ក្រោយពន្យារ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក ធ្វើ​ឱ្យ​ជប៉ុន​បន្ថែម​ការ​ចំណាយ​យ៉ាង​ធំធេង​


ការ​សម្រេច​ពន្យារពេល​ការ​រៀបចំ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ បាន​ធ្វើ​ឱ្យ​ប្រទេស​ជប៉ុន ត្រូវ​បន្ថែម​ការ​ចំណាយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​បន្ថែម​ទៀត ក្នុង​នោះ​អ្នក​រៀបចំ​ព្រឹត្តិការណ៍​នេះ បាន​កោះហៅ​ក្រុមការងារ​ដើម្បី​ចាប់ផ្តើម​ធ្វើ​ការងារ ដែល​មាន​ភាព​ស្មុគស្មាញ​មិន​ធ្លាប់​មាន​ពី​មុន​មក ។

ការ​សម្រេច​ជា​ប្រវត្តិសាស្ត្រ ដើម្បី​ពន្យារពេល​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ឆ្នាំ ២០២០ ដោយ​លើក​ទៅ​ធ្វើ​នៅ​រដូវក្តៅ​ឆ្នាំ ២០២១ ដោយសារ​តែ​ការ​រាតត្បាត​ខ្លាំង​នៃ​វីរុស Covid-19 នៅ​ទូ​ទាំង​ពិភពលោក កំពុង​តែ​ធ្វើ​ឱ្យ​អ្នក​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឈឺក្បាល​យ៉ាង​ខ្លាំង ។

នាយក​ប្រតិបត្តិ​កីឡា​អូ​ឡាំ​ពិ​ក​លោក Toshiro Muto បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ​លើក​ដំបូង​របស់​ក្រុមការងារ​ថា «​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន យើង​ត្រូវ​ធានា​ឱ្យ​បាន​នូវ​បញ្ហា​ដែល​យើង​អាច​ដោះស្រាយ​បាន ។ ការ​ចំណាយ​បន្ថែម​គឺ​ពិតជា​ធំធេង​ណាស់ ក្រោយ​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ពន្យារពេល ។ យើង​ត្រូវ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​នេះ​» ។

លោក Toshiro Muto មិន​បាន​ធ្វើការ​ប៉ាន់​ស្មានថា តើ​ដំណើរការ​នៃ​ការ​ពន្យារពេល​ការ​ប្រកួត​អូ​ឡាំ​ពិ​ក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​អាច​ចំណាយ​អស់​ប៉ុន្មាន​នោះ​ទេ​។

ប៉ុន្តែ​បើ​យោង​តាម​សារព័ត៌មាន​ក្នុងស្រុក Nikkei daily បានឱ្យ​ដឹង​ថា អ្នក​រៀបចំ​បាន​ប៉ាន់​ប្រមាណ​ថា វា​នឹង​ត្រូវ​ចំណាយ​ប្រាក់​បន្ថែមចំនួន ២,៧​ពាន់​លាន​ដុល្លារ​ដែល​ក្នុង​នោះ​រួម​មាន​សម្រាប់​ការ​ជួល​អាគារ​, ការ​កក់​សណ្ឋាគារ និង​ការ​បង់ប្រាក់​បន្ថែម​សម្រាប់​បុគ្គលិក និង​ផ្នែក​សន្តិសុខ ។ ប៉ុន្តែ​ការ​ចំណាយ​ទាំងនោះ នៅ​តែ​អាច​បន្ធូរបន្ថយ អាស្រ័យ​លើ​លទ្ធផល​នៃ​ការ​ចរចារ​ ៕ (ដកស្រង់​ចេញពី CNA)

កីឡាអន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ