ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់បានយកធុងហ្គាសសម្រាប់ដាំបាយមួយដែលមានទម្ងន់៤គីឡូក្រាម ទៅដាក់នៅគូថក្រោយរថយន្ត លុះនាងបើកបរសុខៗស្រាប់តែធ្លាយចេញជាហ្គាសឆាបឆេះជាអណ្តាតភ្លើងយ៉ាងសន្ធោរសន្ធៅ ផ្ទុះកក្រើក បណ្តាលឱ្យរងរបួសធ្ងន់ស្រាល៣នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹកតែម្តង ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៧ និង៤០នាទីព្រឹក ថ្ងៃ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវបំបែកផ្សារប៉ាងរលឹម ក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីនគរបាលក្រុងប៉ៃលិនបានឱ្យដឹងថា មនុស្សដែលរងរបួសចំនួន០៣នាក់ ក្នុងនោះធ្ងន់ធ្ងរចំនួន ០២នាក់ និងរបួសស្រាលចំនួន០១នាក់ ជាអ្នកដំណើរលើដងផ្លូវ និងខូចខាតរថយន្តចំនួន០១គ្រឿង ។
ប្រភពបន្តទៀតថា ជនរងគ្រោះទី១ – អ្នកបើកបររថយន្តមានឈ្មោះ គុយ ឆវ័ន ភេទស្រី អាយុ៤១ឆ្នាំ មុខរបរទិញផ្លែស្វាយ មានទីលំនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន រងរបួសធ្ងន់ ដោយបើកបររថយន្តម៉ាកកាម៉ារីហើម ពណ៌សំបកឪឡឹក ស៊េរីឆ្នាំ៩៥ ពាក់ស្លាកលេខ ភ្នំពេញ ២J-៣៤ ៦២ រងការខូចខាតយ៉ាងដំណំ ទី២- អ្នករួមដំណើរឈ្មោះ ផល់ ចាន់រក្សី ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មកររស់នៅភូមិឃុំខាងលើ រងរបួសធ្ងន់ ទី៣- ឈ្មោះ សំ សម្បត្ដិចរិយា ភេទស្រី អាយុ៣៨ឆ្នាំ ជាគ្រូបង្រៀនរស់នៅក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ជាអ្នកធ្វើដំណើរតាមដងផ្លូវ រងរបួសស្រាល ។
ប្រភពដដែលបញ្ជាក់ថា ករណីខាងលើនេះក្រោយពេលកើតហេតុជនរងគ្រោះទាំងអស់ត្រូវបានសាច់ញាតិដឹកបញ្ជូនតាមរថយន្តទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ដប៉ៃលិន ។ តែដោយសារអ្នកខ្លះមានសភាពធ្ងន់ធ្ងរពេកក៏បញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ