ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សំណង់​ឈើ​អាយុកាល​ជិត​១០០០​ឆ្នាំ នៅ​បាត​ស្រះ​ប្រាសាទ​អង្គ​វត្ត

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រចនាសម្ព័ន្ធ​សំណង់​ឈើ​ដ៏​ល្អ​ឆ្នើម​មួយ រួម​នឹង​បដិមា​នៃ​ព្រហ្ម​ម​ញ្ញ​សាសនា​១​អង្គ ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​បាត​ស្រះ​ខាងជើង​នៃ​ប្រាសាទ​អង្គរវត្ត​។ ការ​រក​ឃើញ​នេះ ត្រូវ​បាន​បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​អះអាង​ថា ជា​ប្រវត្តិសាស្ត្រ​ដំបូង​នៅ​អង្គរ ដែល​រក​ឃើញ​សំណង់​ឈើ និង​បដិមា​ដូច្នេះ…

ខេត្តសៀមរាប ៖ រចនាសម្ព័ន្ធ​សំណង់​ឈើ​ដ៏​ល្អ​ឆ្នើម​មួយ រួម​នឹង​បដិមា​នៃ​ព្រហ្ម​ម​ញ្ញ​សាសនា​១​អង្គ ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​បាត​ស្រះ​ខាងជើង​នៃ​ប្រាសាទ​អង្គរវត្ត​។ ការ​រក​ឃើញ​នេះ ត្រូវ​បាន​បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​អះអាង​ថា ជា​ប្រវត្តិសាស្ត្រ​ដំបូង​នៅ​អង្គរ ដែល​រក​ឃើញ​សំណង់​ឈើ និង​បដិមា​ដូច្នេះ ហើយ​នេះ​ជា​អាថ៌​កំបាំង​ដ៏​អស្ចារ្យ​ទាក់ទង​នឹង​ការ​កសាង​ស្រះ​ទឹក រួម​ទាំង​ស្ថាបត្យកម្ម​នៃ​សំណង់​អង្គរវត្ត ជំនឿ និង​ការ​រស់នៅ​ឥត​ដាច់​របស់​ប្រជាជន​តាំងពី​សតវត្សរ៍​ទី​១២ មក​ដល់​សព្វថ្ងៃ​។

មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២០ លោក អ៊ឹម សុខ​រិ​ទ្ធី បុរាណ​វិទូ និង​ជា​ប្រធាន​នាយក​ដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ ឱ្យ​ដឹង​ថា រចនាសម្ព័ន្ធ​សំណង់​ឈើ​ដែល​បាន​ប្រទះ​ឃើញ​នេះ ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ស្រះ ដែល​មាន​អាយុកាល​ជិត​១​ពាន់​ឆ្នាំ​ហើយ តែ​នៅ​មាន​ទ្រង់ទ្រាយ​ល្អ​ដូច​ដើម និង​មានការ​បញ្ចុះ​បាន​យ៉ាង​ត្រឹមត្រូវ ដោយ​មាន​ស្រទាប់​ខ្សាច់ ស្រទាប់​ថ្ម ស្រទាប់​កំណក​រុក្ខជាតិ និង​ធញ្ញជាតិ ស្រទាប់​សត្វ​សមុទ្រ និង​បំណែក​កុលាល​ភាជន៍​ជា​ច្រើន​សម័យកាល ដែល​បាន​រៀបចំ​យ៉ាង​ស្អាត​ប្រកបដោយ​គំនិត​សិល្បៈ លាយ​បញ្ចូល​នឹង​ជំនឿ ព្រោះ​មាន​មាន​តម្កល់​បដិមា​នៃ​ព្រហ្ម​ម​ញ្ញ​សា​សា​នា​១​អង្គ​ផង​។

បដិមា​នេះ ជា​ទេព​តំណាង​ឱ្យ​ចំណេះដឹង បញ្ញាញាណ និង​មន្តអាគម​។ ការ​ដែល​បញ្ចុះ​ទេព​លាយ​​ជាមួយ​ដូច្នេះ គឺ​បង្ហាញ​ពី​ការ​គោរព​តាម​ជំនឿ ដើម្បី​ជាទី​ពឹងពាក់​របស់​មនុស្ស និង​ដើម្បី​ឱ្យ​ទី​នេះ​ក្លាយ​ជាទី​ទុកចិត្ត ក្លាយជា​ទឹក​ពិសិដ្ឋ សម្រាប់​ប្រោះព្រំ​អ្នកផង មក​សំពះ​ព្រះ​ពិស្ណុលោក​។

លោក សុខ​រិ​ទ្ធី បាន​បន្ត​ថា ការ​រក​ឃើញ​ថ្មី​នេះ ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​ស្រាវជ្រាវ​ដំបូង​ហើយ​ដែល​បាន​ប្រទះ​ឃើញ​នូវ​សំណង់​ឈើ​មាន​ស្នាដៃ​ល្អ​ស្អាត និង​ព្រះ​មួយ​អង្គ​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ នេះ​ក៏​ជា​ភស្តុ​តាង​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​បែប​បុរាណវិទ្យា ដែល​បាន​បំពេញបន្ថែម​ទៅ​លើ​ព័ត៌មាន​កន្លង​មក​ដែល​យើង​ពឹងផ្អែក​ការ​សិក្សា​ស្រាវជ្រាវ​លើ​សិលា ចារឹក បដិមា​សាស្ត្រ ប្រវត្តិ​សិល្បៈ​។​ល​។ ដែល​បង្ហាញ​នូវ​អាថ៌​កំបាំង​យ៉ាង​ធំ​មួយ​ទាក់ទង​នឹង​ប្រវត្តិ​នៃ​ការ​កសាង​ស្រះ​ទឹក សំណង់​ប្រាសាទអង្គរវត្ត បរិស្ថាន​ធម្មជាតិ និង​ការ​រស់នៅ​របស់​មនុស្ស ដែល​បង្ហាញ​ឱ្យ​ដឹង​ថា អង្គរ​មិន​មានការ​បោះបង់​ចោល​នោះ​ទេ គឺ​មាន​មនុស្ស​មក​រស់នៅ​ទី​នេះ មិន​ដាច់​តាំងពី​សម័យ​កសាង​រហូត​ដល់​សម័យ​ទំនើប​។

លោក​បន្ថែម​ថា ដំណាក់កាល​ដំបូង​នេះ យើង​មិន​ទាន់​កំណត់​ឱ្យ​ច្បាស់​ថា​សំណង់​ឈើ​នេះ​មាន​ប្រភេទ​ឈើ​អ្វីខ្លះ? សំណង់​មាន​តួនាទី​អ្វី​ប្រាកដ​នោះ​ឡើយ គឺ​រង់ចាំ​ការ​យក​បំណែក​ឈើ​ទៅ​ពិសោធន៍ និង​សិក្សា​តាម​បែប​វិទ្យាសាស្ត្រ​ជាមួយ​អ្នកជំនាញ​ផ្សេង​ៗ​ទៀត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ