ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​១៨០​នាក់​ត្រូវ​រស់នៅ​ដាច់​ដោយ​ឡែក​១៤​ថ្ងៃ ដើម្បី​តាមដាន​រក​វីរុស​​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ក្នុង​កិច្ចប្រជុំ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19 ដោយ​បាន​ធ្វើ​ឡើង​នៅ​សាលាស្រុក​បា​ធា​យ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២០ ក្នុង​នោះ​អាជ្ញាធរ​ខេត្ត…

ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ក្នុង​កិច្ចប្រជុំ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19 ដោយ​បាន​ធ្វើ​ឡើង​នៅ​សាលាស្រុក​បា​ធា​យ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២០ ក្នុង​នោះ​អាជ្ញាធរ​ខេត្ត បានឱ្យ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នៅ​មូលដ្ឋាន​ត្រូវ​សហការ​ជាមួយ​មេឃុំ ដើម្បី​ធ្វើការ​តាមដាន​ពលករ​ចំនួន​១៨០​នាក់ ដែល​ទើបនឹង​ត្រឡប់​មក​ពី​ធ្វើការ​នៅ​បរទេស ។ ពោល​គឺ​ឲ្យ​រស់នៅ​ដាច់​ដោយឡែក​ពី​សមាជិក​ក្រុម​គ្រួសារ ដើម្បី​តាមដាន​រក​មើល​អ្នក​ផ្ទុក Covid-19​។

លោក​ផេ​ន សុផល អភិបាល ស្រុក​បា​ធា​យ បាន​លើក​ឡើង​ថា ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ប្រសាសន៍​ណែនាំ​ពី​លោក អ៊ុ​ន ចាន់​ដា អភិ​បាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ស្រុក​បាន​ខិតខំ​ធ្វើការ​ប្រជុំ​ផ្សព្វផ្សាយ និង​តាមដាន​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ចំណូលស្រុក​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស ជាប់​ជា​ប្រចាំ ជាក់ស្ដែង​គិត​មក​ត្រឹម​ថ្ងៃ​ទី​២៥ មីនា ចំណូលស្រុក​សរុប​មាន​ចំនួន​២២៥​នាក់​ក្នុង​នោះ​ចំណូលស្រុក​ក្នុង​ប្រទេស​មាន​ចំនួន​៤៥​នាក់ និង​ចំណូលស្រុក​មក​ពី​ក្រៅប្រទេស​មាន​ចំនួន​១៨០​នាក់ ។ ប៉ុន្តែ​មិន​ទាន់​មាន​មុខ​សញ្ញា​សង្ស័យ​ណាមួយ​នៅឡើយ​ទេ​។

លោក​កែវ នា​ឬ​ទ្ធិ អភិ​ប​ល រង​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ប្រសិនណាបើ​មានការ​សង្ស័យ​ទៅ​លើ​ពលករ​ចំណូលស្រុក​មក​ពី​បរទេស​ណា​ម្នាក់ ត្រូវ​តែ​យក​ចេញពី​សហគមន៍​មក​កាន់​មណ្ឌល​សុខភាព ឬ​ក៏​មន្ទីរពេទ្យ​បង្អែក​ស្រុក ដោយ​ដាក់​នៅ​ដាច់​ដោយឡែក​ពី​គេ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មានការ​ចម្លងជំងឺ​។ ជាមួយ​នោះ​ដែរ មន្ត្រីឃុំ និង​មន្ត្រី​បម្រើ​ការងារ​នៅ​តាម​មណ្ឌល​សុខភាព ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​ពាក់​ម៉ាស​ការពារ ដើម្បី​កុំឱ្យ​ឆ្លង​ជំងឺ​Covid-19 ប្រយោជន៍​ជៀសវាង​កុំ​ឲ្យ​ឆ្លង​នៅ​ក្នុង​សហគមន៍​។

លោក​កែវ នា​ឬ​ទ្ធិ អភិបាលរង​ខេត្ត មាន​ប្រសាសន៍​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​កត្តា​អាកាស​ធាតុ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ក្តៅ ហើយ​មេរោគ​នេះ​ឆាប់​ងាប់ តែ​ក៏​មិន​ត្រូវ​ធ្វេសប្រហែស​ដែរ បើ​តំបន់​ត្រជាក់​នៅ​អឺរ៉ុប​វិញ មេរោគ​នេះ​រស់នៅ​បានជា​ច្រើន​ម៉ោង​។ ហើយដោយ​ទទួល​បានការ​ណែនាំ​ពី​សំណាក់​លោក​អភិបាលខេត្ត អាជ្ញាធរ​មូលដ្ឋាន រួម​នឹង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១២​ឃុំ ត្រូវ​បន្តសកម្មភាព​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​វិធានការ​ការពា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19 ក្នុង​នោះ​ត្រូវ​ណែនាំ​ដល់​ពលករ​ទាំង​១៨០​នាក់ ដែល​ត្រឡប់​មក​ពី​ធ្វើការ​នៅ​បរទេស​ធ្វើ​យ៉ាងណា​ឧស្សាហ៍​​លាងដៃ​នឹង​សាប៊ូ ឬ​ជែ​ល និង​ពាក់​ម៉ាស់ ដើម្បី​ការពារ​ខ្លួនឯង​និង​អ្នក​ដទៃ​។

ជាមួយ​នោះ តាម​រយៈ​ការ​ចាក់​ស្ព​ត​ជា​សំឡេង អប់រំ​ដោយ​បាន​ធ្វើ​ឡើង​គ្រប់​ឃុំ​នៅ​ក្នុងស្រុក​បា​ធា​យ ហើយ​ប្រជាពលរដ្ឋ​កាន់តែ​មានការ​យល់​ដឹង​ច្រើន​ឡើង​ៗ​។ សព្វថ្ងៃ​បើ​ក្រឡេក​ទៅ​មើល​ប្រទេស​​អ៊ី​តា​លី ប្រជាពលរដ្ឋ​បាត់បង់​ជីវិត​ច្រើន ដោយសារ​តែ​ពលរដ្ឋ​របស់​ខ្លួន​មិន​គោរព​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ដូច​ជា មានការ​បំពាន​ជួបជុំ​គ្នា​ផឹកស៊ី​ជាដើម ចំណែក​នៅ​សហរដ្ឋអាមេរិក​វិញ ក៏​មាន​អត្រា​ការ​ឆ្លង​ជំងឺ Covid-19 ច្រើន និង​បណ្ដាល​ឱ្យ​បាត់បង់​ជីវិត​ជា​បន្តបន្ទាប់ ហើយ​មេរោគ​នេះ​បន្សំ​ខ្លួន​ទៅ​នឹង​អាកាសធាតុ​ត្រជាក់​ដោយ​រស់នៅ​បានជា​ច្រើន​ម៉ោង​ថែម​ទៀត​។

លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់​ទៀត​ថា ប្រសិនណាបើ​មាន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ភូមិ​-​ឃុំ​ណាមួយ​ក្នុងស្រុក​បា​ធា​យ មាន​បញ្ហា​សុខភាព​មិន​ស្រួល​ត្រូវ​ប្រញាប់​មក​កាន់​មណ្ឌល​សុខភាព ដែល​អាច​នឹង​ត្រូវ​បញ្ជូន​បន្ត​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក ។​សព្វថ្ងៃ​ម៉ាស​លក់​នៅ​លើ​ទីផ្សារ​ថ្លៃ​ហើយ ប្រសិនបើ​យើង​មិន​មាន​ម៉ាស​ប្រើ​អាច​ប្រើ​ក្រមា​ខ្មែរ​ជំនួស​ក៏​បាន​ដែរ​។

រូប​លោក​សូម​ស្នើ​សុំ​ឲ្យ​លោក​វរសេនីយ៍ឯក សំ ណា​ល អធិការ​នគរបាល​ស្រុក​បា​ធា​យ ត្រូវ​តាមដាន​ពិនិត្យ​មើល​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១២​ឃុំ ត្រូវ​រួម​សហការ​ជាមួយ​លោក​មេ​ភូមិ​មេឃុំ ដោយ​ចុះ​អប់រំ​ពលករ​ដែល​មក​ពី​បរទេស មិន​ឲ្យ​មានការ​ជួបជុំ​គ្នា​ផឹកស៊ី ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មានការ​ឆ្លង​ជំងឺ​នៅ​ក្នុង​សហគមន៍​។

ដោយឡែក​សហជីព​វិញ ក៏​បាន​ចូលរួម​ផ្សព្វផ្សាយ​អប់រំ​ទៅ​ដល់​កម្មករ កម្មការិនី​បម្រើ​ការងារ​នៅ​តាម​រោងចក្រ​នៅ​ក្នុងស្រុក​បា​ធា​យ បាន​គ្រប់កន្លែង ប្រសិនណាបើ​យើង​សហការ​គ្នា​ធ្វើ​បាន​ល្អ​យ៉ាង​ម៉ត់ចត់​រំពឹង​ថា នៅ​ក្នុង​ខែមេសា​ខាង​មុខ​នេះ នឹង​កាត់​បន្ថយ​ជំងឺ Covid-19 ឲ្យ​មានការ​ថមថយ​។ ហើយ​ការិយាល័យ​សុខាភិបាល​ស្រុក​បា​ធា​យ ត្រូវ​តែ​ដោះស្រាយ​ជា​បន្ទាន់​ដោយ​ទិញ​អាកុល ឬ​ជែ​ល មក​ប្រើប្រាស់​នៅ​តាម​ការិយាល័យ និង​ដាក់​នៅ​តាម​មណ្ឌល​សុខភាព ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មក​រក​សេវា​សុខាភិបាល បាន​ប្រើ​លាងដៃ​សម្អាត​សម្លាប់​មេរោគ ហើយ​សូម​ឱ្យ​អាជ្ញាធរ​ភូមិ​-​ឃុំ​-​ស្រុក រួម​ទាំង​ខេត្ត ត្រូវ​សហការ​គ្នា​ឲ្យ​បាន​ល្អ​ប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ