រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលនឹងប្រកាសអាសន្ន បើសិនករណីឆ្លងរីករាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងដូចបណ្តាប្រទេសមួយចំនួននោះ ។ នេះបើតាមសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ យោងតាមកិច្ចបទសម្ភាសន៍ខ្លីមួយជាមួយអ្នកសារព័ត៌មាន នៅខេត្តបាត់ដំបង ក្រោយបញ្ចប់ជំនួបសំណេះសំណាលជាមួយមន្ដ្រីរាជការ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានអះអាងយ៉ាងដូច្នេះថា ៖«ប្រសិនបើចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតែបន្ដកើនឡើងចៀសមិនផុតពីការដាក់ប្រទេសកម្ពុជា ក្នុងគ្រាអាសន្ននោះទេ» ។
សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹង កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ថា មកដល់ពេលនេះ គឺមិនទាន់មានទេ «ដាក់ប្រទេសក្នុងគ្រាមានអាសន្ន» ប៉ុន្ដែសម្ដេចតេជោ លោកមានប្រសាសន៍ថា កំពុងពិចារណា ខ្ញុំគិតថា ប្រសិនណាជាស្ថានភាពនេះវាកាន់តែរីកចំនួនអ្នកផ្ទុកមេរោគនេះកូវីដ១៩នេះចៀសមិនផុតទេ ប៉ុន្ដែក្នុងស្ថានភាពបច្ចុប្បន្នក្នុងកម្រិតប៉ុណ្ណឹង ប្រហែលជាមិនទាន់មានទេ ។
បើតាមសម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថាទៀតថា រហូតមកដល់ពេលនេះតាមតួលេខដែលសម្ដេចទទួលបានពីអគ្គស្នងការនគរបាលជាតិ ចំនួនពលករខ្មែរ ដែលបានចាកចេញពីប្រទេសថៃ ក្រោយប្រទេសមួយនេះបានប្រកាសបិទព្រំដែនបណ្ដោះអាសន្នជាមួយកម្ពុជា មានចំនួនប្រមាណ២១,០០០នាក់ ។ ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឲ្យអភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវធ្វើការស្រង់បញ្ជីចំនួនពលករដែលត្រឡប់មកពីប្រទេសថៃឲ្យបានច្បាស់លាស់ ៕
ចែករំលែកព័តមាននេះ