ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហេតុដែលបិទ​ភូមិ​ចំនួន​៧ មិន​ឱ្យ​មនុស្ស​មិន​ស្គាល់​មុខ​ឬ​អត្តសញ្ញាណ​ចេញ-ចូល

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ការ​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ កុំឱ្យ​មានការ​ឆ្លង​ចូល​ក្នុង​សហគមន៍ ភូមិ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ភាគច្រើន ជា​ជនជាតិ​ដើម​ភាគតិច​នោះ និង​ក្នុង​បំណង​រក្សា​ប្រពៃណី​ផង​ដែរ ។ នេះ​ជា​ការ​ថ្លែង​របស់​លោក​មេឃុំ​សេ​ដា ​និង​មេឃុំ​ប៉ាតេ…

ខេត្តរតនគិរី ៖ ការ​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ កុំឱ្យ​មានការ​ឆ្លង​ចូល​ក្នុង​សហគមន៍ ភូមិ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ភាគច្រើន ជា​ជនជាតិ​ដើម​ភាគតិច​នោះ និង​ក្នុង​បំណង​រក្សា​ប្រពៃណី​ផង​ដែរ ។ នេះ​ជា​ការ​ថ្លែង​របស់​លោក​មេឃុំ​សេ​ដា ​និង​មេឃុំ​ប៉ាតេ ដែល​បាន​សម្រេច​បិទ​ភូមិ​ចំនួន​៧ មិន​ឱ្យ​ប្រជា​ពល​រដ្ឋ​ដែល​មិន​ស្គាល់​មុខ​ឬ​អត្តសញ្ញាណ​ចេញចូលក្នុងភូមិ​របស់​ពួក​គេ​ឡើយ ។

ការ​សម្រេច​របស់​មេឃុំ​ទាំង​ពីរ​ខាងលើ​ដែល​បាន​បិទ​ភូមិ​នោះ តាម​ប្រភព​បានឱ្យ​ដឹង​ថា​ ធ្វើ​ឡើង​តាម​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល​និង​តាម​ការ​ស្នើ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​នោះ​ផង​ដែរ ។ លោក អង ប៊ុ​ន​ធៀង មេឃុំ​សេ​ដា បានឱ្យ​ដឹង​ នៅ​រសៀល​ថ្ងៃ​ទី​២៦​ខែ មីនា ឆ្នាំ​២០២០ នេះ​ថា លោក​បាន​សម្រេច​បិទ​ភូមិ​ចំនួន​៣​ គឺ​ភូមិ​ប៉ម ភូមិ​ថ្មី និង​ភូមិ​ឡិ​ក​ចាប់ពី​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២០​នេះ ហើយ​ការ​បិទ​នេះ ដើម្បី​កុំឱ្យ​មនុស្ស​ក្រៅ​ភូមិ​ឃុំ​ចេញ-ចូល​ច្រើន​ពេក ខ្លាច​ការចម្លងជំងឺ​ដែល​យើង​មើល​មិនឃើញ​នោះ ។

ចំណែក​ភូមិធំ​ៗ​ដូច​ជា ភូមិ​ប៉ា​ទាត់ ភូមិ​សា​មុ​ត្រ​លើ ភូមិ​សា​មុ​ត្រ​ក្រោម​ជាប់​នៅ​ផ្លូវ​ធំ មិន​មានការ​បិទ​ទេ ព្រោះ​មាន​រថយន្ត​ធ្វើ​ចរាចរណ៍​ចេញចូល​ជា​ធម្មតា តែ​ក៏​អាច​បិទ​ដែរ ព្រោះ​គេ​បាន​លើក​ស្លាក​ហាម​ចូល​រួច​ហើយ ។ លោក ឆាយ ធី មេឃុំ​ប៉ា​តេ​ក៏​បាន​ប្រាប់​ដែរ​ថា ឃុំ​ប៉ា​តេ​របស់​លោក​មានការ​បិទ ចំនួន​៤​ភូមិ គឺ​ភូមិ​គងធំ ភូមិ​គង​យុក ភូមិ​ប្លង់ និង​ភូមិ​ប្អ​រ ហើយ​ការ​សម្រេច​បិទ​នេះ ដើម្បី បង្ការ​អ្នក​មក​ពី​ចម្ងាយ និង​ចាត់​កម្លាំង​ត្រួតពិនិត្យ អ្នកដំណើរ ជា​ពិសេស​អ្នក​មក​ពី​ថៃ​តែ​ម្ដង ។ ការ​បិទ​នេះ​ ក៏​ធ្វើ​តាម​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល​ផង​ដែរ ដែល​កន្លង​មក​មិន​ឱ្យ​មានការ​ជួបជុំ​បែប​សាសនា គ្រប់​ប្រភេទ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស ហើយ​ឃុំ​របស់​លោក​បាន​អនុវត្ត​បាន​រួចរាល់​ហើយ ។ ចំណែកឯ​ពិធី​មង្គលការ​ក៏​បាន​ឯកភាព​គ្នា រំសាយ​ចោល​ដែរ​ឬ​លើក​ពេល​ទៅ​ថ្ងៃក្រោយ​ដែរ ។

លោក​បាន​បន្ត​ថា ការ​បិទ​នេះ​មិនមែន​បិទ ចរាចរណ៍​ទាំងស្រុង​នោះ​ទេ នៅ​តែ​ចេញចូល បាន គ្រាន់តែ​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​មើល​អ្នកដំណើរ​ថា តើ​គាត់​មកពីណា​ពី​ចម្ងាយ ឬ​មុខ​ប្លែក​ជាដើម យើង​សួរនាំ​គាត់​មិន​ឱ្យ​ចូល​ឃុំ​ដោយសារ​យើង​បង្ការ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ពិសេស​អ្នក​មក​ពី​ប្រទេស​ថៃ ដោយសារ ឃុំ​នេះ​មាន​អ្នក​មក​ពី​ថៃ​ច្រើន​ផង​ដែរ ។ធ្វើការ​បិទ​នេះ​អាច​និង​ដឹង​ថា មនុស្ស​ភាគច្រើន​គាត់​ចេញចូល​មកពីណា​និង​ពេល​ណាខ្លះ​ដែល​នេះ​ជា​ការ​គ្រប់គ្រង ដើម្បី​ទប់ស្កាត់​កុំឱ្យ​មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។នៅ​ឃុំ​ប៉ា​តេ​មិន​ទាន់​មាន​អ្នក​គួរ​ឱ្យ​សង្ស័យ ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វិ​ដ​១៩​នៅឡើយ​ទេ​តែ​ធ្វើ​នេះ ដើម្បី​បង្ការ​អ្នក​មក​ពី​ខាងក្រៅ​ចេញចូល​ខ្លាច មាន​សមាសភាព​មក​ពី​បរទេស​ជាដើម ។

ការ​បិទផ្លូវ​នេះ​ក៏​មានការ​ធ្វើ​ឡើងជា​បន្តបន្ទាប់​ផង​ដែរ តាំងពី​ថ្ងៃ​ទី​២១ ខែមីនា​រហូត​មក ដល់​បច្ចុប្បន្ន តាម​ការ​ស្នើ​សុំ​របស់​សហគមន៍​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដែល​ជា​ជនជាតិ​ដើម​ភាគតិច​ដែល​មាន​ចាស់ទុំ​និង​មាន​មេកន្ទ្រាញ​ជាដើម​ផង​កន្លង​មក ។ តាម​បណ្តា​ភូមិ​ឃុំ​មួយ​ចំនួន​គ្រាន់តែ​ធ្វើការ​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​របស់ ក្រសួងសុខាភិបាល​ប៉ុណ្ណោះ ហើយ​ពួក​គេ​ក៏ ពិភាក្សា​គ្នា​ដើម្បី​សុវត្ថិភាព​ក៏​ស្នើ​បិទ​ភូមិ​នេះ​តែ​ម្ដង ។ ដោយ​ឡែក​នៅ​ឃុំ​កិ​ចុង ស្រុក​បរ​កែវ​ក៏​មានការ​បិទ​ភូមិ​ដែរ តែ​ពួក​គាត់​ថា​ធ្វើ​ឡើង​តាម​ទំនៀមទម្លាប់​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ប៉ុណ្ណោះ ព្រោះ​ឱ្យ​តែ​ចូល​ដល់​រដូវក្តៅ​ឬ​មាន​ធ្លាក់​ភ្លៀង​ជាដើម ពេល​មាន​ជំងឺ​រាតត្បាត​ពួក​គាត់​តែងតែ​ដាក់​ប៉ា​រាស​បិទផ្លូវ​មិន​ឱ្យ​មាន​អ្នក​ភូមិ​ផ្សេង​ឆ្លងកាត់​ឡើយ ។

ប្រភព​ពី​អ្នក​ភូមិ​បាន​ប្រាប់​ថា ក្នុង​ខណៈ​ពេល​ដែល​កំពុង​បិទ​នោះ​បើ​មាន​អ្នក​ភូមិ​ផ្សេង​ឆ្លងកាត់​ គឺ​ត្រូវ​ផាក​ពិន័យ​ដូច​ជា​ការ​បង្គាប់​ឱ្យ​បង់​ជា​ក្របី ជ្រូក គោ មាន់ ឬ​ជា​ប្រាក់ ដោយ​ចោទប្រកាន់​ថា អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​នោះ ល្មើស​និង​ម្ចាស់​ទឹក​ម្ចាស់​ដី​ឬ​អារក្សព្រៃ នាំ​ឱ្យ​អ្នក​ភូមិ​រស់នៅ​មិន​មាន​សេចក្តីសុខ​ឬ​មាន​ជំងឺ​ឈឺ​ដ​ង្កា​ត់​មក​យាយី​ដល់​អ្នក​ភូមិ​ទើប​ធ្វើការ​ផាកពិន័យ​បែប​នេះ ។ ប្រភព​បន្ត​ថា សំណង​បាន​មក​ពី​ការ​បង់​ផាក​នោះ ពួក​គាត់​នឹង​យក​មក​ធ្វើ​ពិធីសែនព្រេន​សុំ​ទោស​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី​និង​អារក្សព្រៃ​កុំឱ្យ​មានការ​ប្រកាន់​ទោស ។

ប្រពៃណី​បែប​នេះ​ថ្វី​តដ្បិត ​តែ​មាន​សមាគម​ឬ​អង្គការ​នានា​បំភ្លឺ​ពន្យល់់​ណែនាំ​ឱ្យ​បោះបង់​ចោល​ខ្លះ​ក្តី ក៏​នៅ​តែ​មានការ​គោរព​បន្ត​ជា​ហូរហែ​នៅឡើយ ។ តាម​បណ្តា​ភូមិ​មួយ​ចំនួន​ដាច់​ស្រយាល​និង​ដែល​មាន​បងប្អូន​ជនជាតិ​ដើម​ភាគ​ត​តិច​រស់នៅ​ច្រើន គឺ​នៅ​មិន​ទាន់​មានការ​បោះបង់​ប្រពៃណី​ទ​នៀម​ទំលាប់​នៅ​ឡើយ ៕

អត្ថបទសរសេរ ដោយ