ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​៤​ខណ្ឌ​ប្រដេញ​តាម​ចាប់​រថយន្ត​១​គ្រឿង ក្រោយ​បង្ក​គ្រោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​បើក​បរ និង​រួម​ដំណើរ​ដោយ​តៃកុង​វ័យក្មេង​2​នាក់ បាន​បើក​ទៅ​កៀរ​នឹង​រថយន្ត​Lexus R300 មួយ​គ្រឿង បណ្តាល​ឱ្យ​ដាច់​កញ្ចក់​ឆ្លុះ​មើល​ក្រោយ​មួយ​ចំហៀង ហើយ​មិន​ព្រម​ឈប់​ដោះស្រាយ​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​បើក​បរ និង​រួម​ដំណើរ​ដោយ​តៃកុង​វ័យក្មេង​2​នាក់ បាន​បើក​ទៅ​កៀរ​នឹង​រថយន្ត​Lexus R300 មួយ​គ្រឿង បណ្តាល​ឱ្យ​ដាច់​កញ្ចក់​ឆ្លុះ​មើល​ក្រោយ​មួយ​ចំហៀង ហើយ​មិន​ព្រម​ឈប់​ដោះស្រាយ​នោះ​ទេ បែរជា​ព្យាយាម​រត់គេច​ខ្លួន​ទៅ​វិញ ទើប​ក៏​ត្រូវ​រថយន្ត​ជន​រង​គ្រោះ​ដេញ​តាម​ឃាត់ និង​ស្រែក​ឱ្យ​សមត្ថកិច្ច​ល្បាត​នៅ​តាម​ដងផ្លូវ​ជួយ​ឃាត់ ក៏​រថយន្ត​បង្ក​នោះ​នៅ​តែ​មិន​ឈប់​ទៀត លុះ​រហូត​ដល់​សមត្ថកិច្ច​ស្រែក​តាម​វិទ្យុទាក់ទង​ឱ្យ​សមត្ថកិច្ច​នៅ​តាម​បណ្តា​ខណ្ឌ​ជួយ​ឃាត់ បង្ក​ឱ្យ​ផ្អើល​សមត្ថ​កិច្ច​អស់​4​ខណ្ឌ ហើយ​ប្រើ​ពេល​ជាង​កន្លះ​ម៉ោង ទើប​ឃាត់​រថយន្ដ​បង្ក​បាន បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល កាលពី​យប់​ថ្ងៃ​ទី​២៦ ខែមីនា​នេះ នៅ​ជិត​នឹង​វត្ត​អង្គ​តា​មិ​ញ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឱ្យ​ដឹង មុន​កើតហេតុ គឺ​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​ពណ៌​ទឹកប្រាក់ អត់​មាន​ស្លាក​លេខ បើកបរ នឹង​រួម​ដំណើរ​ដោយ​តៃកុង​វ័យក្មេង​២​នាក់ បាន​បើក​ទៅ​កៀរ​នឹង​រថយន្ត Lexus RX300 មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ បណ្តាល​ឱ្យ​ដាច់​កញ្ចក់​ឆ្លុះ​មើល​ក្រោយ​ខាងស្តាំ​មួយ​ចំហៀង នៅ​ផ្លូវ​ទួល​ពង្រ ជិត​នឹង​វត្ត​អង្គ​តា​មិ​ញ ។

សមត្ថកិច្ច​បន្ត​ថា ហើយ​បង្កហេតុ​រួច រថយន្ដ​បង្ក​នោះ​មិន​ព្រម​ឈប់​ដោះស្រាយ​ទេ បែរជា​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន ក៏​ត្រូវ​បាន​រថយន្ត​ជន​រង​គ្រោះ​ប្រដេញ​តាម​ឃាត់​ពីក្រោយ និង​បាន​ស្រែក​ឱ្យ​កម្លាំង​ល្បាត​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជួយ​ឃាត់​រថយន្ដ​បង្ក​នោះ​ផង តែ​រថយន្ត​បង្ក​នោះ​នៅ​តែ​មិន​ព្រម​ឈប់ ថែម​ទាំង​កៀរ​ម៉ូតូ​សមត្ថកិច្ច​ឱ្យ​ដួល​រង​របួស​ថែម​ទៀត រួច​ក៏​ព្យាយាម​បើក​រត់គេច​បន្ត​ឆ្លង​ចូល​ទឹកដី​ខណ្ឌ​សែន​សុខ ។

សមត្ថកិច្ច​បន្ត​ទៀត​ថា ក្រោយមក​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្រែក​តាម​វិទ្យុទាក់ទង​ឱ្យ​ជួយ​ឃាត់​រថយន្ត​បង្ក​នោះ ទើប​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ចេញ​ម៉ូតូ​ប្រដេញ​តាម​ជួយ​ឃាត់ ប៉ុន្តែ​រថយន្ត​នោះ​នៅ​តែ​មិន​ព្រម​ឈប់ ដោយ​បាន​បើក​រត់​បន្ត​ឆ្លង​ចូល​ខណ្ឌមានជ័យ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយមក​ក៏​ផ្អើល​សមត្ថកិច្ច​ខណ្ឌមានជ័យ​ដេញ​តាម​ជួយ​ឃាត់​ទៀត ចំណែក​រថយន្ត​បង្ក​ដដែល​នោះ​នៅ​តែ​មិន​ព្រម​ឈប់ តែ​ថែម​ទាំង​បន្ថែម​ល្បឿន​រថយន្ត​កាន់តែ​លឿន​បើក​ទៅ​វិញ លុះ​រហូត​ឆ្លង​ចូល​ខណ្ឌដង្កោ ក៏​ផ្អើល​សមត្ថកិច្ច​ខណ្ឌដង្កោ​ទៀត ជួយ​ដេញ​តាម​ឃាត់​ទៀត រហូត​ដល់​វត្ត​ឫស្សី​សាញ់ ធ្លា​យមក​ដល់​ផ្លូវ​ព្រៃ​.​ស រថយន្ត​បង្ក​នោះ​ក៏​បត់​ឡើង​ទៅ​តាម​ផ្លូវ​50​ម៉ែត្រ រួច​ឡើង​ទៅ​ស្តុ​ប​កា​រ៉េ​បី ក៏​បត់​ចូល​ផ្លូវ​217 សំដៅ​មក​ខាង​ស្ពានដែក​ចំការ​ដូង​វិញ ហើយ​សមត្ថកិច្ច​ដែល​ជិះ​ម៉ូតូ​ប្រដេញ​ក៏​បាន​ព្យាយាម​ឡើង​អែប និង​ស្រែក​ឱ្យ​រថយន្ត​បង្ក​ឈប់ បែរជា​រថយន្ត​បង្ក​កៀរ​ទាំង​ម៉ូតូ​សមត្ថកិច្ច​ទៀត​ធ្វើ​ឱ្យ​ដួល បណ្តាល​ឱ្យ​មាន​អ្នក​រង​របួសស្រាល និង​ខូចខាត​សម្ភារៈ​មួយ​ចំនួន​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយមក​រថយន្ត​បង្ក​នោះ​បាន​បើក​មក​ដល់​មុខ​វត្ត​សំបួរមាស ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បង្កក់ និង​ឃាត់​រថយន្ដ​ធន់​ធំ​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ឱ្យ​ឈប់ បណ្តាល​ឱ្យ​មានការ​ស្ទះផ្លូវ ទើប​ធ្វើ​ឲ្យ​រថយន្ត​បង្ក​អស់​ផ្លូវ​ទៅ​មុខ​ទៀត រួច​ក៏​ឈប់​រថយន្ដ​បើកទ្វារ​ចុះ​ក្នុង​បំណង​ចង់​រត់គេច​ខ្លួន តែ​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ទាំង​៤​ខណ្ឌ តាម​ឃាត់​បាន​ទាំង​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ភ្លាម​ៗ​តែ​ម្តង រួច​ក៏​នាំ​ទៅ​កាន់​អធិកា​ដ្ឋា​ន​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​សាកសួរ​នាំ​បន្ត​។

ក្នុង​ប្រតិបត្តិការ​អន្តរាគមន៍​ដេញ​ឃាត់​រថយន្ដ​បង្ក​នេះ សមត្ថកិច្ច​ប្រើ​រយៈពេល​អស់​ជាង​កន្លះ​ម៉ោង ទោះបី​ឃាត់​រថយន្ដ​បង្ក​ជាប់ និង​បណ្តាល​ឱ្យ​សមត្ថកិច្ច​ដែល​ប្រដេញ មាន​អ្នក​របួស និង​ខូចខាត​សម្ភារៈ ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ឃាត់​រថយន្ដ​បង្ក​ជាប់ ទាំង​រថយន្ត​បង្ក រួម​ទាំង​អ្នកបើកបរ​ទាំង​២​នាក់​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​ទៅ​កាន់​អធិកា​ដ្ឋា​ន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ​នាំ និង​ដោះស្រាយ​គ្នា​នៅ​ពេ​ជួយ​រថយន្ត​រង​គ្រោះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ