ខេត្តព្រះសីហនុ ៖ នាថ្ងៃទី២៧ មីនា ឆ្នាំ២០២០ ស្របពេលដែលរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធកំពុងធ្វើយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅគ្រប់តំបន់ទូទាំងខេត្តព្រះសីហនុ បច្ចុប្បន្ននេះស្ថានភាពទូទៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូលគេសង្កេតឃើញថា មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការរក្សាអនាម័យ ។
ដោយឡែកនៅតាមទីប្រជុំជន ជាពិសេសនៅតាមផ្សារនីមួយៗនៅក្នុងទូទាំងខេត្តព្រះសីហនុ គេសង្កេតឃើញថា មានសកម្មភាពលក់ដូរច្រើនដែរ តែមិនសូវមានសកម្មភាពមមាញឹកអ៊ូអរដូចពីពេលមុននោះទេ ហើយជាមួយគ្នានោះនៅតាមទីផ្សារនានាក៏មានការបាញ់ថ្នាំកម្ចាត់មេរោគ ចំណែកបញ្ហាចរាចរណ៍របស់ប្រជាពលរដ្ឋដែលចូលទៅក្នុងទីផ្សារក៏មានការប្រុងប្រយ័ត្នពីអនាម័យផ្ទាល់ខ្លួនផងដែរ។
បើតាមអាជីវករដែលលក់ដូរនៅតាមទីផ្សារវាលវេញ ស្រុកព្រៃនប់ បានឲ្យកោះសន្តិភាពឱ្យដឹងថា បច្ចុប្បន្នការលក់ដូរមានស្ថានភាពធ្លាក់ចុះជាងលើកមុនច្រើន ដោយសារមានតែអ្នកលក់គ្មានអ្នកទិញ ហើយប្រការដែលមិនមានអ្នកទិញនេះ ជាពិសេសមិនសូវមានអ្នកធ្វើដំណើរក៏ដូចជាភ្ញៀវទេសចរឆ្លងកាត់ចេញចូលក្នុងខេត្តច្រើនដូចមុន ។
បើតាមអភិបាលស្រុកព្រៃនប់ លោក សរ កក្កដា បានថ្លែងថា នៅក្នុងទីរួមខេត្តក្រុងព្រះសីហនុគឺមានអ្នកផ្ទុកវីរុសមែន តែសម្រាប់តាមតំបន់ស្រុកមួយចំនួនក្នុងខេត្ត ជាពិសេសស្រុកព្រៃនប់នេះគឺមិនទាន់មានការរីករាលដាលឆ្លងដល់មនុស្សណាម្នាក់ឡើយ ស្របពេលដែលអ្នកផ្ទុកវីរុសនៅក្នុងក្រុងខេត្តព្រះសីហនុត្រូវបានរដ្ឋបាលខេត្តក៏ដូចជាអាជ្ញាធរពាក់ព័ន្ធរក្សាទុកនៅដាច់ដោយឡែក មិនអនុញ្ញាតឱ្យចេញចូលដោយសេរីឡើយ ដើម្បីព្យាបាលបន្តក្រោមការមើលថែយកចិត្តទុកដាក់ខ្ពស់100% មិនមានបញ្ហាប៉ះពាល់ដល់សុវត្ថិភាពប្រជាពលរដ្ឋដែលមិនមានផ្ទុកផ្ទុកជំងឺនេះទេ។
លោកអភិបាលស្រុកបានបន្តថា ទាំងនេះគឺជាកិច្ចការមួយទៀតរបស់លោកអភិបាលខេត្តក៏ដូចជាប្រមុខថ្នាក់ដឹកនាំជំនាញគ្រប់ស្ថាប័ន សមត្ថកិច្ច បានពន្យល់ដល់ប្រជាពលរដ្ឋ សូមឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តតាមអ្វីដែលជាវិធានការរបស់ក្រសួងសុខាភិបាលណែនាំអំពីសុវត្ថិភាពអនាម័យ ក្នុងនោះបណ្ដាកងកម្លាំងប្រដាប់អាវុធនិងស្ថាប័នពាក់ព័ន្ធរាប់ទាំងអាជ្ញាធរមូលដ្ឋានផងដែរ លោកនៅបន្តយ៉ាងយកចិត្តទុកដាក់ចុះផ្សព្វផ្សាយពីព័ត៌មានផ្សេងៗពាក់ព័ន្ធទៅនឹងរក្សាការពារទប់ស្កាត់ជំងឺកូវីដ-19 តាមមូលដ្ឋានគ្រប់តំបន់នៅក្នុងស្រុក ដើម្បីបញ្ជ្រាបដល់ការការពារជូនដល់ពលរដ្ឋដើម្បីស្វែងយល់បន្ថែមរួមគ្នាសហការគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជាក៏ដូចជាក្នុងស្រុកនិងខេត្តព្រះសីហនុទាំងមូល ។
លោកអភិបាលស្រុកបានបន្ថែមថា ក្រៅពីការចុះអប់រំផ្សព្វផ្សាយ អាជ្ញាធរមូលដ្ឋានដែលមានសហការពីមន្ត្រីមណ្ឌលសុខភាពបានចុះតាមដានគ្រប់ទីកន្លែងភូមិឃុំ ជាពិសេសពលរដ្ឋដែលមកពីឆ្ងាយឬក៏ចេញពីតំបន់ដែលមានកើតជំងឺកូវីដ-១៩ ដើម្បីពិនិត្យសុខភាពក៏ដូចជាវាស់កំដៅតាមដានសិក្សាការពារចៀសវាងការឆ្លងរីករាលដាលបន្ត៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ