឿ​ត ជា​ប្រធាន​គោលដៅ ។ មហាជន​ទូទៅ​មើលឃើញ​ថា ប៉ុស្តិ៍​មន្ត្រី​ចរាចរណ៍​ទាំង​២​កន្លែង​នេះ គឺជា​ខ្សែប្រយុទ្ធ​ជួរ​មុខ​ដ៏​សំខាន់​បំផុត ក្នុង​ការ​ពង្រឹង​ច្បាប់​ច​រា​រណ៍ ។ មន្ត្រី​នេះ​បាន​ដាក់​ពង្រាយ​គ្រប់​ច្រកល្ហក នៅ​តាម​គោលដៅ​នីមួយ​ៗ ដើម្បី​ចាំ​ស្ទាក់​រថយន្ត​គ្រប់​ប្រភេទ​ត្រួតពិនិត្យ​ឯកសារ និង​ប័ណ្ណបើកបរ​ដែល​មើលទៅ​ហាក់​តឹងតែង​សម្បើម​ណាស់ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បែរជា​បើកផ្លូវ​ឲ្យ​រថយន្ត​ល្មើសច្បាប់​ដូចដែល​រៀបរាប់​ខាងលើ​នេះ បើក​ឆ្លងកាត់​យ៉ាង​ធូរ​ខ្សោយ ។

ដូច្នេះ​ហើយ​ទើប​មានការ​រិះគន់​ជា​បន្តបន្ទាប់​ថា មន្ត្រី​ប្រចាំ​គោលដៅ​ទាំងនេះ​បាន​រឹត​បន្ដឹង តែ​ទៅ​លើ​រថយន្ត​ទាំងឡាយ​ណា ដែល​មិន​ធ្លាប់​បង់ប្រាក់​សំ​ណេ​ន តែបើ​រថយន្ត​ដែល​មានឈ្មោះ​ក្រុមហ៊ុន ឬ មាន​លេខ​រថយន្ត​កត់​ទុក​ក្នុង​បញ្ជី​បង់​សំណែន គឺ អាច​បំបាំងកាយ​បើក​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​បាន​យ៉ាង​រំភើយ ។ នេះ​ជា​ការ​ឃុំ​ឃិ​ត​គ្នា​យ៉ាង​ស្អិតរ​មួ​ត ដើម្បី​បង្កើត​ឲ្យ​មាន​បទល្មើស​រវាង​មន្ត្រី​ចរាចរណ៍​តាម​គោលដៅ ជាមួយ​ម្ចាស់​រថយន្ត​លើ្ម​ស ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ។
ពាក់ព័ន្ធ​នឹង​រថយន្ត​ល្មើសច្បាប់​ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅ​ពាសពេញ ក្រុង​បាត់ដំបង​វិញ ។ ដូច​ជា រថយន្ត​ដឹក​គ្រឿងសំណង់ រថយន្ត​ដឹក​ទឹកកក រថយន្ត​ដឹក​ទំនិញ​សំពីងសំពោង និង រថយន្ត​ដឹក​ដី បើ​តាម​មន្ត្រី​ម្នាក់​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ បាន​ទម្លាយ​ឲ្យ​ដឹង​ថា រថយន្ត​ទាំងនេះ​ភាគច្រើន​គ្មាន​ឯកសារ​ត្រឹមត្រូវ​ស្របច្បាប់​ទេ រីឯ​តៃកុង​ក៏​គ្មាន​ប័ណ្ណបើកបរ​ដែរ​។ ប៉ុន្តែ​ពួក​គេ​អាច​បើក​ចូល​ក្នុង​ក្រុង​បាន ដោយសារ​ម្ចាស់​រថយន្ត ឬ​ថៅកែ​រថយន្ត​ទាំងនេះ បាន​បង់ប្រាក់​សំណូក​ប្រចាំខែ​ជូន​តាម​គោលដៅ​ចរាចរណ៍ ។ ជា​ពិសេស​បង់​ដោយ​ផ្ទាល់​ជូន លោក​សាត គឹ​ម​សាន ស្នងការ​រង​ខេត្ត ទ​ទូល​បន្ទុក​ចរាចរ​ណ៏​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន មាន​លោកស្នងការ​រង​ខេត្ត ចំនួន​៣​រូប ដែល​ហាក់​កំពុង​ប្រទាញប្រទង់​ការងារ​គ្នា​ក្នុង​ការ​ត្រួតត្រា ការិយាល័យ​ចំនួន​២ គឺ​ការិយាល័យ​សណ្ដាប់ធ្នាប់ និង​ការិយាល័យ​ចរាចរណ៍​ជើង​គោក ។ ប៉ុន្តែ​មើលទៅ​ហាក់​កំពុង​ផ្ដោត​ខ្លាំង តែ​ទៅ​លើ​ការិយាល័យ​ចរាចរណ៍​មួយ​ប៉ុណ្ណោះ​។ ព្រោះ​ការិយាល័យ​នេះ​សំបូរ​ខ្លាច​ច្រើន ជា​ពិសេស គឺ​លោកស្នងការ​រង សាត គឹ​ម​សាន និង លោកស្នងការ​រង ឆៃ ច័ន្ទ​តារា ដែល​កំពុង​ច្បាមចាប់​ផលប្រយោជន៍​មិន​បន្ធូរ​ដៃ​ខ្លះ​សោះ​ពី​ការិយាល័យ​ចរាចរណ៍​ដ៏​សំបូរ​ជីវជាតិ​មួយ​នេះ ។

ជុំវិញ​ភាព​មិន​ប្រក្រតី ដែល​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី និង​ថ្នាក់ដឹកនាំ​ខិលខូច​មួយ​ចំនួន​ខាងលើ​នេះ កោះសន្តិភាព​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ពុត ក​យ ប្រធាន​គោលដៅ​« រង្វង់​មូល​យាយ​ទេ​ព្យ​» និង លោក​ហុ​ក ហឿ​ត ប្រធាន​គោលដៅ​«​រង្វង់​មូល​នាង​រំសាយសក់​» បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៨ មិ​នា ។ ប៉ុន្តែ​លោក​សាត គឹ​ម​សាន ស្នងការ​រង​ខេត្ត ដែល​ត្រូវ​គេ​ចង្អុល​ចំ​ៗ​ថា លោក​កំពុង​ច្បាម​យ៉ាង​ស្អិត​ចាប់​យក​ផលប្រយោជន៍​ពី​ការិយាល័យ​ជំនាញ​នេះ ខ្លាំង​ជាងគេ បាន​ថ្លែង​អះអាង​ប្រាប់​កោះសន្តិភាព តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃ​ទី​២៧ មិ​នា យ៉ាង​ដូច្នេះ​ថា « រថយន្ត​ណា​ដែល​កែ​ច្នៃ​ខុស​បច្ចេកទេស គឺ​ខ្ញុំ​បាន​ចាប់​ឲ្យ​ម្ចាស់​កែតម្រូវ​អស់​ជា​ច្រើន​ហើយ នា​ពេល​កន្លង​មក តែ​នៅ​ពេល​ចាប់​ម្ដង​ៗ ក៏​មាន​អ្នក​អន្តរាគមន៍​ច្រើន​ណាស់​ដែរ ។

ចំពោះ​រថយន្ត​ដឹក​ដី​វិញ គ្មាន​រថយន្ត​ណា​ដែល​ខុសច្បាប់​ទេ ព្រោះ​បើ​មាន​ខ្ញុំ​នឹង​ឲ្យ​កម្លាំង​ចុះ​ចាប់​ភ្លាម អីចឹង​គ្មាន​ទេ​»​។ ប៉ុន្តែ​នៅ​ពេល​កោះសន្តិភាព លើក​បង្ហាញ​ករណី​ជាក់ស្ដែង ដែល​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ប៉ុន្មាន​គ្រឿង ដឹក​ទំនិញ​សំ​ពី​សំពោង​បើក​ចូល​ក្រុង កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ មិ​នា លោកស្នងការ​រង​រូប​នេះ បាន​លើក​ហេតុផល​យ៉ាង​ខ្លី​ថា «​រថយន្ត​នោះ បែប​សម្ងំ​នៅ​កន្លែង​ណា ទើប​មន្ត្រី​ជំនាញ​រក​មិនឃើញ​»​។ ពាក់ព័ន្ធ​នឹង​ការ​សូកប៉ាន់​វិញ នៅ​ពេល​សួរ​ថា មាន​គេ​អះអាង​ថា ម្ចាស់​រថយន្ត​ល្មើសច្បាប់​ខាងលើ​នេះ ភាគច្រើន​បាន​បង់ប្រាក់​ប្រចាំខែ​ឲ្យ​លោក​ផ្ទាល់ តើ​រឿង​នេះ​ពិត​ឬ​យ៉ាងណា ? លោក​សាត គឹ​ម​សាន បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​នេះ ។ លោក​បាន​ឆ្លើយ​តប​យ៉ាង​ខ្លី​ទៅ​នឹង​សំនួរ​នេះ​ថា «​ខ្ញុំ​មិន​ដែល​បាន​យក​ប្រាក់​ពី​ម្ចាស់​រថយន្ត​ល្មើស​ទាំងនោះ​ទេ​» ។

លោកស្នងការ​រង​មិន​បាន​បំភ្លឺ​ច្រើន​ទេ ទៅ​នឹង​សំនួរ​នេះ ។ ប៉ុន្តែ​លោក​បាន​លើក​អំពី​ការ​ប្រឹងប្រែង​អនុវត្ត​ច្បាប់​ចរាចរណ៍​នា​ពេល​កន្លង​មក​ថា កន្លង​មក​លោក​បាន​ចាប់​រថយន្ត​ល្មើសច្បាប់​នេះ​ច្រើន​ណាស់ ដើម្បី​ឲ្យ​បំពេញ​ឯកសារ​ស្របច្បាប់ រីឯ​រថយន្ត​កែ​ច្នៃ​ឲ្យ​រូស​រើ​កែតម្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ឡើង​វិញ ។ ពេល​នេះ​រូប​លោក និង លោក​ចាន់ សុធី ប្រធាន​ការិយាល័យ​ចរាចរណ៍​ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី ក៏​កំពុង​ត្រៀម​អនុវត្ត​អនុ​ក្រិត​ថ្មី ស្ដី​ពី​ច្បាប់​ចរាចរណ៍​នេះ​ដែរ ។
ប្រធាន​ការិយាល័យ​ចរាចរណ៍​ជើង​គោក លោក​ចាន់ សុធី ដែល​ទើប​ចូល​កាន់​មុខ​តំណែង​បាន​ជាង​១​ខែ​កន្លង​ទៅ​នេះ បាន​និយាយ​ថា រាល់​ទ​ង្វើ​មិន​ប្រក្រតី​របស់​មន្ត្រី​ចរាចរណ៍​នា​ពេល​កន្លង​មកនេះ លោក​គ្រប់​គ្រង់​មិន​ទាន់​បាន​ទេ ព្រោះ​លោក​ទើប​ចូល​កាន់​តំណែង​ថ្មី តែ​យ៉ាងណា​លោក​នឹង​ធ្វើការ​ត្រូ​ត​ពិនិត្យ​និង​កែសម្រួល​ឡើង​វិញ​លើ​ករណី​នេះ ។

ចំពោះ​ករណី​រថយន្ត​ល្មើសច្បាប់​វិញ លោក​ចាន់ សុធី បាន​បញ្ជាក់​ថា លោក​នឹង​ពិនិត្យ​ទៅ​លើ​ផ្លូវច្បាប់ ដើម្បី​ចាត់​វិធា​ការ​ទៅ​លើ​រថយន្ត​ទាំងនេះ ដោយ​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ទាំងនោះ​បន្ត​បំពាន​ច្បាប់​ចរាចរណ៍ ឬ បំពាន​ស្លាក​សញ្ញា​ហាមឃាត់​ចូល​ក្នុង​ក្រុង​បន្ត​ទៀត​ឡើយ ។ យើង​នឹង​អនុវត្ត​ឲ្យ​បាន​តឹងតែង​បំផុត នៅ​ពេល​ដែល​អនុ​ក្រិត​ថ្មី ស្ដី​ពី​ច្បាប់​ចរាចរណ៍​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​ដាក់​ឲ្យ​អនុវត្ត​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ