ជំរុញ​អាជ្ញាធរ​មូលដ្ឋានតាមដានសុខភាព​​ពលករ​ដែល​ទើបមក​ពី​ក្រៅប្រទេស​


ខេត្ត​ប៉ៃលិន ​៖ ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​​កូវីដ-១៩ ខេត្ត នា​ថ្ងៃ​ទី​២៦ ខែ​មី​នា ឆ្នាំ​២០២០ ​លោក​ ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន បាន​ជំរុញ និង​ដាក់​ចេញ​នូវ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដល់​អាជ្ញា​ធរ មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់​ត្រូវ​គ្រប់គ្រង​ពលករ​ដែល​ទើប​ត្រឡប់​មក​ពី​ក្រៅប្រទេស​ឱ្យ​បាន​ច្បាស់លាស់ ជា ពិសេស​ត្រូវ​អប់រំ​ណែនាំ និង​តាមដាន​សុខភាព​របស់​ពួក​គាត់​ឱ្យ​បានជា​ប្រចាំ ដើម្បី​រួម​គ្នា​បង្ការ និង​ទប់ស្កាត់ ការ​រីក​រាលដាល​នៃ​ជំងឺកូវីដ-១៩​។

​លោក​​អភិបាល​ខេត្ត​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​រក​ឃើញ​មាន​អ្នក​​ផ្ទុក​​ជំងឺ​នេះ​ក៏ដោយ ប៉ុន្តែ​សម្រាប់​ខេត្ត​ប៉ៃលិន រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​រក​ឃើញមាន​អ្នក​​ផ្ទុក​​ជំងឺ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​ពលករ​ចំណាកស្រុក​ទាំង​ក្នុង និង​ក្រៅប្រទេស រាប់​ពាន់​នាក់​បាន​វិល​ត្រឡប់​ចូល​មក​កាន់​ស្រុក​កំណើត​វិញ ដោយ​មិន​បានដឹង​ថា ក្នុង​ចំណោម​មនុស្ស​ទាំង​អស់នោះ​មាន​អ្នក​ផ្ទុកមេរោគ COVID-19 ឬ​អត់​នោះ​ទេ​។

លោកអភិបាល​ខេត្ត​បានបន្ត​ថា ដូច្នេះ​ដើម្បី​ទប់ស្កាត់​កុំអោយ​មានការ​ចម្លងជំងឺ​ប្រភេទ​នេះ ក៏ដូច​ជា​ដើម្បី​ជួយ​សង្គ្រោះ និង​ព្យាបាល​ដល់​​អ្នក​​ដែល​មាន​ផ្ទុក​ជំងឺ​នេះ​ឲ្យ​បាន​ទាន់​ពេលវេលា គណៈកម្មការ​ប្រយុទ្ធ នឹង​ជំងឺ COVID-19 ខេត្ត​ប៉ៃលិន បាន​ដាក់​ចេញ​នូវ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងសុខាភិបាល ដោយ​ទាំង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ មន្ត្រី​ជំនាញ​ពាក់​ពន្ធ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវ​រួម​គ្នា ចុះ​ផ្សព្វផ្សាយ​នៅ​តាម​ភូមិ និង​តាម​ខ្នង​ផ្ទះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង និង​ចូលរួម​បង្ការ និង​ទប់ស្កាត់​ជំងឺ COVID-19​នេះ​ទាំងអស់​គ្នា​។

​លោកអភិបាល​ខេត្ត​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ ដើម្បី​រួម​គ្នា​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ COVID-19 នៅ​ប្រទេស​កម្ពុជា ក្រសួងសុខាភិបាល​បាន​បញ្ចេញ​សារ​អប់រំ ជា​អាទិភាព​សំខាន់​ៗ​ចំនួន​៤ សម្រាប់​ប្រជាពលរដ្ឋ​អនុវត្តន៍ រួម​មាន​ ៖

​ទី​១-អ្នក​មក​ពី​បរទេស សូម​នៅ​តែ​ក្នុងផ្ទះ​ក្នុង​រយៈពេល​១៤​ថ្ងៃ ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ COVID-19 ចាប់ពី​ថ្ងៃ​ចូល​មក​ប្រទេស​កម្ពុជា​វិញ​, ​ទី​២-ប្រសិនបើ​លោក​អ្នក​មាន​រោគ​សញ្ញា​​ណាមួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ដូច​ជា​​ គ្រុនក្តៅ​យ៉ាងតិច​៣៨​អង្សា​សេ ក្អក ហៀរ​សំបោរ ឈឺបំពង់ក ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ផ្សេង​ទៀត សូម​ទាក់ទង​លេខ​ទូរស័ព្ទ​១១៥​ជា​បន្ទាន់​។

ទី​៣-ប្រសិនបើ​លោក​អ្នក​មាន​រោគ​សញ្ញា​យ៉ាងតិច​មួយ​ក្នុង​ចំណោម​សញ្ញា​ដូច​ជា​ គ្រុនក្តៅ​យ៉ាងតិច​៣៨​អង្សា​សេ ក្អក ហៀរ​សំបោរ ឈឺបំពង់ក ពិបាក​ដក ដង្ហើម និង​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ផ្សេង​ទៀត ក្នុងអំឡុងពេល​១៤​ថ្ងៃ មុន​ចេញ​រោគ​សញ្ញា សូម​ទាក់ទង​ទូរស័ព្ទ ១១៥​ជា​បន្ទាន់​។

ទី​៤-ប្រសិនបើ​លោក​អ្នក​បាន​ប៉ះពាល់ ឬ​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​អ្នកជំងឺ COVID-19 ដែល​បញ្ជាក់​ពី​មន្ទីរពិសោធន៍​ថា​វិជ្ជមាន សូម​ទាក់ទង​ទូរស័ព្ទ​លេខ ១១៥ ជា​បន្ទាន់ ដើម្បី​ទទួល​ការ​ពិភាក្សា​យោបល់​ថែទាំ​សុខភាព​​ ។

ក្នុង​ឱកាស​នោះ​​ដែរ ​លោក​ ផា​ន់ ចាន់​ធុ​ល អភិបាល​​ខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ COVID-19 ខេត្ត ក៏​បាន​ប្រគល់​ម៉ាស់​ចំនួន​៤​​០០០ម៉ាស់​ និង​​អាល់កុល​សំរាប់​លាងដៃ​ចំនួន​២០០​ដប ដល់​មន្ទីរ​សុខាភិបាល​ខេត្ត ដើម្បី​រួម​គ្នា​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ COVID-19​។​

សូម​បញ្ជាក់​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២០​នេះ នៅ​ខេត្ត​ប៉ៃលិន​មាន​ពលករ​ទើប​ត្រឡ​ប់​មក​ពី​ក្រៅប្រទេស​ចំនួន​៣០៥​នាក់ ស្រី​១៦២​នាក់ ដោយ​ក្នុង​នោះ ក្រុងប៉ៃលិន​ចំនួន​១៨៣​នាក់ ស្រី​១០០​នាក់ និង​ស្រុក​សាលា​ក្រៅ​ចំនួន​១២២​នាក់ ស្រី​៦២​នាក់ ៕ (កែសម្រួលដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ