កូរ៉េខាងត្បូង ៖ ប្រទេសកូរ៉េខាងត្បូង បានព្រមានថា ខ្លួននឹងនិរទេសជនបរទេស ខណៈដែលពលរដ្ឋរបស់ខ្លួនអាចប្រឈមនឹងការជាប់ពន្ធនាគារ ប្រសិនបើពួកគេរំលោភលើច្បាប់នៃការសំងំក្នុងផ្ទះ បន្ទាប់ពីមានការកើនឡើងនូវករណីកូវីដ១៩។
ក្រសួងសុខាភិបាលបាននិយាយថា ប្រទេសកូរ៉េខាងត្បូងបានរឹតបន្ដឹងច្បាប់ធ្វើដំណើរ សម្រាប់អ្នកធ្វើដំណើរមកពីប្រទេស ដែលទទួលរងនូវការផ្ទុះឡើងយ៉ាងខ្លាំង ដោយដាក់ពួកគេឱ្យនៅដាច់ពីគ្នារយៈពេល២សប្តាហ៍ ប៉ុន្តែយ៉ាងហោចណាស់មានមនុស្សចំនួន ១១នាក់បានរំលោភលើច្បាប់នេះ នៅចន្លោះថ្ងៃទី១៣ និងទី២៤ ខែមីនា។ គេមិនបានបញ្ជាក់ពីសញ្ជាតិរបស់ពួកគេទេ។
លោក Yoon Tae-ho អគ្គនាយកទទួលបន្ទុកគោលនយោបាយសុខភាពសាធារណៈ នៃក្រសួងសុខាភិបាលបានប្រាប់សន្និសីទកាសែតកាលពីម្សិលមិញថា៖ «យើងនឹងអនុវត្តគោលការណ៍មិនលើកលែងក្នុងការចាត់វិធានការប្រឆាំងនឹងអ្នកដែលចាកចេញពីកន្លែងដាក់នៅដាច់ដោយឡែក ដោយគ្មានហេតុផលត្រឹមត្រូវ» ។
ជនជាតិកូរ៉េខាងត្បូង ដែលល្មើសនឹងច្បាប់អាចត្រូវជាប់ពន្ធនាគាររហូតដល់១ឆ្នាំ និងពិន័យជាប្រាក់ ១០លានវ៉ុន (៨២៥៨ដុល្លារអាមេរិក)។
ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថា មានករណីឆ្លងវីរុសថ្មីចំនួន ១០៤ករណី កាលពីម្សិលមិញ យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ៕ ដកស្រង់ចេញពីវេបសាយ ៖ thestar (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ