បណ្ដាប្រទេសអឺរ៉ុប ៖ យោងតាមតុល្យការផ្លូវការថ្មី ប្រទេសអ៊ីតាលីរយៈពេល២៤ម៉ោងចុងក្រោយនេះកត់សម្គាល់ឃើញអ្នកបាត់បង់ជីវិតថ្មី៦៨៣នាក់ដែលនាំឲ្យចំនួនអ្នកបាត់បង់ជីវិតសរុប ដោយសារវីរុសCOVID-19ឡើងដល់សរុប៧.៥០៣នាក់តាំងពីចាប់ផ្ដើមការឆ្លងរាលដាលមក។
ទោះបីយ៉ាងណាការកើននៃចំនួនអ្នកឆ្លង មកដល់ថ្ងៃទី២៥មីនានៅនឹង។ តុល្យការនោះបង្ហាញពីការកើននៃចំនួនអ្នកឆ្លងប្រមាណជា៧,៥% ៣ថ្ងៃជាប់គ្នា ដោយចំនួនអ្នកឆ្លងពេលនេះមានសរុបជិត៧៥.០០០នាក់។ អត្រាអ្នកឆ្លងនោះពិតជាមានទាបតាំងពីចាប់ផ្ដើមការឆ្លងវីរុសនៅអ៊ីតាលីមក។
តំបន់LOMBARDIEនាភាគខាងជើងប្រទេសនៅតែជាតំបន់ដែលរងប៉ះពាល់ខ្លាំងជាងគេ ជាមួយអ្នកបាត់បង់ជីវិត៤.៤៧៤នាក់ កើន២៩៦នាក់រយៈពេល២៤ម៉ោងចុងក្រោយនេះ។ បន្ទាប់មក គឺក្រុង EMILIE ROMAGNE ក្នុងតំបន់បូឡូញភាគខាងជើងប្រទេសជាមួយអ្នកបាត់បង់ជីវិត១.០៧៧នាក់។ តំបន់LOMBARDIEដែលមានក្រុងមីឡានផងដែរ ជាតំបន់មានអ្នកឆ្លងច្រើនបំផុតដល់ទៅសរុប៣២.៣៤៦នាក់ ក្នុងចំណោមអ្នកឆ្លងសរុប៧៤.៣៨៦នាក់ក្នុងទូទាំងប្រទេស។
យោងតាមការសិក្សាមួយរបស់ក្រុមប្រឹក្សាស្រាវជ្រាវជាតិថា ក្នុងចំណោមខេត្តទាំង១០៧របស់អ៊ីតាលី ខេត្ត៥៧ចំនួនអ្នកឆ្លងបានឡើងដល់កម្រិតកំពូលនៃការឆ្លងហើយ។
ជ្រួលច្របល់ក្នុងនាវាកម្សាន្តមួយក្រោយរកឃើញអ្នកឆ្លងម្នាក់
នាវាកម្សាន្តមួយដែលដឹកអ្នកដំណើរជាច្រើនរយនាក់បានចូលចតនាថ្ងៃទី២៥មីនា ក្នុងកំពង់ផែមួយជិតក្រុងរ៉ូម ក្រោយពីនារីម្នាក់ឆ្លងវីរុសCOVID-19 ត្រូវបាននាំចេញពីនាវានេះដោយពុំដឹងថាតើ មនុស្សឯទៀតៗក្នុងនាវានោះមានអ្នកឆ្លងដែរឬយ៉ាងណាឡើយ។
នារីដែលរកឃើញឆ្លងវីរុសជាជនជាតិអាហ្សង់ទីន។ អ្នកដំណើរ៧២៦នាក់ត្រូវបង្ខាំងឲ្យនៅក្នុងនាវា ក្រោយពីនារីអាយុ៦៣ឆ្នាំនេះត្រូវនាំចេញ្។ អ្នកដំណើរដទៃៗទៀតនិយាយថា ក្នុងនាវា មានមនុស្សច្រើននាក់មានអាការៈគ្រុនក្ដៅនិងក្អកតិចៗ ហើយទទួលថ្នាំប៉ារ៉ាសេតាមុលពីគ្រូពេទ្យប្រចាំនាវា។
អេស្ប៉ាញចំនួនអ្នកបាត់បង់ជីវិតមានលើសពីនៅចិន
ប្រទេសអេស្ប៉ាញនាថ្ងៃទី២៥ មីនា បានក្លាយជាប្រទេសទី២ ដែលរងការប៉ះពាល់ខ្លាំងបំផុត ដោយវីរុសCOVID-19 បើគិតពីចំនួនអ្នកបាត់បង់ជីវិត ខណៈមនុស្សជាង១ភាគ៣នៃប្រជាជនពិភពលោក ក្នុងនោះមានប្រជាជនឥណ្ឌា១,៣ពាន់លាននាក់ ស្ថិតក្រោមវិធានបង្ខាំងមិនឲ្យចេញក្រៅ ដែលបែបនេះនាំឲ្យមានផលវិបាកធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនិងសង្គម។ សរុបមនុស្សជិត៣ពាន់លាននាក់ ត្រូវស្នើឲ្យស្ថិតនៅក្នុងផ្ទះ។
នៅអេស្ប៉ាញមកដល់ថ្ងៃទី២៥ មីនា រាប់ឃើញអ្នកបាត់បង់ជីវិត៣.៤៣៤នាក់ដោយសារវីរុស ដែលនៅតិចជាងអុីតាលីតែលើសពីនៅចិនដីគោក។ ដោយខ្វះបណ្ដាឧបករណ៍សំខាន់ៗ ដូចជាម៉ាស ស្រោមដៃ ប្រដាប់ជំនួយដកដង្ហើមឧបករណ៍ធ្វើតេស្តជាដើម អេស្ប៉ាញនឹងទិញសម្ភារពេទ្យពីចិន មានតម្លៃប្រមាណជា៤៣២លានដុល្លារ។
នៅអេស្ប៉ាញក៏ដូចជានៅក្នុងបណ្ដាប្រទេសអឺរ៉ុបដទៃៗទៀតដែលរងការការប៉ះពាល់ដែរ បណ្ដាមន្ទីរពេទ្យមានអ្នកជំំងឹពេញហៀរ ហើយបណ្ដាបុគ្គលិកពេទ្យកាន់តែមានភាពហេវហត់បាក់កម្លាំងរួចឆ្លងវីរុស ដោយសារខ្វះឧបករណ៍ការពារ។ បុគ្គលិកពេទ្យជាច្រើនបានយំ ព្រោះតែឃើញមនុស្សទាំងឡាយបាត់បង់ជីវិតតែម្នាក់ឯងពុំមានសាច់ញាតិបងប្អូននៅក្បែរ
ព្រោះអង្គម្ចាស់ឆាលអង់គ្លេសឆ្លងវីរុស
ព្រះអង្គម្ចាស់ឆាលនៃចក្រភពអង់គ្លេស ព្រះជន្ម៧១ព្រះវស្សា ធ្វើតេស្តឃើញឆ្លងវីរុសCOVID-19។ ការប្រកាសនាថ្ងៃទី២៥ ខែមីនាថា ព្រះអង្គម្ចាស់ឆាលឆ្លងវីរុស នាំឲ្យមានការភ្ញាក់ផ្អើលខ្លាំងក្នុងប្រទេស ដែលពេលនេះត្រូវបានបិទបង្ខាំងមិនឲ្យមនុស្សចេញក្រៅផ្ទះ។ ព្រះមហាក្សត្រីយានីអេលីហ្សាបែតទី២ ព្រះជន្ម៩៣ព្រះវស្សទ្រង់ជ្រាបពីព្រះអង្គម្ចាស់ឆាលឆ្លងវីរុសពីមាត់របស់បុត្រាច្បងនោះរបស់ទ្រង់ផ្ទាល់៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ