ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២០ វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ​និង​ស្បែកជើង​នៅ​កម្ពុជា​រង​ទុក្ខ​ផ្ទួន​ៗ​កម្មករ​ទឹកភ្នែក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆ្នាំ​២០២០​នេះ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​នៅ​កម្ពុជា​កំពុង​ពើបប្រទះ​នូវ​ទុក្ខ​ជាន់​លើ​ទុក្ខ ដោយ​ទី​១​នោះ​គឺ​សហគមន៍​អឺរ៉ុប​បាន​សម្រេច​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់មុខ​ទំនិញ​លើកលែងតែ​សព្វាវុធ ហៅ​កាត់​ថា (EBA) ចំនួន​២០​ភាគរយ និង​បញ្ហា​ធំ​មួយទៀត​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​នោះ គឺ​ជំងឺ​កូ​វី​ដ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆ្នាំ​២០២០​នេះ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​នៅ​កម្ពុជា​កំពុង​ពើបប្រទះ​នូវ​ទុក្ខ​ជាន់​លើ​ទុក្ខ ដោយ​ទី​១​នោះ​គឺ​សហគមន៍​អឺរ៉ុប​បាន​សម្រេច​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់មុខ​ទំនិញ​លើកលែងតែ​សព្វាវុធ ហៅ​កាត់​ថា (EBA) ចំនួន​២០​ភាគរយ និង​បញ្ហា​ធំ​មួយទៀត​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​នោះ គឺ​ជំងឺ​កូ​វី​ដ ១៩ ដែល​កំពុង​រាលដាល​កាន់តែ​ខ្លាំង​លើ​ពិភពលោក ក្នុង​ង​នោះ​ប្រទេស​អ្នកបញ្ជា​ទិញ​ធំ​ៗ​ដូច​ជា​អា​មេ​រិ​ក និង​សហភាព​អឺរ៉ុប​ក៏​កំពុង​តែ​រង​ទុក្ខ​ធ្ងន់​ផង​ដែរ​ពី​ជំងឺ​នោះ ហើយ​បាន​សម្រេចចិត្ត​ផ្អាក​ការ​នាំ​ចេញ​ទំនិញ​វាយនភ័ណ្ឌ​ពី​កម្ពុជា ។

​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​អាក្រក់​នេះ​បើ​តាម​របាយការណ៍​របស់​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្លៀក​ជើង​កម្ពុជា ហៅ​កាត់​ថា GMAC បាន​បង្ហាញ​ថា​អ្នកបញ្ជា​ទិញ​ប្រមាណ​៧០​ភាគរយ ទៅ ៨០​ភាគរយ បាន​ស្នើ​សុំ​ផ្អាក​ការ​បញ្ជា​ទិញ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​។ ​ដោយ​ឃើញ​ថា​ស្ថានភាព​កាន់តែ​អាក្រក់​បែប​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល ឬ​ប្រាក់​ចំណេញ​របស់​សហគ្រាស​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង ទៅ​តាម​កម្រិត​នៃ​ការ​ប៉ះពាល់​។

​លោក​កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​បានអោយ​ដឹង​ថា ការ​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​នេះ ហាក់​មិន​បាន​ជួយ​សម្រាល​បន្ទុក​ច្រើន​ប៉ុន្មាន​ទេ​ដល់​វិស័យ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​កាត់ដេរ​នៅ​កម្ពុជា ស្រប​ពេល​អ្នកបញ្ជា​ទិញ​ធំ​ៗ​មួយ​ចំនួន​បាន​ស​ម្រ​ច​ផ្អាក​ការ​បញ្ជា​ទិញ​ពី​កម្ពុជា​ដោយសារ​បញ្ហា​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ។ ​លោក​បាន​បន្ត​ថា « យើង​មិន​រំពឹង​ថា​ឆ្នាំ​នេះ សហគ្រាស​វាយ​ន​ភណ្ឌ​កាត់ដេរ​នៅ​កម្ពុជា​ទទួល​បាន​ប្រាក់​ចំណេញ​នោះ​ទេ » ។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា «​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​ធំ​របស់​រោងចក្រ​ពេល​នេះ និង​ពេល​ខ្លី​ខាង​មុខ​គឺ​បញ្ហា​លំហូរ​សាច់ប្រាក់ (cash flow) ពីព្រោះ​យើង​មិន​អាច​ដឹក​ទំនិញ​ទៅ​ឲ្យ​អ្នកបញ្ជា​ទិញ​បាន ហើយ​ក៏​អត់​បានការ​ទូទាត់​សាច់ប្រាក់ ដូច្នេះ​ខាង​រោងចក្រ​អត់​មាន​លុយ​សម្រាប់​បើក​ប្រាក់ខែ​ឲ្យ​កម្មករនិយោជិត​នោះ​ទេ ។ អ្វី​ដែល​យើង​អាច​និយាយ​បាន​នៅ​ពេល​នេះ​គឺថា ៦​ខែ​ទៅ​មុខ​នេះ មាន​ភាព​មិន​ច្បាស់លាស់​ទាល់តែ​សោះ ហើយ​អ្វី​ដែល​ជា​ក្តី​បារម្ភ​ធំ​នោះ គឺ​ទីផ្សារ​នាំ​ចេញ​របស់ កម្ពុជា ។ អ្វី​ដែល​ត្រូវ​ផ្តោត​គឺ​ការ​អនុវត្ត​យន្តការ​ផ្សេង​ៗ​ដើម្បី​រស់​ក្នុង​រយៈពេល​ខ្លី​ខាង​មុខនេះ​»​។

បើ​តាម​សហជីព​កម្ពុ​ជាមួយ​ចំនួន បាន​និយាយ​ស្រ​ដៀង​គ្នា​ផង​ដែរ​ថា​ពេល​នេះ ខាង​អ្នកបញ្ជា​ទិញ​បាន​ស្នើ​សុំ​ផ្អាក​ការ​ដឹក​ជញ្ជូន​ទៅ​អោយ​គេ ក្នុង​ពេល​ប្រទេស​គេ​កំពុង​ដោះស្រាយ​បញ្ហា​ជំងឺ​កូ​វី​ដ ១៩ ដែល​កំពុង​រីក​រាល​នៃ​ការ​ឆ្លង​ខ្លាំង​នេះ ។ យ៉ាងណាមិញ ធានា​សុវត្ថិភាព​កម្មករ កម្មការិនី តាម​រោងចក្រ ភាគី​ថៅកែ​គួរតែ អនុញ្ញាត​អោយ​កម្មក​និយោជិត បាន​ឈប់​សម្រាក ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​នេះ ព្រោះថា​ការ​បញ្ជា​ទិញ​ក៏​ធ្លាក់​ចុះ​ផង​ដែរ​នៅ​ពេល​នេះ ។

​បើ​តាម​លោក​ប៉ាវ ស៊ី​ណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​បានអោយ​ដឹង​ថា «​វា​ជា​ការ​ពិត​ណាស់​ដែល​វិស័យ​នេះ​រង​នូវ​ផល​ប៉ះពាល់​ផ្ទួន​ៗ ទាំង EBA និង​កូ​វី​ដ ១៩​នេះ ។ ក្នុង​ស្ថានភាព​នេះ​គឺ​គ្រប់​ប្រទេស​លើ​ពិភពលោក​គឺ​ត្រូវការ​សង្គ្រោះ​ប្រជាជន​គេ ដូច្នេះ​គេ​ត្រូវការ​បិទ​ប្រទេស​គេ​មួយ​រយៈ​សិន ដើម្បី​អោយ​ទប់ស្កាត់​ហើយ​ការ​បញ្ជា​ទិញ​ពី​កម្ពុជា​ក៏​ត្រូវ​បាន​ផ្អាក​ផង​ដែរ ។ តែ​យ៉ាងណា​ក៏​ដោយ​អ្នកបញ្ជា​ទិញ​ក៏​គួរតែ​គិតគូរ ដល់​ជីវភាព កម្មករ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​តែ​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ ១៩​នេះ​ផង​ដែរ ដោយ​មានការ​ឧបត្ថម្ភ​មួយ​ចំនួន ដល់​កម្មករ ហើយ​រដ្ឋាភិបាល​កម្ពុជា​ជួយ​ខ្លះទៅ​ពួក​គេ​អាច​នឹង​គេច​ផុត​ពី​វិបត្តិ​ធ្ងន់ធ្ងរ​បាន​មួយ​កម្រិត​» ។

លោក​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ​រោងចក្រ​ប្រមាណ ៥០​ត្រូវ​បាន​បិទ ហើយ​ប៉ះពាល់​ដល់​កម្មករ ប្រមាណ​៣​ម៉ឺន​នាក់​ផង​ដែរ អត់​ការងារ​ធ្វើ ហើយ​បើសិនជា​ស្ថានភាព​នេះ នៅ​តែ​បែប​នេះ​ទៀត នៅ​ក្រោយ​ខែមេសា ស្ថានភាព​នៃ​ការ​អត់​ការងារ​ធ្វើ​របស់​កម្មករ នឹង​កាន់តែ​ច្រើន​ឡើង ហើយ​មាន​ជា​បន្តបន្ទាប់ ។ យ៉ាងណា​ក៏​ដោយ នៅ​ពេល​ស្ថានភាព​កូ​វី​ដ ១៩ បាន​ប្រសើរ​ឡើង​វិញ លោក​ស្នើ​អោយ​សហភាព​អឺរ៉ុប ពិចារណា​ក្នុង​ការ​ជួយ​កម្ពុជា ដោយ​បន្ត​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ មក​ដល់​កម្ពុជា​បន្ត​ទៀត ដើម្បី​លើកកម្ពស់​ជីវភាព​របស់​កម្មករ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ ។

សូម​បញ្ជាក់​ថា វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​គឺជា​វិស័យ​មួយ​ដែល​ផ្ដល់​ឱកាស​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ច្រើន​ជាងគេ ដែល​មាន​ចំនួន​ដល់​ជិត​១​លាន​នាក់ ផ្ដល់​ប្រាក់​ចំណូល​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ឆ្នាំ ដល់​កម្មករ និយោជិត និង​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ដ៏​សំខាន់​ផង​ដែរ ។ ប៉ុន្តែ នៅ​ឆ្នាំ​២០២០​នេះ​វិស័យ​នេះ​ហាក់​ទទួល​រង​នូវ​បញ្ហា​ផ្ទួន​ៗ ដែល​ទាមទារ​អោយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ដោះស្រាយ​បន្ទាន់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ