មក​ដឹង​ពី​មេរៀន​សំខាន់​បំផុត​ដែល​មហាសេដ្ឋី បា​ហ្វេ​ត បង្រៀន​ដល់​កូនប្រុស


តើ​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ខុស​ប្លែក​ពី​អ្នក​ដទៃ? យោង​ទៅ​តាម​កូនប្រុស​របស់​លោក គឺ ភី​ធើ បា​ហ្វេ​ត (Peter Buffett) បាន​ឲ្យ​ដឹង​ថា​ចំណុច​នោះ គឺ​ការ​ដែល​លោក បា​ហ្វេ​ត ស្រលាញ់​ការងារ​របស់​លោក​ណាស់ ។

លោក ភី​ធើ បាន​សរសេរ​ក្នុង​សៀវភៅ Life Is What You Make It របស់​លោក​ដែល​បាន​ចេញផ្សាយ​កាលពី​ឆ្នាំ ២០១០ ថា​មេរៀន​ដ៏​សំខាន់​មួយ​ដែល​ឪពុក​របស់​លោក​បាន​បង្រៀន​ដល់​លោក គឺ​ក្រមសីលធម៌​ការងារ ។

លោក​បាន​សរសេរ​ថា «​សម្រាប់​ឪពុក​របស់ខ្ញុំ និង​ខ្ញុំ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ក្រមសីលធម៌​ការងារ​ដែល​ល្អ​ចាប់ផ្តើម​ជាមួយនឹង​ការ​ស្វែង​យល់​ខ្លួនឯង ការ​ស្វែង​យល់​ពី​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ធ្វើ ដែល​ធ្វើ​ឲ្យ​ការងារ មិន​ថា​វា​ពិបាក​ខ្លាំង​ប៉ុនណា​ទេ នឹង​ក្លាយជា​ការងារ​ដែល​សប្បាយ​ធ្វើ​» ។

ពេល​ដែល​លោក ភី​ធើ នៅ​វ័យក្មេង ឪពុក​របស់​លោក​ភាគច្រើន​ធ្វើការ​នៅផ្ទះ និង​ចំណាយ​រាប់​ម៉ោង​ក្នុង​បន្ទប់ធ្វើការ​របស់​លោក ។ ហើយ​នៅ​ពេល​ដែល​ឪពុក​របស់​លោក​ដើរ​ចេញពី​បន្ទប់ធ្វើការ ឪពុក​លោក​តែងតែមាន​អារម្មណ៍​ស្ងប់ ។

លោក ភី​ធើ គិត​ថា​ការ​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​បាន​ផ្តល់​ជា​អារម្មណ៍​សប្បាយ​រីករាយ​ដល់​ឪពុក​របស់​លោក ដែល​ធ្វើ​ឲ្យ​លោក​ប្រទះ​ឃើញ​ថា ការងារ​គួរតែ​មានការ​ទាមទារ​ខ្ពស់ ហើយ​ការងារ​គួរតែ​ធ្វើ​ឲ្យ​អ្នក​បំពេញ​វា​សប្បាយចិត្ត ។

លោក​មហាសេដ្ឋី បា​ហ្វេ​ត ជា​មនុស្ស​ដែល​តែងតែ​និយាយ​ម្តង​ហើយ​ម្តងទៀត​ថា​មនុស្ស​គួរតែ​ធ្វើ​អ្វី​តាម​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន ។ លោក​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ CNBC កាលពី​ឆ្នាំ ២០១២ ថា «​ខ្ញុំ​សំណាង​ណាស់​ដែល​រក​ឃើញ​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ពេល​ដែល​ខ្ញុំ​អាយុ ៧​ទៅ ៨​ឆ្នាំ ។ អ្នក​មិន​អាច​ធានា​ថា​អ្នក​អាច​រក​វា​ឃើញ​នៅ​ការងារ​ដំបូង​របស់​អ្នក​ទេ ។ ប៉ុន្តែ​ខ្ញុំ​តែងតែ​និយាយ​ប្រាប់​និស្សិត​ថា ពួក​គេ​គួរតែ​ជ្រើសរើស​ការងារ​ដែល​ពួក​គេ​នៅ​តែ​ជ្រើសរើស​ប្រសិនបើ​ពួក​គេ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ហើយ​» ។

លោក ភី​ធើ បាន​បន្ត​បកស្រាយ​ដែរ​ថា មនុស្ស​មួយ​ចំនួន​យល់​ច្រឡំ​រវាង​សីលធម៌​ការងារ និង​សីលធម៌​ទ្រព្យសម្បត្តិ ព្រោះ​អ្វី​ដែល​ពួក​គេ​គោរព​ពិតប្រាកដ​មិនមែន​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ទេ តែ​គឺ​ប្រាក់​ចំណូល​ច្រើន​ៗ​ដែល​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​អាច​នាំ​យក​មក​ឲ្យ​ពួក​គេ ។

ប៉ុន្តែ​លោក​បាន​និយាយ​ថា​ការ​គិត​ដូច្នេះ គឺ​មិនល្អ​ទេ​ព្រោះ​រង្វាន់​តែងតែ​អាច​បាត់បង់​ទៅ​គ្រប់ពេល ឧទាហរណ៍​ដូច​ជា​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ជាដើម ឬ​កត្តា​ទីផ្សារ​ដែល​មនុស្ស​មិន​អាច​គ្រប់គ្រង​បាន ៕
(យោង​តាម​ប្រភពពី www.cnbc.com )

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ