​ឆក់យកជីវិត​អ្នកបើកគ្រឿងចក្រម្នាក់ ខណៈ​កំពុងកាយដីល្បប់ពីក្នុងស្រះ​


ខេត្តកំពង់ឆ្នាំង ៖ អ្នក​បើក​គ្រឿងចក្រ​ម្នាក់​បាន​បាត់បង់ជីវិត​​ក្នុង​ទឹកស្រះ​ បន្ទាប់​ពី​ជនរងគ្រោះ​បើក​គ្រឿងចក្រ​កំពុងកាយដីល្បប់ពីក្នុងស្រះ ស្រាប់តែស្រុតដី​​ធ្លាក់​គ្រឿង​ចក្រ​​​ក្រឡាប់​​ចូល​ទឹកស្រះនិងសង្កត់លើ​ជនរងគ្រោះបណ្តាល​ឱ្យឈ្លក់ទឹកបាត់បង់ជីវិត​ នៅ​ចំណុចស្រះទឹក​​មួយកន្លែង​ស្ថិត​ក្នុងភូមិ​រលុង ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​​ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទីរសៀល​​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២០ ។

​តាម​ប្រភពពី​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សួ​ស ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ស្ថិត​នៅ​ភូមិ​តា​មៀង ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។

តាម​ប្រភពដដែលបាន​បន្ត​ថា ​នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​បើក​គ្រឿងចក្រ​ចូកដី​​ និង​កាយ​យក​ដីល្បប់​ពី​ក្នុង​ស្រះ​ទឹក ប៉ុន្តែ​​ពេល​ចូល​ទៅ​កាយ​ល្ប​ប់​ដី​ក្នុង​ស្រះ​ទឹក​នោះ​ គឺជនរងគ្រោះ​បាន​បើកគ្រឿងចក្រ​ចូល​ទៅ​ចត​នៅ​មាត់​ស្រះ ខណៈពេល​​កំពុង​កាយ​​ស្រាប់តែ​​ស្រុត​ដី​ធ្លាក់​គ្រឿងចក្រ​ក្រឡាប់​ចូល​ក្នុង​ទឹក​ស្រះ​សង្កត់​អ្នកបើកបរ​ បណ្តាល​ឱ្យ​ឈ្លក់ទឹក​​​បាត់បង់ជីវិត​​តែ​ម្តង ។

​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​​ជនរងគ្រោះ​ ​និង​​បាន​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ